កម្ពុជា​បើក​ទូលាយ​ឆ្នាំ ២០១៤៖ ការ​សិក្សា​បែប​សហការ​សម្រាប់​អង្គការ​​សង្គម​ស៊ីវិល​​ក្នុង​ប្រទេស​កម្ពុជា

 នៅ​ក្នុង​ព្រឹត្តិការណ៍​​បណ្ដុះបណ្ដាល​បែប​ច្នៃប្រឌិត​ និង​ធំ​បំផុត​សម្រាប់​អង្គការ​សង្គម​ស៊ីវិល (CSOs) ក្នុង​ឆ្នាំ​នេះ សិក្ខាសាលា​បោះ​ជំរុំកម្ពុជា​បើកទូលាយ ២០១៤​បាន​ប្រមូល​ផ្ដុំ​បុគ្គលិក​កម្មវិធី និង​បច្ចេកទេស​ជាង ១០០ នាក់​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧០ ​​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​សុខភាព ការ​ជួញដូរ​មនុស្ស ចំណាក​ស្រុក និង​សិទ្ធិមនុស្ស​មក​ជួបជុំ​គ្នា​កាលពី​សប្ដាហ៍​មុន​នា​ខេត្ត​ព្រះសីហនុ ។ សិក្ខាសាលា​បោះ​ជំរុំ​​មាន​រយៈពេល​មួយ​សប្ដាហ៍​ដែល​បាន​រៀបចំ​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ផ្ដល់​ថវិកា​ ដោយ​​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) តាមរយៈ កម្មវិធីកម្មវិធី SPICE  និង Development Innovationនេះ​បាន​រៀបចំ​សម្របសម្រួល​ការ​រៀន​បែប​សហការ​ក្នុង​ចំណោម​អ្នក​ចូលរួម​​ស្ដីពី​ប្រធាន​បទ​​មួយ​ចំនួន​ទាក់ទង​នឹង​ការ​តស៊ូ​មតិ​បែប​អេឡិចត្រូនិក(E-advocacy) សុវត្ថិភាព​ទិន្នន័យ​និង​​​ការ​ប្រាស្រ័យ​ទាក់ទង​កម្រិត​មូលដ្ឋាន​សម្រាប់​អង្គការ​សង្គម​ស៊ីវិល។



អាស្រ័យ​លើ​ឯកទេស​ខាង​​យុទ្ធសាស្ត្រ​ និង​ខាង​បច្ចេកទេស​របស់​អ្នក​ចូលរួម សិក្ខាសាលា​ត្រូវ​បាន​ស្ថាបនា​ឡើង​ដើម្បី​ឲ្យ​ប្រាកដ​ថា អ្នក​ចូល​រួម​និមួយៗ​បាន​បញ្ចប់​សិក្ខា​សាលា​រយៈពេល​មួយ​សប្ដាហ៍​​​ដោយ​ពាំនាំ​នូវ​កម្រិត​ចំណេះដឹង និង​ជំនាញ​អនុវត្ត​​​ខ្ពស់ ជា​មួយ​​នឹង​ចំណេះ​ដឹង​ថ្មីៗ​ដោយ​ផ្ដោត​​ជា​ពិសេស​លើ​​ប្រធាន​បទ​មួយ​ចំនួន​ដែល​ពួកគេ​ចង់​សិក្សា​បំផុត​ក្នុង​ផ្នែក​តស៊ូ​មតិ និង​សុវត្ថិភាព ។

