គម្រោង​កម្ពុជា​ប្រើ​ទូរស័ព្ទ​ជា​ដំណោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ ​ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី

ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ថ្ងៃ​ទី ០៦ ខែ មករា ឆ្នាំ​២០១៤ - «កម្មវិធី​ស្ថាបនា​ភាពជា​ដៃ​គូ​ដើម្បី​បរិយាកាស​ទំនាក់ទំនង​បែប​ច្នៃ​ប្រឌិត» (SPICE) ដែល​ជា​គម្រោង​មួយ​ផ្ដល់​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ត្រូវ​បាន​​​ជាប់​រង្វាន់​ក្នុង​ការប្រកួត​ «រង្វាន់​​ប្រើ​ទូរស័ព្ទ​ចល័ត​ជា​ដំណោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ​​ក្នុង​តំបន់​អាស៊ី» នៅ​ក្នុង​កម្មវិធី​វេទិកា​ប្រើ​ទូរស័ព្ទ​​ជា​ដំណោះ​ស្រាយ​ដែល​​​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​កាល​ទី​ថ្ងៃ​ទី ៦ ខែ មករា​ ឆ្នាំ២០១៤។ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ គឺ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​​អនុវត្ត​កម្មវិធី​ SPICE ក្នុង​ប្រទេស​កម្ពុជា។ លោក​ ហាបៀរ​ សូឡា (Javier Sola) ជា​នាយក​កម្មវិធី​ SPICE បាន​ទទួល​ពាន​រង្វាន់​នេះ​ក្នុងនាម​កម្មវិធី។

 

USAID RDMA Director Michael Yates (center) with Mobile Solutions M4D Contest Award Winners Javier Sola of the Open Institute, first place (right)
នាយកបេសកកម្ម USAID ប្រចាំតំបន់​អាស៊ី​លោក Michael Yates (នៅកណ្ដាល) ក្នុង​ចំណោមអ្នក​ឈ្នះ​រង្វាន់ ការប្រើ​ទូរស័ព្ទ​ជាដំណោះស្រាយ និង​លោក Javier Sola មក​ពី​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (ស្ដាំ)

តាម​រយៈ​កម្មវិធី​ SPICE អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ជួយ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​អភិវឌ្ឍ​សេវា​ព័ត៌មាន​ដោយ​ប្រើ​ប្រព័ន្ធ​ឆ្លើយ​​​​​តប​ជា​សំឡេង (IVR) ដែល​ប្រព័ន្ធ​នេះ​​អនុញ្ញាត​ឲ្យ​ពួក​គេ​ផ្ដល់​ព័ត៌មាន​ និង​សេវាកម្ម​ផ្សេង​ៗ​​​ដើម្បី​លើក​កម្ពស់​​ជីវភាព​រស់នៅ​នៃ​អ្នក​ទទួល​ផល​របស់​ពួកគេ​តាមរយៈ​ទូរស័ព្ទ​ចល័ត។ ប្រព័ន្ធ ឆ្លើយ​តប​ជា​សំឡេង (IVR) ជា​បច្ចេកវិទ្យា​ដែល​បាន​បង្កើត​ឡើង​យ៉ាង​ល្អ​នៅ​ក្នុង​បណ្ដា​​ប្រទេស​លោក​ខាង​លិច​ដែល​គេ​​បាន​ប្រើប្រាស់​ ដើម្បី​ឆ្លើយតប​តាម​ទូរស័ព្ទ​​នូវ​សារ​ព័ត៌មាន​ដែល​បាន​ថត​ទុកជា​មុន។ កម្មវិធី SPICE គឺ​​ជា​កម្មវិធី​ដំបូង​មួយ​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​​​​​ខ្នាត​ធំ​បែប​នេះ​​​សម្រាប់​ការ​អភិវឌ្ឍ ។

