គម្រោងស្ដី​អំពី ការ​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា

សេចក្ដី​ផ្ដើម
 
អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​ប្រតិបត្តិ​គម្រោង​មួយ​ស្ដី​អំពី "ការ​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា "។ គម្រោង​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ កម្មវិធី​ស៊ុយអែត​សម្រាប់ ការអភិវឌ្ឍន៍ ICT នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ ហៅ​កាត់​ថា SPIDER (The Swedish Program for ICT in Developing Regions) ។ គម្រោង​នេះ​អាច​ទទួល​ស្គាល់​ជា​ការ​សិក្សា ដំបូង​ទៅ​លើ​ការ​​ពិនិត្យ យន្តការ​ដោះស្រាយ និង​ទប់ស្កាត់ របស់​រាជ​រដ្ឋាភិបាល​លើ​អំពើ​ហិង្សា​យេនឌ័រ។ ម្យ៉ាង​វិញ​ទៀត​ការ​សិក្សា​នេះ បាន​ផ្ដោត​ផង​ដែរ​ទៅ​លើ​ការ​ប្រមូល​ព័ត៌មាន​អំពើ​ហិង្សា​គ្រប់​ ប្រភេទក្នុងឆ្ន឵˚២០១១ ដើម្បី​ចង​ក្រង​ជា​ស្ថិតិ ស្តង់ដារ​ជា​រួម​មួយ​សម្រាប់​បម្រើ​តម្រូវ​ការ​ជា​ទូទៅ។ អំពើ​ហិង្សា​គ្រប់​ប្រភេទ​មាន ហិង្សា​លើ​រូបរាងកាយ ហិង្សា​លើ​ផ្នែក សតិអារម្មណ៍ ហិង្សា​លើ​ផ្នែក​សេដ្ឋកិច្ច ហិង្សា​លើ​ផ្លូវ​ភេទ រឺ​ការ​បៀតបៀន​ផ្លូវ​ភេទ។
 
នៅ​ថ្ងៃ​សុក្រ ទី៣១ ខែ​សីហា កន្លង​ទៅ​នេះ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ធ្វើ​កិច្ចប្រជុំ​លើក​ទី​មួយ​អំពី​ការ ពិភាក្សា​លើ​កម្រង​សំណួរ​អំពើ​ហិង្សា​លើ​យេនឌ័រ។ កិច្ច​ប្រជុំ​នេះ​មាន​ការចូលរួម​ពី​សមាជិក​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ​ដែល​ជា​តំណាង​មក​ពី​សង្កាត់ ទី​ក្រុង​ភ្នំពេញ និង​តំណាង​ឃុំ​ពី​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ ខេត្ត​បាត់ដំបង។ គោល​បំណង​របស់​ការ​ពិភាក្សា​នេះ​គឺ​ដើម្បី​ប្រមូល​ផ្តុំ​គំនិត ក្នុង​ការ​ស្ថាបនា ទៅ​លើ​សំណួរ និមួយៗ។
 
គោលបំណង​របស់​គម្រោង
 
គម្រោង​​ស្ដី​អំពី​ការ​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា​នឹង ​ផ្ដល់​ជូន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​អង្គការ​ស្ត្រី​​មួយ​ចំនួន​នៅ​កម្ពុជា​​នូវ​ចំណេះដឹង​ប្រើប្រាស់​​ បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ដើម្បី​ពិនិត្យ​​ការ​ទប់​ស្កាត់​ និងការ​​ឆ្លើយតប​​ទៅ​លើ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត​ គម្រោង​ក៏​បាន​ផ្ដោត​ទៅ​លើ​ការ​ប្រមូល​ផ្ដុំ និង​វិភាគ​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ការ​សិក្សា​​ស្រាវជ្រាវ​តាមរយៈ​កម្រង ​សំណួរ​ដែល​ពាក់ព័ន្ធ​​ទៅលើ​ការ​ពិនិត្យ​លើ​យន្តការ​ និង​គណនី​ភាព​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​ការ​ទប់ស្កាត់​អំពើ​ហិង្សា​​ យេនឌ័រ​​នេះ។ ការ​ពង្រឹង​សមត្ថភាព​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​អង្គការ​សិទ្ធិ​ស្ត្រី​ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ សម្រាប់​ពិនិត្យ​​​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​​ដើម្បី​បញ្ឈប់​ហិង្សា ​លើ​ស្ត្រី បាន​ឆ្លុះ​បញ្ចាំង​ការ​ចូលរួម​សកម្មភាព​ និង​ជា​មធ្យោបាយ​មួយ​ដែល​នាំ​ឆ្ពោះ​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​របស់​ ប្រទេស ក៏​ដូចជា​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស ។ ការ​យល់​ដឹង​​ទូលំទូលាយ​នៃ​ការ​កើត​មាន​ឡើង​​នៃ​អំពើ​ហិង្សា​​លើ​ស្ត្រី និង​វត្តមាន​នៃ​យន្តការ​ដោះស្រាយ ឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល​​ទៅ​លើ​បញ្ហា​នេះ ជា​​ចំណុច​​វិជ្ជមាន​មួយ​ដែល​​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​​ពិនត្យ​​ជា​សាធារណៈ​ ទៅ​លើ​​យន្តការ​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា។
 
