សិក្ខាសាលាស្ដីពី «ការជំរុញតម្លាភាពតាមរយៈបង្កើនការទទួលបានព័ត៌មាន» ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។ គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសារ គមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ដើម្បីទទួលបានតម្លាភាពនៃព័ត៌មាន និងដើម្បីជំរុញប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់ និងចែករំលែកព័ត៌មាន។ អ្នកដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះរួមមានតំណាងយុវជន ក្រុមប្រឹក្សាឃុំ អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួន។ សិក្ខាសាលានេះសហការរៀបចំដោយគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន(PHD) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការវិទ្យាស្ថានបើកទូលាយ (OI)។ សិក្ខាសាលានេះរៀបចំឡើងនៅពេលរសៀល ដែលមានអ្នកចូលរួមជាង១០០នាក់ ។ សិក្ខាសាលានេះឧបត្ថម្ភថវិកាដោយ SPIDER (កម្មវិធីស៊ុយអែតសម្រាប់ ICT ក្នុងតំបន់កំពុងអភិវឌ្ឍន៍)។
លោកស្រី ឪ រ៉ានី ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារី បានផ្ដល់សន្ទរកថាបើកសិក្ខាសាលា ដែលមានខ្លឹមសារផ្ដោតលើសារសំខាន់នៃអ្នកប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានសារគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីបង្កើនការទទួលបាន ព័ត៌មានសម្រាប់សង្គមស៊ីវិល។ លោកស្រីក៏បានបញ្ជាក់ទៀតថា «អ្នកទាំងអស់គ្នា យុវជនជំនាន់ក្រោយ គឺជាអ្នកឈានមុខនាំឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជា ។ ដើម្បីលើកកម្ពស់ការផ្ដល់អំណាចដល់ស្ត្រី ការទទួលបានព័ត៌មាន គឺជាផ្នែកមួយដែលអាចជួយស្ត្រីចូលរួមចំណែក ចែករំលែកព័ត៌មានអំពីធុរកិច្ច ជីវិត និងអភិបាលកិច្ចល្អ ប៉ុន្តែឥទ្ធិពលរបស់វាមិនមែនមានតែសម្រាប់បុរសនោះទេ ស្ត្រីក៏អាចធ្វើបានដែរ» ។ លោកស្រីក៏បានពន្យល់ទៀតថា វត្ថុបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកព័ត៌មានដើម្បីជំរុញឲ្យមាន តម្លាភាពព័ត៌មាន និងការប្រើប្រាស់បណ្ដាញព័ត៌មានសង្គមដើម្បីសម្រេចបានសមភាពយេនឌ័រ។
លោកបណ្ឌិត Raymond សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការវិទ្យាស្ថានបើកទូលាយ បានថ្លែងពីមតិស្វាគមន៍របស់លោកថា «អត្រាអ្នកប្រើអ៊ីនធឺណិតនៅតែមានកម្រិតទាបនៅឡើយនៅក្នុងប្រទេស កម្ពុជា បើ ប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ ប៉ុន្តែការប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញ Facebook មានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ» លោកក៏បានស្នើឲ្យមានការភ្ជាប់ទំនាក់ទំនងកាន់តែច្រើនឡើងថែមទៀត ចំពោះអ្នកដែលរស់នៅតាមទីជនបទ។ លោក ប៊ុត ជិ ប្រធានគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានសម្ដែងការចាប់អារម្មណ៍ថា ព័ត៌មានគឺជាសមាសធាតុដ៏សំខាន់នាំឲ្យមានអភិបាលកិច្ចល្អ។ លោកក៏បានបន្ថែមទៀតថា «ព័ត៌មានគឺជាអំណាច! ព័ត៌មានគឺជាចំណីអាហាររបស់យើង! ព័ត៌មានគឺជាទ្រព្យធននៅក្នុងកិច្ចការជំនួញ!»