ប្រព័ន្ធ​នេះ​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​រួច​ហើយ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សេវា​ដែល​ប្រើ​ប្រព័ន្ធ​នេះ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​ជូន​ដំណឹង​អ្នកបោះឆ្នោត​កម្ពុជា​អំពី​ទីកន្លែង និង​វិធី​បោះឆ្នោត​​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​តំណាង​​រាស្ត្រ​នីតិកាល​ទី ៥​ ឆ្នាំ ២០១៣ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​ជាង ៦០០.០០០ នាក់។ សេវា​​មួយ​ទៀត​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​អត្រា​​មរណភាព​ទារក​តាមរយៈ​ការ​​ជូន​ដំណឹង​ម្ដាយ​​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ក្នុង​អំឡុង​ខែ​​ទី​មួយ​​នៃ​ទារក​ដែល​ទើប​កើត​ថ្មី​របស់​ពួក​គេ។ នៅ​មាន​សេវា​មួយ​ផ្សេង​ទៀត​ផង​ដែរ​​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ប្រព័ន្ធ​ជូន​ដំណឹង​ជា​មុន​សម្រាប់​កសិករ​ដែល​ប្រឈម​​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ប្រើប្រាស់​​ប្រព័ន្ធ​​នេះ​ ដើម្បី​​​​​​ជូន​ដំណឹង​កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​អំពី​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួកគេ។ សេវា​ជា​ច្រើន​ទៀត​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដែល​នឹង​​ជួយ​អប់រំ​​កម្មករ​អន្តោប្រវេសន៍​ធ្វើការ​តាម​ផ្ទះ​​អំពី​ហានិភ័យ​ផ្សេងៗ និង​ឱកាស​ក្នុង​ការ​ធ្វើ​អន្តោប្រវេសន៍។​​

នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ លោក ហាបៀរ សូឡា (Javier Sola) បាន​ប្រកាស​ថា​​​​រង្វាន់​នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ជួយ​ក្រុម​ជនជាតិ​ភាគតិច​ដែល​មិន​មាន​ភាសា​សរសេរ​​​ឲ្យ​ស្ដាប់​​​ដើម្បី​ស្វែងយល់​ច្បាប់​ភូមិបាល​​​​​​​ជា​​ភាសា​កំណើត​របស់​ពួកគេ​។ តាមរយៈ​ការ​បង្កើត​សេវា​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ស្ដាប់​​អំពី​ច្បាប់​ និង​ការ​ពន្យល់​ ​ពួកគេ​​នឹង​​អាច​​​យល់​កាន់តែ​ច្បាស់​អំពី​សិទ្ធិ​ជា​​ម្ចាស់កម្មសិទ្ធិ​លើ​ដីធ្លី​របស់​ពួកគេ​។

នាយក​កម្មវិធី​ប្រើ​ទូរស័ព្ទ​ជា​ដំណោះស្រាយ​​នៅ USAID អ្នកនាង Priya Jaisinghai បាន​កត់សម្គាល់​ថា «វា​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​​រួម​មួយ​​​ដែល​អាច​ត្រូវ​បា​ន​ប្រើប្រាស់​ដោយ​គម្រោង​​របស់ USAID លើ​វិស័យ​​​ខុសៗ​​គ្នា។ ដោយ​សារ​តែ​កម្មវិធី SPICE ​អង្គការ​សង្គម​ស៊ីវិល​​ក្នុង​​ប្រទេស​កម្ពុជា​​បាន​ចូល​ប្រើប្រាស់​ធនធាន​ដែល​មាន​ជំនាញ​ខ្ពស់ ដោយ​មិន​ចាំបាច់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​​ជំនាញ​​បច្ចេកវិទ្យា​នៅនឹង​កន្លែង​​។​ នេះ​គឺ​ជា​គំរូ​ដ៏​មាន​អានុភាព​យ៉ាង​ធំធេង និង​​ជា​ពាន​រង្វាន់​​​​​ដែល​ស័ក្ដិសម​នឹង​ទទួល​បាន​ជា​ទី​​​បំផុត។»

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖
លោក Javier Sola នាយក​កម្មវិធី SPICE
អ៊ីមែល៖ javier@open.org.kh
កម្ពុជា

Category: