បង្កើន​ចំណេះ​ដឹង​​ផ្នែក​ព័ត៌មាន​ដល់​​យុវជន​និង​មន្ត្រី​មូលដ្ឋាន

លោក​ ប៊ុត ជិ នាយក​មជ្ឈមណ្ឌលសិក្សា​ស្រាវជ្រាវ និង​អភិបាលកិច្ច នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងបើក​សន្ទរកថា ក្នុង​វគ្គបណ្ដុះ​បណ្ដាល សារព័ត៌មាន​ប្រជាពលរដ្ឋ និង​បច្ចេកវិទ្យា , ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៤​
រូបភាព:វិទ្យាស្ថានបើកទូលាយ
វិទ្យាស្ថាន​បើកទូលាយ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​​៤នេះ​​ នៅ​ក្រសួង​មហាផ្ទៃ​មាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ដែល​មាន​រយៈ​​ពេល​បី​ថ្ងៃ​  ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​ក្រុម​យុវជន​ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​​លើ​ការងារ​ប្រមូល​ និង​ផ្សព្វផ្សាយ​​ព័ត៌មាន​ និង​បច្ចេកវិទ្យា​ព័ត៌មាន​។​


    ​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​​​​​លោក​ ប៊ុត ជិ​ នាយក​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​​អភិបាល​កិច្ច​ល្អ​នៃ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា​ ​វគ្គ​នេះ​ពិត​ជា​មាន​សារ​​សំខាន់​​បំផុត​សម្រាប់​សិក្ខាកាម​ជា​មន្ត្រី​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​យុវជន​​ក្នុង​ការងារ​ផ្សព្វផ្សាយ​​ព័ត៌មាន​ប្រចាំ​​ថ្ងៃ។​
    លោក​បាន​​បញ្ជាក់​ថា​​ មាតិកា​ក្នុង​វគ្គ​នេះ​​ពិត​ជា​មាន​សារប្រយោជន៍​ ដោយ​លោក​លើក​ឡើង​ថា​« យើង​ធ្វើសកម្មភាព​ជា​ច្រើន​ ហើយ​បើ​យើង​មិន​​ចេះ​សរសេរ​​និង​ផ្សព្វផ្សាយ​ទេ​ ​នោះ​គេ​មិន​ដឹង​ថា​យើង​បាន​ធ្វើ​​អ្វី​​​​​នោះ​ទេ»។
    ​លោក​បាន​បន្ត​ថា​ បើ​ទោះ​ជា​អ្នក​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​​មិន​មែន​ជា​អ្នក​សារព័ត៌មាន​​ក៏​ដោយ​ ក៏​ពួក​គេ​អាច​សរសេរ​​និង​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ដែរ​។


    វគ្គ​នេះ​បាន​​ផ្ដោត​​លើ​ប្រធាន​បទ​​សំខាន់ៗ​ជា​​ច្រើន​ដូច​ជា​ ការ​សរសេរ​ព័ត៌មាន​ទាន់​ហេតុការណ៍​ និង​អ្វី​ជា​រូប​ថត​ព័ត៌មាន​ សេចក្ដី​ប្រកាស​ព័ត៌មាន​ និង​ការ​ធ្វើ​ការងារ​​ជា​មួយ​អ្នក​សារព័ត៌មាន​​ប្រកប​ដោយ​ជោគជ័យ​​ដោយ​រួម​ទាំង​ច្បាប់​ និង​ក្រមសីលធម៌​ទាក់​ទង​នឹង​អត្ថបទ និង​រូប​ភាព​ ដើម្បី​ជៀស​វាង​បណ្ដឹង​តុលាការ​ និង​ការ​តវ៉ា​ពី​ពលរដ្ឋ​ផង​ដែរ​​។


    សិក្ខាកាម​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដោយ​រួម​​ទាំង​ព្រះសង្ឃ​​មួយ​អង្គ​ផង​ បាន​និមន្ត​និង​មក​ពី​ខេត្ត​ក្រុង​ចំនួន​៤​។​
    ​គួរ​​បញ្ជាក់​ថា​​​ វគ្គ​បណ្ដុះ​បណ្ដាល​នេះ​​បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ក្រសួង​មហាផ្ទៃ​។
    លោក​ស្រី សុក សុគន្ធា​​ មន្ត្រី​គ្រប់គ្រង​កម្មវិធី​​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​បាន​និយាយ​ថា​ ដោយ​សារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិបាលកិច្ច​មាន​គោលដៅ​​ដូច​គ្នា​នឹង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ទើប​អង្គការ​​វិទ្យាស្ថាន​បើក​ទូលាយ​​​បាន​សហការ​រៀប​ចំ​វគ្គ​នេះ​ឡើង។ លោក​​ស្រី​បាន​បន្ត​ថា​​ អង្គការ​វិទ្យាស្ថាន​បើក​​ទូលាយ​​នឹង​​សហការ​ជាមួយ​មជ្ឈមណ្ឌល​​នេះ​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​។​
    
    យោង​តាម​​កម្មវិធី​បណ្ដុះបណ្ដាល​ បាន​ឲ្យ​ដឹង​ថា​​ក្រៅ​ពី​មាន​ការ​អនុវត្ត​​សរសេរ​ព័ត៌មាន​​​ជាក់​​ស្ដែង​នោះ​ សិក្ខាកាម​​ក៏​នឹង​ទទួល​បាន​​ការ​បង្ហាញ​ពី​របៀប​ដំឡើង​​កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ​​ជា​ទម្រង់​យូនីកូដ​ខ្មែរ និង​កម្មវិធី​រុករក​ព័ត៌មាន​​ជា​ភាសាខ្មែរ​​នៅ​​​ក្នុង​អ៊ីនធឺណិត​ផង​ដែរ​។
    គួរ​បញ្ជាក់​​ដែរ​ថា​​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ គឺ​ជា​ផ្នែក​នៃ​កម្មវិធី​​​ជា​ប្រព័ន្ធ​ដោយ​មាន​​វគ្គ​បណ្ដុះបណ្ដាល​ពីរ​ជា​បន្តបន្ទាប់​​ដែល​​បាន​ធ្វើ​ជា​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ​​ហើយ​ដែល​វគ្គ​នេះ​បាន​ធ្វើ​ឡើង​​​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​អភិបាលកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​៕​​
សម្រាប់ជា​ភាសាអង់គ្លេស​សូមចុចទីនេះ

  1. របៀប​វា​រៈវគ្គបណ្ដុះបណ្ដាល
  2. ការសសេរ​សេចក្ដី​ប្រកាសព័ត៌មាន
  3. រូប​ភាព​សម្រាប់​សារព័ត៌មាន
  4. ច្បាប់ និង ក្រម​សីលធម៌សារព័ត៌មាន គោល​នយោបាយ និង ស្ទាយ
  5. ការ​ធ្វើការ​ជា​មួយ​អ្នក​សារព័ត៌មាន​
  6. ប្រសិទ្ធ​ភាព​ទំនាក់​ទំនង
  7. ការ​ប្រើ​ប្រាស់​កម្មវិធីការិយាល័យខ្មែរ យូនីកូដ ស្លឹករឹត
  8. ការ​ណែនាំឲ្យ​ស្គា់​ពី អ៊ីន​ធឺណិត
  9. ការ​បង្កើតគណនេយ្យ  Gmail និង កំណត់​ហេតុ​បណ្ដាញ​ផ្តាល់ខ្លួន

រូបភាព​វគ្គបណ្ដុះបណ្ដាល

កម្ពុជា