។ នៅក្នុងសន្ទរកថាបើកសិក្ខាសាលា ឯកឧមត្ដម កឹម គុណវឌ្ឍន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជា (ទទក) បានបញ្ចេញចំណាប់អារម្មណ៍ថា បញ្ហាមិនត្រឹមតែការមិនអាចទទួលបានព័ត៌មាននោះទេ ប៉ុន្តែក៏មានបញ្ហាច្រើនទៀតមកពីអក្ខរកម្ម និងកង្វះចំណេះដឹងអំពីរបៀបចែករំលែកព័ត៌មានឲ្យបានសមរម្យ និងជាវិជ្ជមាន។ ឯកឧមត្ដមក៏បានសម្ដែងបន្តទៀតថា Facebook ជាឧបករណ៍មួយដែលមានប្រយោជន៍ដើម្បីចែករំលែកព័ត៌មានដល់មនុស្សភាគ ច្រើន។ លោកក៏បានស្នើទៀតថា «យុវជនទាំងអស់គួរចូលរួមចំណែកចែករំលែកព័ត៌មាន។យើងពិតជាមាន មោទនភាពណាស់ដែលថ្នាក់ដឹកនាំនយោបាយមួយចំនួនមាន Facebook ប្រើប្រាស់ ហើយប្រភេទនៃទំនាក់ទំនងបែបនេះរវាងយុវជន និងថ្នាក់ដឹកនាំ គឺមានប្រសិទ្ធភាពក្នុងការបញ្ចេញនូវសំឡេងដែលយើងចង់ប្រាប់ឲ្យ ដឹង អ្វីដែលយើងទាមទារ និងមធ្យោបាយដែលយើងអាចជំរុញឲ្យមានការផ្លាស់ប្ដូរនូវអ្វីដែល យើងចង់បាន»។
មានវាគ្មិនកិត្តិយសចំនួនបួនរូបបានអញ្ជើញចូលរួមក្នុងការធ្វើ បទបង្ហាញនៅក្នុងសិក្ខាសាលានេះផងដែរ។ លោក ណុប វី ប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានធ្វើបទបង្ហាញពីគោលបំណង និងបេសកម្មរបស់ CCIM អំពីការប្រើប្រាស់ព័ត៌មានឲ្យមានភាពឯករាជ្យ វិទ្យុសំឡេងលទ្ធិប្រជាធិបតេយ្យ និងចំនួនសារ SMS ច្រើនផ្ញើចេញ ដើម្បីផ្ដល់ព័ត៌មាន និងអំណាចដល់ប្រជាពលរដ្ឋកម្ពុជា។ ចំណែកឯលោក ផាន ភ័ព្វបូរមី ប្រធានកម្មវិធីសិទ្ធិទទួលព័ត៌មាន នៅវិទ្យាស្ថានគោលនយោបាយ និងការតស៊ូមតិ (API) បានពន្យល់ថា វាជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន ហើយយើងគួរតែជំរុញឆ្ពោះទៅមុខឲ្យរដ្ឋាភិបាលបើកទូលាយក្នុងការ ទទួលយកព័ត៌មាន។ លោកក៏បានបន្តទៀតថា «ប្រទេសជាង ៦០ មានរដ្ឋាភិបាលបើកទូលាយ ហើយប្រទេសកម្ពុជាមិនទាន់ឈានដល់ចំណុចនោះនៅឡើយទេ។ នៅពេលដែលរដ្ឋាភិបាលមានគណនីភាព និងតម្លាភាព នោះប្រជាពលរដ្ឋនឹងជឿទុកចិត្តចំពោះរដ្ឋាភិបាល»។នគណនីភាព និងតម្លាភាព នោះប្រជាពលរដ្ឋនឹងជឿទុកចិត្តចំពោះរដ្ឋាភិបាល។"
លោក ពេជ្រ ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា (Transparency International) បានគាំទ្រឲ្យមានការចូលរួមរបស់យុវជនកាន់តែច្រើនឡើងថែមទៀត «យុវជនជាទំពាំងស្នងឫស្សី ជាភ្នាក់ងារដើម្បីមានការផ្លាស់ប្ដូរសង្គម" ។ លោកក៏បានបង្ហាញទៀតថា កម្មវិធីទូរស័ព្ទទំនើបឈ្មោះថា "Bribespot.com” ដែលអាចទាញយក និងប្រើប្រាស់បានដោយប្រជាពលរដ្ឋក្នុងការរាយការណ៍ទម្រង់នៃការ ស៊ីសំណូកសូកប៉ាន់តាមទីកន្លែង