ទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៤ - «កម្មវិធីស្ថាបនាភាពជាដៃគូដើម្បីបរិយាកាសទំនាក់ទំនងបែបច្នៃប្រឌិត» (SPICE) ដែលជាគម្រោងមួយផ្ដល់ថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវបានជាប់រង្វាន់ក្នុងការប្រកួត «រង្វាន់ប្រើទូរស័ព្ទចល័តជាដំណោះស្រាយសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី» នៅក្នុងកម្មវិធីវេទិកាប្រើទូរស័ព្ទជាដំណោះស្រាយដែលប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃកាលទីថ្ងៃទី ៦ ខែ មករា ឆ្នាំ២០១៤។ អង្គការវិទ្យាស្ថានបើកទូលាយ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលអនុវត្តកម្មវិធី SPICE ក្នុងប្រទេសកម្ពុជា។ លោក ហាបៀរ សូឡា (Javier Sola) ជានាយកកម្មវិធី SPICE បានទទួលពានរង្វាន់នេះក្នុងនាមកម្មវិធី។
តាមរយៈកម្មវិធី SPICE អង្គការវិទ្យាស្ថានបើកទូលាយជួយអង្គការសង្គមស៊ីវិលកម្ពុជាអភិវឌ្ឍសេវាព័ត៌មានដោយប្រើប្រព័ន្ធឆ្លើយតបជាសំឡេង (IVR) ដែលប្រព័ន្ធនេះអនុញ្ញាតឲ្យពួកគេផ្ដល់ព័ត៌មាន និងសេវាកម្មផ្សេងៗដើម្បីលើកកម្ពស់ជីវភាពរស់នៅនៃអ្នកទទួលផលរបស់ពួកគេតាមរយៈទូរស័ព្ទចល័ត។ ប្រព័ន្ធ ឆ្លើយតបជាសំឡេង (IVR) ជាបច្ចេកវិទ្យាដែលបានបង្កើតឡើងយ៉ាងល្អនៅក្នុងបណ្ដាប្រទេសលោកខាងលិចដែលគេបានប្រើប្រាស់ ដើម្បីឆ្លើយតបតាមទូរស័ព្ទនូវសារព័ត៌មានដែលបានថតទុកជាមុន។ កម្មវិធី SPICE គឺជាកម្មវិធីដំបូងមួយដែលដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាខ្នាតធំបែបនេះសម្រាប់ការអភិវឌ្ឍ ។
ប្រព័ន្ធនេះមានអ្នកប្រើប្រាស់ជាច្រើនរួចហើយនៅក្នុងប្រទេសកម្ពុជា។ សេវាដែលប្រើប្រព័ន្ធនេះបានអភិវឌ្ឍឡើងដើម្បីជូនដំណឹងអ្នកបោះឆ្នោតកម្ពុជាអំពីទីកន្លែង និងវិធីបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៥ ឆ្នាំ ២០១៣ ដែលត្រូវបានប្រើប្រាស់ដោយមនុស្សជាង ៦០០.០០០ នាក់។ សេវាមួយទៀតកំពុងត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយអត្រាមរណភាពទារកតាមរយៈការជូនដំណឹងម្ដាយអំពីគ្រោះថ្នាក់ដែលអាចកើតឡើងក្នុងអំឡុងខែទីមួយនៃទារកដែលទើបកើតថ្មីរបស់ពួកគេ។ នៅមានសេវាមួយផ្សេងទៀតផងដែរដែលត្រូវបានរៀបចំឡើងជាប្រព័ន្ធជូនដំណឹងជាមុនសម្រាប់កសិករដែលប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ។ អង្គការពលកម្មអន្តរជាតិ (ILO) ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីជូនដំណឹងកម្មកររោងចក្រកាត់ដេរកម្ពុជាអំពីសិទ្ធិស្របច្បាប់របស់ពួកគេ។ សេវាជាច្រើនទៀតកំពុងត្រូវបានអភិវឌ្ឍឡើងដែលនឹងជួយអប់រំកម្មករអន្តោប្រវេសន៍ធ្វើការតាមផ្ទះអំពីហានិភ័យផ្សេងៗ និងឱកាសក្នុងការធ្វើអន្តោប្រវេសន៍។
នៅក្នុងពិធីប្រគល់ពានរង្វាន់ លោក ហាបៀរ សូឡា (Javier Sola) បានប្រកាសថារង្វាន់នឹងត្រូវបានប្រើប្រាស់ ដើម្បីជួយក្រុមជនជាតិភាគតិចដែលមិនមានភាសាសរសេរឲ្យស្ដាប់ដើម្បីស្វែងយល់ច្បាប់ភូមិបាលជាភាសាកំណើតរបស់ពួកគេ។ តាមរយៈការបង្កើតសេវាដែលអនុញ្ញាតឲ្យពួកគេស្ដាប់អំពីច្បាប់ និងការពន្យល់ ពួកគេនឹងអាចយល់កាន់តែច្បាស់អំពីសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីរបស់ពួកគេ។
នាយកកម្មវិធីប្រើទូរស័ព្ទជាដំណោះស្រាយនៅ USAID អ្នកនាង Priya Jaisinghai បានកត់សម្គាល់ថា «វាមានតម្លៃខ្លាំងណាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារួមមួយដែលអាចត្រូវបានប្រើប្រាស់ដោយគម្រោងរបស់ USAID លើវិស័យខុសៗគ្នា។ ដោយសារតែកម្មវិធី SPICE អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាបានចូលប្រើប្រាស់ធនធានដែលមានជំនាញខ្ពស់ ដោយមិនចាំបាច់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំនាញបច្ចេកវិទ្យានៅនឹងកន្លែង។ នេះគឺជាគំរូដ៏មានអានុភាពយ៉ាងធំធេង និងជាពានរង្វាន់ដែលស័ក្ដិសមនឹងទទួលបានជាទីបំផុត។»