នៅ​ក្នុង​​សិក្ខាសាលា​​នេះ មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៣០% ​បាន​ធ្វើ​ជា​អ្នក​សម្របសម្រួល​លើ​ប្រធាន​បទ​ជំនាញ​របស់​ពួកគេ បណ្ដុះបណ្ដាល​អ្នក​ចូលរួម​ផ្សេង​ទៀត និង​រៀន​ពី​អ្នក​ចូល​រួម​ទាំងនោះ​វិញ​ដែរ​នៅ​ក្នុងវគ្គ​សិក្សា​ដោយ​ឡែក​ៗបែប​អន្តរកម្ម ។ វគ្គសិក្សា​ខ្លះៗ​ក្នុង​ចំណោម​វគ្គ​សិក្សា​ទាំងនេះ​​មាន​អ្នក​ចូលរួម​​ដល់​ទៅ ២០​នាក់ ប៉ុន្តែ​សិក្ខាសាលា​ក៏​បាន​ជំរុញ​ឲ្យ​​ក្នុង​ការ​បណ្ដុះបណ្ដាល​​អ្នក​ចូលរួម​មួយ​ទល់​មួយ​​ផង​ដែរ​ នូវ​ជំនាញ​ដែល​​គេ​បាន​ចែក​រំលែក​ក្នុង​ចំណោម​អ្នក​ចូលរួម​​​តាម​ការ​ស្នើ​សុំ។

ប្រធាន​បទ​ជា​ច្រើន​ដែល​សិក្ខាសាលា​បាន​ផ្ដល់​ជូន​​រាប់​ចាប់​ពី​ការ​ពិភាក្សា​រួម​គ្នា​លើ​យុទ្ធសាស្ត្រ​តស៊ូ​មតិ និង​​​​កា​ប្រើប្រាស់​កម្មវិធី​លើ​អ៊ីនធឺណិត​​​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​​យុទ្ធនាការ​តស៊ូ​មតិ រហូត​ដល់​​វគ្គ​បច្ចេកទេស​ផ្សេង​ៗ​ដូច​ជា ការ​ប្រើប្រាស់​រូបភាព​ទិន្នន័យ​ដើម្បី​ចែកចាយ​គំនិត​ដ៏​មាន​ប្រសិទ្ធភាព​ ការ​ប្រើប្រាស់​ផែនទី វីដេអូ រូបថត និង​ឧបករណ៍​ផ្សព្វផ្សាយ​ផ្សេងៗ​ក្នុង​ការ​តស៊ូ​មតិ កម្មវិធី ការ​ចែកចាយ​ព័ត៌មាន​លើ​អ៊ីនធឺណិត(crowdsourcing) ការ​ប្រើប្រាស់​ប្រព័ន្ធ​ឆ្លើយតប​ជា​សំឡេង(IVR) ការ​ប្រើប្រាស់ ពពក(Cloud) និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ប្រាកដ​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​មាន​វគ្គ​ជា​ច្រើន​ទៀត។

អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នៅ​ពេល​ដំបូង​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​វិធីសាស្ត្រ​បណ្ដុះបណ្ដាល​បែប​សហការ​ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់ ប៉ុន្តែ​ពួកគេ​បាន​យល់​ភ្លាមៗ​​ថា​​​​សិក្ខាសាលា​នេះ​បាន​នឹង​កំពុង​ផ្ដល់​ឲ្យ​ពួកគេ​នូវ​​មូលដ្ឋាន​កាន់​តែ​ល្អ​ដើម្បី​សិក្សា​ពី​អ្នក​ចូលរួម​ផ្សេង​ៗ​ទៀត និង​ដើម្បី​ផ្ដល់​អ្វី​ដែល​ពួកគេ​បាន​ដឹង​។

លោក​រិទ្ធិយ៉ា ខាន់ ដែល​ជា​សិក្ខាកាម​ម្នាក់​មកពី​អង្កការមួយ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា "សិក្ខា​សាលា​កម្ពុជា​បើកទូលាយ​បើក​ច្រក​ទ្វារ​ទៅ​កាន់​ការ​តស៊ូមតិ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​សម្រាប់​យើង​ទាំង​អស់​គ្នា" ។