ប្រភេទនៃផ្ដោះប្ដូរ ភាគីដែលពាក់ព័ន្ធ កាលបរិច្ឆេទ និងចំនួនទឹកប្រាក់។ លោកស្រី សុក សុគន្ធា ប្រធានកម្មវិធីនៃអង្គការវិទ្យាស្ថានបើកទូលាយ បានពិភាក្សាពីសារសំខាន់នៃការចូលរួមរបស់យុវជនក្នុងការប្រើប្រាស់ បណ្ដាញព័ត៌មានសង្គម ដូចជាការប្រកាសផ្សព្វផ្សាយការពិភាក្សាអំពីការអភិវឌ្ឍទំព័រ បណ្ដាញ Facebook ដែលជាមធ្យោបាយក្នុងការបង្កើនសំឡេងយុវជនចូលរួមក្នុងការតស៊ូមតិ ដើម្បីសមភាព និងសិទ្ធិមនុស្ស។ តាមរយៈបទបង្ហាញទាំងបួនរបស់វាគ្មិន ខ្លឹមសារច្បាស់រួមមួយដែលស្ដែងចេញពីសិក្ខាសាលានេះ គឺ បច្ចុប្បន្ន ដល់ពេលវេលាដែលត្រូវបណ្ដាក់ទុនក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាល ICT ផ្សេងៗដល់យុវជន ព្រមទាំងលើកកម្ពស់ការចូលរួមសកម្មភាព ចែករំលែកចំណេះដឹង និងឧបករណ៍បច្ចេកវិទ្យាដើម្បីទទួលបានតម្លាភាពព័ត៌មាន និងគណនីភាព។ យល់ស្របតាមមនោគមន៍វិទ្យា និងគម្រោងផ្ដួចផ្ដើមនេះ ប្រទេសកម្ពុជាត្រូវខិតខំយ៉ាងខ្លាំងក្នុងការអនុវត្តអភិបាលកិច្ច ល្អមូលដ្ឋាន និងផ្ដល់សមភាពដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ។
វគ្គសំណួរ និងចម្លើយត្រូវបានធ្វើឡើងដើម្បីផ្ដល់ឱកាសឲ្យអ្នកចូលរួម ពិភាក្សាគ្នាដោយបើកទូលាយ។ សំណួរជាក់លាក់មួយបានដាក់ដោយលោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិនៃអង្គការវិទ្យាបើកទូលាយ ផ្ដោតលើស្ថានភាពបច្ចុប្បន្ននៃសេចក្ដីព្រាងច្បាប់នៃការទទួលបាន ព័ត៌មាន ដែលថាតើវាអាចធ្វើបានក្នុងការពិភាក្សាជាសាធារណៈដែរ ឬទេ។ ឯកឧមត្ដម កឹម គុណវឌ្ឍន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជា បានឆ្លើយតបថាគោលនយោបាយការទទួលបានព័ត៌មាន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការព្រាង និងមានជំហានសំខាន់ៗជាច្រើនដែលត្រូវតែបំពេញតាម ដែលផ្នែកខ្លះនៃគោលនយោបាយអាចត្រូវបានដាក់បញ្ចូលទៅក្នុងច្បាប់ ទទួលបានព័ត៌មាន មុនពេលវាអាចត្រូវបានចែករំលែកដល់សាធារណៈជន និងដៃគូពាក់ព័ន្ធ។
អំឡុង ពេលសិក្ខាសាលា អ្នកចូលរួមត្រូវបានបែកចែកជាក្រុមពិភាក្សាតូចៗដើម្បីឆ្លើយសំណួរ មួយចំនួនដូចជា «ពិភាក្សាបញ្ហាប្រឈមរបស់យុវជនទាក់ទងនឹងការបង្កើនតម្លាភាព និងការទទួលបានព័ត៌មាន»។ វគ្គនេះមានការចូលរួមយ៉ាងខ្លាំងក្លា និងស៊ីជម្រៅសម្រាប់អ្នកចូលរួមដែលយើងសង្កេតឃើញតាមរយៈដំណើរការ និងការអនុវត្តព័ត៌មានដែលពួកគេទើបទទួលបានថ្មីៗតាមរយៈបទបង្ហាញ នៅក្នុងសិក្ខាសាលានេះ។ ការពិភាក្សាបានរកឃើញថាបញ្ហាប្រឈមភាគច្រើនសម្រាប់យុវជនគឺថា លំហូរ ព័ត៌មានដោយសេរីពេលខ្លះផ្តល់នូវព័ត៌មានមិនត្រឹមត្រូវដែលមាន ផលប៉ះពាល់អវិជ្ជមានទៅលើយុវជន។យុវជនត្រូវការរៀនដើម្បីកំណត់ពីប្រភព ព័ត៌មានឲ្យបានច្បាស់លាស់។ រាល់ចម្លើយទាំងអស់ត្រូវបានប្រមូល និងប្រើប្រាស់សម្រាប់ការវិភាគ និងអនុវត្តនៅថ្ងៃក្រោយ ។
