សេចក្ដី​ប្រកាស​ព័ត៌មាន ៖សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​៣​ ស្ដី​អំពី​សមភាព​យេនឌ័រ​នៅ​ក្នុង​របៀប​វារៈ​អភិវឌ្ឍន៍​ថ្មី

 

សេចក្ដី​ប្រកាស​ព័ត៌មាន

សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​៣​ ស្ដី​អំពី​សមភាព​យេនឌ័រ​នៅ​ក្នុង​របៀប​វារៈ​អភិវឌ្ឍន៍​ថ្មី

១១​-១២​ ខែកុម្ភៈ​ ឆ្នាំ២០១៦

ភ្នំពេញ ថ្ងៃ ទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០១៦

 

ក្រោម​ការ​ឧបត្ថម្ភ​​ថវិកា​​ពី​អង្គការUN Women​ប្រចាំ​ប្រទេស​កម្ពុជា​ និង​រៀបចំ​ដោយ​​អង្គការ​វិទ្យាស្ថាន​​បើក​​ទូលាយ ​សន្និសីទ​ថ្នាក់​ជាតិ​​ស្ដី​អំពី​ "គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព៖ការ​ធ្វើឲ្យ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ដំណើរ​ការ​សម្រាប់​ស្ត្រី​និង​ក្មេង​ស្រី​នៅ​ប្រទេស​កម្ពុជា"​​ នឹង​ពិភាក្សា​អំពី​​​សមភាព​យេនឌ័រ​ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​​នៅ​ក្នុង​របៀប​វារៈ​នៃ​ការ​​អភិវឌ្ឍ​​ថ្មី។ សន្និសីទ​នឹងរួម​ចំណែក​ដល់​ការ​ធ្វើ​​​​មូលដ្ឋានីយកម្ម​​ដំណើរការ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព​ ដោយ​​​ផ្ដោត​សំខាន់​​លើ​គោល​ដៅទី៥ ដែល​ជា​គោល​ដៅ​តែមួយ​​សង្កត់​ធ្ងន់​លើ​ឧបសគ្គ​ជា​​រចនា​សម្ព័ន្ធ​ក្នុង​ការ​​ផ្ដល់​ភាព​អង់អាច​ដល់​​ស្ត្រី​​​។​

ដើម្បី​ទទួល​​បាន​នូវ​ពិភព​លោក​មួយ​ដែល​មាន​ភាព​យុត្តិធម៌ និង​សមធម៌​ច្រើន​ជាង​នោះ «ការ​ផ្ដល់​ភាព​អង់អាច​ពេញ​លេញ​ដល់​ស្ត្រី​គ្រប់​ៗ​គ្នា​ គឺ​ជា​លក្ខខ័ណ្ឌ​ដំបូង​ ។​ ប្រការ​នេះ​បាន​ស​ឱ្យ​ឃើញ​​តាម​រយៈ​ការ​ដាក់​បញ្ចូល​ទិដ្ឋភាព​​ស៊ី​ជម្រៅ​ស្ដី​ពី​សមភាព​​យេនឌ័រ​នៅ​គ្រប់​គោលដៅ​ទាំង​១៧​ នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​​ចីរភាព»   នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ស្រី វេន​នី​គូ​ស៊ូ​ម៉ា តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ UN Women​​។

ទោះ​បី​ជា​មាន​ការ​រីក​ចម្រើន​ក៏​ដោយ  ក៏​ប្រទេស​កម្ពុជា​ត្រូវ​ការ​ផ្លូវ​មួយ​វែង​ឆ្ងាយ​ដើម្បី​ឆ្ពោះ​ទៅ​រក​​សមភាព​យេនឌ័រ​​។ នៅ​ក្នុង​រដ្ឋ​សភា ​មាន​តំណាង​ស្ត្រី​ត្រឹមតែ​ ២០​ភាគរយ​ប៉ុណ្ណោះ​។ ការសិក្សា​ចុង​ក្រោយ​របស់​អង្គការ​UN Women នៅ​កម្ពុជា​ឆ្នាំ​២០១៥​ អំពី​អំពើ​ហិង្សា​លើ​ដៃ​គូ​ ​​បង្ហាញ​ថា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្រ្តី៥នាក់ក្នុងប្រទេស​​​កម្ពុជា​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រាង​កាយ និង/ឬ ហិង្សា​ផ្លូវ​ភេទ​ដោយ​ដៃ​គូ។ លើស​ពី​នេះ​ទៀត ស្រី្ត៧០ភាគរយ​ ធ្វើ​ការងារ​ដែល​មាន​ភាព​ងាយ​រង​គ្រោះ។​

ការ​កំណត់​គោលដៅ​ថ្មី​​មាន​លក្ខណៈ​សំខាន់​និង​ទូលំទូលាយ​ជាង​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​​។​ ​​គោលដៅ​ថ្មី បាន​កំណត់​ចំណុច​ដៅ​ជាក់លាក់​ និង​សូចនាករ​ស្ដី​ពី​អំពើ​ហិង្សា​លើ​​ស្ត្រី​ ស្ត្រី​ សន្តិភាព​ និង​សន្តិសុខ ​សុខភាព​បន្ត​ពូជ សិទ្ធិ​មនុស្ស  ការងារ​ថែទាំ​ឥត​ប្រាក់​កម្រៃ និង​ការងារ​តាម​ផ្ទះ។

 «​ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​បាន​ ផ្ដល់​នូវ​ឱកាស​ជា​គន្លឹះ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​​សមភាព​យេនឌ័រ ហើយ​ជា​បញ្ហា​ចម្បង​នៃ​របៀប​វារៈ​អភិវឌ្ឍន៍​​របស់​​កម្ពុជា​​​ ទាំង​ទស្សនៈ​វិស័យ​របស់​គោលដៅ ហើយ​ក៏​ជា​​ជា​មធ្យោបាយ​​ដ៏​មាន​​សក្ដានុភាព​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព» នេះ​ជា​ប្រសាសន៍​របស់​លោកស្រី វេននី គូស៊ូម៉ា  តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​ UN Women។