លោក ហាបៀ សូឡា (Javier Solá) ជា​នាយក​កម្មវិធី​នៅ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​​គូស​បញ្ជាក់​​ថា "សិក្ខាសាលា​បាន​បង្កើត​បណ្ដាញ​​អ្នកដឹកនាំ​ការ​តស៊ូ​មតិ​ដ៏​រឹងមាំ​មួយ​​ដែល​ពួកគេ​​មាន​បទពិសោធន៍​​រួច​ហើយ​ ដោយ​ចែករំលែក​ជា​មួយ​​គ្នា​នូវ​អ្វី​ដែល​ពួក​គេ​​​ដឹង និង​អ្នក​ដែល​យើង​សង្ឃឹម​ថា​នឹង​បន្ត​ធ្វើ​ការ​ងារ​នេះ ដោយ​ពង្រឹង​វិស័យ​​អង្គការ​​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។”

កម្ពុជា​បើក​ទូលាយ​ឆ្នាំ ២០១៤ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ដោយ​មាន​​ជំនួយ​បច្ចេកទេស​ពី​អង្គការ Aspiration មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ជា​អង្គការ​មិន​រក​ប្រាក់ចំណេញ​ដែល​មាន​ជំនាញ​ជួយ​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ភ្ជាប់​​ទំនាក់ទំនង​ជា​មួយ​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​​ ដែល​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​ការងារ​​បាន​​កាន់តែ​ប្រសើរ​ឡើង។ អង្គការ​ FabRiders ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ក៏​បាន​ជួយ​សម្របសម្រួល​សិក្ខាសាលា​នេះ​ផង​ដែរ។​​

លោក Allen Gunn ជា​នាយក​ប្រតិបត្តិ​របស់ Aspiration បាន​កត់​សម្គាល់​ថា "នេះ​ជា​សិក្ខាសាលា​​ដែល​មាន​លក្ខណៈ​រស់​រវើក​តែ​មួយ​គត់​ ដែល​មាន​ភាព​ជា​អ្នកដឹកនាំ​ដ៏​ខ្លាំងក្លា​​ និង​សហការ​ដ៏​ស្វាហាប់​បំផុត​។ អ្នក​សម្របសម្រួល​ពិត​ជា​បាន​បង្កើត​បរិយាកាស​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​សិក្សា ហើយ​អ្នក​ចូលរួម​​មាន​ទំនាក់ទំនង​គ្នា​រហូត​ដល់​ចប់។ ខ្ញុំ​សប្បាយ​ចិត្ត​​នឹង​​ឃើញ​​វិធី​ដែល​ពួកគេ​ម្នាក់ៗ​​អនុវត្ត​ការ​សិក្សា​​​​តាម​វិធី​​ផ្សេងៗ​របស់​ពួកគេ​​​​បន្ទាប់ពី​សិក្ខាសាលា។”

វិទ្យាស្ថាន​បើក​ទូលាយ គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​មិន​ស្វែង​​រក​ប្រាក់​ចំណេញ ដែល​ប្រមើល​មើល​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មួយ ដែល​ប្រជាជន​មាន​សិទ្ធិ​​ស្មើ​គ្នា​​ក្នុង​ការ​ចូល​ទៅ​កាន់ ចំណេះដឹង និង​បច្ចេកវិទ្យា​ព័ត៌មាន ។ បេសកកម្ម​​​​របស់​អង្គការ គឺ​សម្របសម្រួល​ការ​ទំនាក់ទំនង និង​ការ​ចែករំលែក​ចំណេះដឹង​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម។

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) គាំទ្រ​កម្មវិធី​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ រួមមាន​កម្មវិធី​ផ្នែក សុខាភិបាល អប់រំ លទ្ធិប្រជាធិបតេយ្យ អភិបាល​កិច្ច​ល្អ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ ទីភ្នាក់ងារ USAID ផ្ដល់​ជំនួយ​សរុប​ចំនួន ៦៥ លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១២។

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖    កញ្ញា ហេង ចាន់ថេង លេខ​ទូរស័ព្ទ៖ ០១២ ៤៣៥ ២៨៦
                    អ៊ីមែល៖  chantheng@open.org.kh

កម្ពុជា