វិទ្យាស្ថានបើកទូលាយ ៖ នៅព្រឹកថ្ងៃទី៤នេះ នៅក្រសួងមហាផ្ទៃមានបើកវគ្គបណ្ដុះបណ្ដាលមួយដែលមានរយៈពេលបីថ្ងៃ ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមយុវជន និងមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់លើការងារប្រមូល និងផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាព័ត៌មាន។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះលោក ប៊ុត ជិ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចល្អនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វគ្គនេះពិតជាមានសារសំខាន់បំផុតសម្រាប់សិក្ខាកាមជាមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ និងយុវជនក្នុងការងារផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ។
លោកបានបញ្ជាក់ថា មាតិកាក្នុងវគ្គនេះពិតជាមានសារប្រយោជន៍ ដោយលោកលើកឡើងថា« យើងធ្វើសកម្មភាពជាច្រើន ហើយបើយើងមិនចេះសរសេរនិងផ្សព្វផ្សាយទេ នោះគេមិនដឹងថាយើងបានធ្វើអ្វីនោះទេ»។
លោកបានបន្តថា បើទោះជាអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះមិនមែនជាអ្នកសារព័ត៌មានក៏ដោយ ក៏ពួកគេអាចសរសេរនិងផ្សព្វផ្សាយព័ត៌មានបានដែរ។
វគ្គនេះបានផ្ដោតលើប្រធានបទសំខាន់ៗជាច្រើនដូចជា ការសរសេរព័ត៌មានទាន់ហេតុការណ៍ និងអ្វីជារូបថតព័ត៌មាន សេចក្ដីប្រកាសព័ត៌មាន និងការធ្វើការងារជាមួយអ្នកសារព័ត៌មានប្រកបដោយជោគជ័យដោយរួមទាំងច្បាប់ និងក្រមសីលធម៌ទាក់ទងនឹងអត្ថបទ និងរូបភាព ដើម្បីជៀសវាងបណ្ដឹងតុលាការ និងការតវ៉ាពីពលរដ្ឋផងដែរ។
សិក្ខាកាមជាមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការមិនមែនរដ្ឋាភិបាល ដោយរួមទាំងព្រះសង្ឃមួយអង្គផង បាននិមន្តនិងមកពីខេត្តក្រុងចំនួន៤។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ។
លោកស្រី សុក សុគន្ធា មន្ត្រីគ្រប់គ្រងកម្មវិធីរបស់អង្គការវិទ្យាស្ថានបើកទូលាយបាននិយាយថា ដោយសារមជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចមានគោលដៅដូចគ្នានឹងអង្គការវិទ្យាស្ថានបើកទូលាយ ទើបអង្គការវិទ្យាស្ថានបើកទូលាយបានសហការរៀបចំវគ្គនេះឡើង។ លោកស្រីបានបន្តថា អង្គការវិទ្យាស្ថានបើកទូលាយនឹងសហការជាមួយមជ្ឈមណ្ឌលនេះបន្តទៀតនៅពេលខាងមុខ។
យោងតាមកម្មវិធីបណ្ដុះបណ្ដាល បានឲ្យដឹងថាក្រៅពីមានការអនុវត្តសរសេរព័ត៌មានជាក់ស្ដែងនោះ សិក្ខាកាមក៏នឹងទទួលបានការបង្ហាញពីរបៀបដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរជាទម្រង់យូនីកូដខ្មែរ និងកម្មវិធីរុករកព័ត៌មានជាភាសាខ្មែរនៅក្នុងអ៊ីនធឺណិតផងដែរ។
គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកនៃកម្មវិធីជាប្រព័ន្ធដោយមានវគ្គបណ្ដុះបណ្ដាលពីរជាបន្តបន្ទាប់ដែលបានធ្វើជាច្រើនលើកមកហើយ ប៉ុន្តែនេះជាលើកទីមួយហើយដែលវគ្គនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចនៃក្រសួងមហាផ្ទៃ៕
សម្រាប់ជាភាសាអង់គ្លេសសូមចុចទីនេះ
រូបភាពវគ្គបណ្ដុះបណ្ដាល