សន្និសីទ​នឹង​មាន​ការ​ចូលរួម​ពី​​​វាគ្មិន​កិត្តិយស​សំខាន់ៗ​ដែល​ជា​​តំណាង​មក​ពី​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ សង្គម​ស៊ីវិល និង​ដៃ​គូរ​អភិវឌ្ឍ​។ ​​​វាគ្មិន​នឹង​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​អំពី​ការអនុវត្ត​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ទស្សនៈ​យល់ឃើញ​របស់​ពួកគេ​ចំពោះ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព ជា​ពិសេស​នៅ​លើ​គោលដៅ​ទី​៥ ក្នុង​បរិបទ​ប្រទេស​កម្ពុជា។

បន្ថែម​ពី​នេះ​ទៀត នឹង​មាន​ការ​ពិភាក្សា​ពេញ​អង្គ​រវាង​វាគ្មិន​សំខាន់ៗ និង​អ្នក​ចូលរួម​​ លើ​ប្រធាន​បទ​រួម​មាន​៖​ ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ថ្មី​ ការងារ​ថែទាំ​​ឥត​ប្រាក់​កម្រៃ​ និង​ការងារ​តាម​ផ្ទះ​ ការ​បញ្ជ្រាប​យេនឌ័រ នៅ​គ្រប់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព​ទាំងអស់​ គោលនយោបាយ​​និង​ច្បាប់ ​ នារី​រតនៈ​ទី​៤ និង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី។ ការ​ពិភាក្សា​ក៏​ផ្ដោត​ទៅលើ​​ការ​ទទួល​បាន និង​ការ​គ្រប់គ្រង​ធនធាន​សេដ្ឋកិច្ច​ សមភាព​​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​​​ ការ​ស្វែង​រក​ការ​គាំទ្រ​​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​​​​​​ចីរ​ភាព ​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​បន្ត​ពូជ ដូច​ដែល​បាន​លើក​ឡើង​​ក្នុង​របៀប​វារៈ​អភិវឌ្ឍ​ថ្មី។

«ដើម្បី​ធានា​ឲ្យ​មាន​និរន្តរភាព​នៃ​សមភាព​យេនឌ័រ​នៅ​កម្ពុជា​​ ការ​​រួម​សកម្មភាព​​ពី​ស្ថាប័ន​​រដ្ឋាភិបាល​ និង សង្គម​ស៊ីវិល​គឺ​ជា​ការ​ចាំបាច់​។ សង្គម​ស៊ីវិល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម និង​ចូលរួម​ក្នុង​ការ​បំពេញ​នូវ​ផ្នែក​ចន្លោះប្រហោង​ក្នុង​ការ​អនុវត្តន៍​សមភាព​យេនឌ័រ​នៅ​កម្ពុជា»​ នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី ជីម ម៉ាណាវី នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។

« សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​ឲ្យ​មាន​ភាព​រីក​ចម្រើន​​ទៅ​មុខ​នៅ​ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ចីរភាព​ ជាពិសេស​គឺ​ធានាថា​​រាល់​ទិដ្ឋភាព​សមភាព​យេនឌ័រ​នឹង​ត្រូវ​បាន​បញ្ជ្រាប​​នៅ​ក្នុង​បរិបទ​កម្ពុជា​។ ឥឡូវ​នេះ​វា​គឺ​ជា​ពេល​វេលា​សម្រាប់​គិត​រួម​គ្នា ពី​របៀប​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​អភិវឌ្ឍន៍​ថ្មី​ផ្ដល់​ប្រយោជន៍​រួម​ដល់​ស្ត្រី​កម្ពុជា»  នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី ជីម ម៉ាណាវី នាយិកា​ប្រតិបត្តិ​​អង្គការ​វិទ្យាស្ថាន​បើកទូលាយ

សន្និសីទ​នេះ​រំពឹង​ថា​​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ ១៥០នាក់ មក​ពី​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​  វិស័យ​ឯកជន​ និង​គ្រឹះស្ថាន​​សិក្សាអប់រំ​។​ សន្និសីទ​ក៏​បាន​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​ចូលរួម​ផង​ដែរ​។

សន្និសីទ​នឹង​ប្រព្រឹត្ត​នៅ​សណ្ឋាគារ​កំាបូ​ឌីយ៉ាណា ចាប់​ផ្ដើម​ចុះឈ្មោះ​នៅ ម៉ោង ៨:០០ព្រឹក នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ និង​បញ្ចប់​នៅ​វេលា​ម៉ោង ១២:០០រសៀល ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០១៦។    

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​ចេញ​ដោយ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ និង​អង្គការ UN Women ប្រចាំ​ប្រទេស​កម្ពុជា។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​​ទំនាក់​ទំនង​

លោក អ៊ុយ សារ៉េត អ្នក​គ្រប់គ្រង​កម្មវិធី​ អ៊ីមែល៖ ​uysareth@gmail.com. ទូរស័ព្ទ​: ០៩២ ៧៥៩ ៧៦៩

Ms. Mariken Bruusgaard Haritz មន្ត្រីទំនាក់ទំនង អង្គការUN Women កម្ពុជា

អ៊ីមែល៖ mariken.harbitz@unwomen.org. ទូរស័ព្ទ​: ០១២ ២១០ ៣២៥

ទាញយក​សេចក្ដីប្រកាស ជា ភាសាខ្មែរ English

កម្ពុជា