ឥទ្ធិពលជាវិជ្ជមាននៃការប្រើប្រាស់ ICT ក្នុងការលើកកម្ពស់ឲ្យមានតម្លាភាពគឺជារឿងជាក់ស្ដែងមួយដែលបាន បង្ហាញដោយអ្នកឈ្នះរង្វាន់ Facebook ទាំង ១០រូប នៅអំឡុងពេលសិក្ខាសាលានេះ។ អ្នកឈ្នះបានចែករំលែកការពិភាក្សាអំពីការអភិវឌ្ឍទំព័រ Facebook ដ៏មានសារសំខាន់ និងពាក់ព័ន្ធអ្វីមួយសម្រាប់ពួកគេក្នុងនាមជាពលរដ្ឋកម្ពុជាដែល មានគោលបំណងចែករំលែកព័ត៌មាន និងបញ្ចេញសំឡេងអំពីកង្វល់របស់ពួកគេនៅក្នុងសង្គម។ នៅពេលមានសំណួរមួយបានលើកឡើងសួរដល់អ្នកឈ្នះថា ហេតុអ្វីពួកគេយល់ថាទំព័រ Facebook មានសារសំខាន់ កញ្ញា យីម ចាន់វិនិត អ្នកឈ្នះម្នាក់បានឆ្លើយថា «ខ្ញុំជាស្ត្រី វាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាស្ត្រីម្នាក់ដើម្បី ចែករំលែកព័ត៌មានអំពីជីវិតរស់នៅរបស់យើង។ យើងគួរចែករំលែកព័ត៌មានប្រភេទនេះដល់ប្រជាជនផ្សេងទៀតដើម្បីឲ្យ ពួកគេជួយប្រជាជនផ្សេងបានយល់ដឹង និងរស់នៅបានប្រសើរនៅក្នុងសង្គម»។ និស្សិតម្នាក់ឈ្មោះ កុសល ជាអ្នកឈ្នះម្នាក់ដែរ ក៏បានបញ្ចេញមតិថា «ខ្ញុំចង់ចែករំលែកព័ត៌មាន និងអភិវឌ្ឍន៍ប្រទេស។ វាពិតជាសំខាន់ណាស់ក្នុងការចែករំលែកចំណេះដឹងរួមគ្នា។ រង្វាន់នេះមិនមែនជាគោលបំណងចុងក្រោយរបស់ខ្ញុំទេ ប៉ុន្តែក្នុងនាមជាយុវជនម្នាក់វាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការ ចែករំលែកព័ត៌មានថ្មី និងចំណេះដឹងទៅដល់មិត្តិភ័ក្ដិរបស់ខ្ញុំ»។
សន្ទរកថាបិទសិក្ខាសាលាបានផ្ដោតលើគោលគំនិតនៃដំណើរការដែលបានធ្វើ កន្លងមកជាងមួយទសវត្សរ៍មកនេះ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ យើងត្រូវតែបន្តការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា និងរិះរកមធ្យោបាយបង្កើនការចូលរួមរបស់យុវជនក្នុងការប្រើប្រាស់ ICT ដើម្បីលើកកម្ពស់តម្លាភាព និងគណនីភាពសង្គម។ លោកស្រី ជឹម ម៉ាណាវី បានមានប្រសាសន៍ថា លោក ចាន់ ណាត ជាប្រធាន និងលេខាធិការនៃសមាគមន៍បច្ចេកវិទ្យាព័ត៌មានកម្ពុជា (CITA) បានសម្គាល់ថា «គ្រប់វិស័យទាំងអស់ តម្លាភាពដើរតួនាទីយ៉ាងសំខាន់។ កាលពីអតីតកាល យើងពិបាកទទួលបានព័ត៌មាន ប៉ុន្តែបច្ចុប្បន្នយើងមានបណ្ដាញសង្គម។ លោកក៏បានបន្តទៀតថា ប្រជាពលរដ្ឋជិត ២ លាននាក់កំពុងប្រើប្រាស់បណ្ដាញសង្គម និងនៅពេលអ្នកចែករំលែកព័ត៌មានអ្វីមួយដល់ប្រជាជន នោះប្រជាជនរាប់លាននាក់នឹងទទួលបានវា។ យើងសង្ឃឹមថា ពួកគេយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបែបនេះក្នុងការ លើកកម្ពស់តម្លាភាពសង្គម»។ លោក ប៊ុត ជិ ប្រធានគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន បានធ្វើសេចក្ដីសន្និដានថា វគ្គផ្ដល់ការអប់រំ និងភាពចាំបាច់សម្រាប់កម្ពុជាដើម្បីយល់ដឹងពីសារៈសំខាន់នៃ បច្ចេកវិទ្យា ដែលជាកត្តាមួយប្រសើរ និងពង្រីកការផ្សព្វផ្សាយព័ត៌មានបានកាន់តែប្រសើរ។