ដៃ​គូ​សហការ​របស់​គម្រោង
 
អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​ ផ្សេងៗ​មួយ​ចំនួន​​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ ។ APC (Association for Progressive Communication) ជា​អ្នក​ដឹក​នាំ​គម្រោង ចំណែក​ឯ​​​វិទ្យាស្ថាន​បើក​ទូលាយ​ជា​​អង្គការ​ប្រតិបត្តិ​គម្រោង​​ដែល​ទទួល​ ខុសត្រូវ​ក្នុង​ការ​ប្រមូល​ទិន្នន័យ និង​ធ្វើ​ការ​បណ្ដុះបណ្ដាល​ដោយ​សហការ​ជាមួយ​ដៃគូ​ក្នុង​ស្រុក ដូចជា សម្ព័ន្ធ​ភាព​ជាតិ​ឃុំ-សង្កាត់ (NLC/S) ដែល​ជា​ធនធាន​ដ៏​ប្រសើរ​​​​ក្នុង​ការ​ប្រមូល​​​ព័ត៌មាន​​អំពើ​ហិង្សា​យេនឌ័រ ​នៅ​ក្នុង​ឃុំ-សង្កាត់។ លើស​ពី​នេះ​ទៅ​ទៀត​ យើង​ក៏​បាន​ធ្វើ​ការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​​នឹង​បញ្ហា​​ស្ត្រី​មួយ​ចំនួន ​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ ដូចជា UNWOMEN, EWMI, GIZ, InSTEED, PyD, GAD/C និង ECPAT/CAMBODIA ។
 
ធនធាន​បណ្ដាញ​របស់​អង្គការ
 
អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ គឺ​ជា​​​សមាជិក​​មួយ​នៃ​​​​បណ្ដាញ​​ ICT ​សម្រាប់​​ការ​អភិវឌ្ឍ (ICT4D) នៅ​កម្ពុជា និង​ ICT សម្រាប់​​ប្រជាធិបតេយ្យ (ICT4Democracy) ដែល​មាន​សមាជិក​​ដូចជា អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (OI), SPIDER, EWMI, InSTEED, មណ្ឌល​ព័ត៌មាន​ស្ត្រី (WMC) និង​អង្គការ APC ។ បណ្ដាញ​ទាំងនេះ​ផ្ដល់​ឲ្យ​យើង​នូវ​មធ្យោបាយ​​ដើម្បី​​ទំនាក់ទំនង​​ដៃគូ​ ពាក់ព័ន្ធ​​ដ៏​ប៉ិនប្រសព្វ ដែល​អាច​​​ផ្ដល់​ព័ត៌មាន​បាន​ប្រសើរ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​តំបន់ ។ យើង​បាន​ប្រើប្រាស់​បណ្ដាញ​នេះ​​សម្រាប់​​​ជួយ​ផ្ដល់​​មតិយោបល់ និង​​មតិ​ឆ្លើយតប​ចំពោះ​​សេចក្ដី​ព្រាង​​នៃ​កម្រង​សំណួរ​ស្ដីពី​​ហិង្សា​ យេនឌ័រ (GBV) ។
 
វិទ្យាស្ថាន​បើក​ទូលាយ​ក៏​កំពុង​សហការ​ជាមួយ​​អង្គការ SPIDER លើ​គម្រោង​​​មួយ​ចំនួន​របស់​​ SPIDER ដូចជា ៖
 

  • ១.ការ​ពិភាក្សា​​អំពី​លទ្ធិប្រជាធិបតេយ្យ
  • ២.យន្តការ និង​​គណនី​ភាព​របស់​រដ្ឋាភិបាល​​សម្រាប់​ការ​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា ។

 
រូបភាព​សិក្ខា​សាលា​ស្ដី​ពី​ការ​ធ្វើ​កម្រង​សំណួរ​ស្ដី​អំពី​យន្តការ​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​របស់​រាជ​រដ្ឋាភិបាល
 
 
 

មតិស្វាគមន៍ ​របស់​លោក​ស្រី ជឹម ម៉ាណាវី នាយិកា​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក្នុង​កិច្ច​​ប្រជុំ​អំពី​កម្រង​សំណួរ ថ្ងៃ​៣១ សីហា ២០១២ រូបថត ៖ វិទ្យាស្ថានបើកទូលាយ

ចំណាប់​អារម្មណ៍​ស្វាគមន៍​របស់​​តំណាង​សម្ព័ន្ធភាព​ជាតិ​ឃុំ​/សង្កាត់ ក្នុង​កិច្ច​ប្រជុំ​អំពី​កម្រង​សំណួរ ថ្ងៃ​៣១ សីហា ២០១២ រូបថត ៖ វិទ្យាស្ថានបើកទូលាយ

ការ​ប្រជុំ​ពិភាក្សា​លើក​ទីមួយ​លើ​កម្រង​សំណួរ អំពើ​ហិង្សា​យេនឌ៍រ ៣១ សីហា ២០១២ រូបថត ៖ វិទ្យាស្ថានបើកទូលាយ
ការ​ផ្ដល់​យោបល់​ពី NGO លើ​កម្រង​សំណួរ ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ ៣១ សីហា ២០១២ រូបថត ៖ វិទ្យាស្ថានបើកទូលាយ

ការ​ផ្ដល់​យោបល់​ពី​សមាជិក​ឃុំ/សង្កាត់​លើ​កម្រង​សំណួរ ក្នុង​កិច្ច​ប្រជុំ​​ថ្ងៃ ៣១ សីហា ២០១២ រូបថត ៖ វិទ្យាស្ថានបើកទូលាយ
បទ​បង្ហាញ​អំពី​គម្រោង​ដោយ​ប្រធាន​គម្រោង ក្នុង​​កិច្ច​ប្រជុំ​​ថ្ងៃ ៣១ សីហា ២០១២ រូបថត ៖ វិទ្យាស្ថានបើកទូលាយ

 

 

កម្ពុជា