- Cambodian
- English
ពាក្យ "ហិង្សាលើស្ត្រី" ជាពាក្យបច្ចេកទេសមួយដែលមានលក្ខណៈរួមដែលសំដៅលើហិង្សាដែលសកម្មភាពធ្វើឡើងផ្ដោតជាសំខាន់លើស្ត្រី។ ហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈសាយភាយទោះបីជាមិនមានការរាយការណ៍ក៏ដោយ។ មានប្រភេទនៃហិង្សាជាច្រើនដូចជាហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស។ល។ ការចាប់រំលោភជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនៅប្រទេសកម្ពុជា។ វាត្រូវបានឃើញស្ទើរតែគ្រប់ទម្រង់ទៅហើយនៅលើកាសែត ។ជនរងគ្រោះភាគច្រើន មិនមានភាពក្លាហានក្នុងការនិយាយចេញមកក្រៅនូវបញ្ហាទាំងនេះ ដើម្បីប្ដឹងអ្នកប្រព្រឹត្តិដោយសារពួកគេមានការភ័យខ្លាចថា ពួកគេនឹងត្រូវបានគេមើលងាយ។ លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយមានប្រសាសន៍ទៅកាន់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងវគ្គសិក្សានាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤។
លោកស្រីមានបន្តទៀតថាការបញ្ឈប់ហិង្សាលើស្ត្រីគឺជាការសំខាន់ ដើម្បីធ្វើឲ្យសម្រេចបាននូវសមភាពរវាងបុរស និងស្ត្រី និងផ្ដល់នូវលទ្ធផលនៃការអភិវឌ្ឍល្អ។ ដំណោះស្រាយរយៈពេលវែងនិងខ្លីជាការចាំបាច់ដោយចាប់ផ្ដើមចេញពីការផ្លាស់ប្ដូរជាលក្ខណៈស្ថាប័នរហូតដល់ការជួយជាបន្ទាន់ដល់ជនរងគ្រោះ។ ពេលនេះវាដល់ពេលក្នុងការបញ្ឈប់អំពើហិង្សាហើយ។
តបតាមការស្នើសុំរបស់លោកស្រីសាស្ត្រាចារ្យ ណាកាហ្កាវ៉ា កាស៊ូមិ របស់សាកលវិទ្យាល័យបញ្ញាសាស្រ្តក្នុងការចែករំលែកចំណេះដឹងរបស់គម្រោងស្ដីពីហិង្សាលើស្ត្រីដល់និស្សិតរបស់លោកស្រី នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៤ អង្គការវិទ្យាស្ថានបើកទូលាយបានផ្ដល់វគ្គបណ្ដុះបណ្ដាលមួយនៅទីតាំងអង្គការដោយផ្ទាល់។ វគ្គបណ្ដុះបណ្ដាលទទួលបានការសម្របសម្រួលនិងការគាំទ្រពីអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី និងពីបុគ្គលិកអង្គការវិទ្យាស្ថានបើកទូលាយ។ លោកអ៊ុយ សារ៉េត ប្រធានគម្រោងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រីរបស់អង្គការវិទ្យាស្ថានបើកទូលាយ និងកញ្ញា Yuki Lo មន្ត្រីត្រួតពិនិត្យ និងតាមដានរបស់ អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាចដល់ស្ត្រីបានចែករំលែកនូវបទបង្ហាញរបស់គម្រោងទៅកាន់និស្សិតច្រើនជាង២០រូប ស្ដីពីបញ្ញត្តិហិង្សាក្នុងន័យទូលាយ និយមន័យ ប្រភេទនិងធម្មជាតិនៃហិង្សា និងវិធីសាស្ត្រដើម្បីត្រួតពិនិត្យការឆ្លុះបញ្ចាំងរបស់ប្រព័ន្ធផ្សព្វផ្សាយស្ដីពីហិង្សាលើស្ត្រីនៅប្រទេសកម្ពុជា។ គោលបំណងនៃការធ្វើបទបង្ហាញនេះគឺធ្វើឲ្យនិស្សិតយល់ដឹងកាន់តែស៊ីជម្រៅពីអត្ថន័យនៃពាក្យហិង្សាលើស្ត្រីនិងអាចជួយលើកកម្ពស់សមភាពយេនឌ័រក្នុងប្រទេសកម្ពុជា។
លោកអ៊ុយ សារ៉េត បានបង្ហាញអំពីពាក្យ"អំពើហិង្សាលើស្ត្រី"។ ពាក្យនេះមានន័យថាជាការបំពានដោយចេតនាលើរាងកាយ ផ្លូវចិត្ត និងផ្លូវភេទលើស្ត្រី ដោយសារតែជីវសាស្ត្រភេទរបស់ពួកគេនិង/ឬតួនាទីក្នុងសង្គមរបស់ពួកគេ។ បន្ទាប់មកទៀតគឺការបង្ហាញពីប្រភេទនិង ធម្មជាតិនៃអំពើហិង្សាដោយប្រើនិយមន័យនៃអង្គការសុខភាពពិភពលោកនិងពីច្បាប់ជាតិនិងច្បាប់អន្តរជាតិ ក៏ដូចជាអនុសញ្ញាដែលទាក់ទងទៅនឹងអំពើហិង្សាជាទូទៅនិងនៅក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយលោកបានធ្វើបទបង្ហាញវិធីសាស្ត្រស្រាវជ្រាវដែលត្រូវប្រើប្រាស់នៅក្នុងការពិនិត្យតាមដានប្រព័ន្ធផ្សព្វផ្សាយ។
លើសពីនេះទៀត កញ្ញា Yuki Lo បានណែនាំដោយសង្ខេបអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការការពារជនរងគ្រោះ។ កញ្ញាបានពន្យល់យ៉ាងស៊ីជម្រៅពីវដ្ដនៃអំពើហិង្សានិងការបង្កើតជាអនុសាសន៍ជាភស្តុតាងដែលមានមូលដ្ឋានដើម្បីបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយពីការធ្វើឲ្យមានការរងគ្រោះម្ដងទៀត ការស្ដីបន្ទោសលើជនរងគ្រោះ ការទទួលយកឬការដោះសាររាល់ទង្វើនៃអំពើហិង្សានិងការធ្វើឲ្យមានសេចក្ដីថ្លែងការណ៍លំអៀងយេនឌ័រ។ កញ្ញាបានលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកកម្ពស់បទដ្ឋានសមធម៌យេនឌ័រប្រកប ថ្កោលទោសរាល់ទម្រង់ណាមួយនៃអំពើហិង្សាលើស្ត្រី និងការពារជនរងគ្រោះនៃអំពើហិង្សានិងការបំពេញកាតព្វកិច្ចសម្រាប់សេវាឆ្លើយតបនិងការទទួលបានយុត្តិធម៌។
នៅចុងបញ្ចប់នៃការបណ្ដុះបណ្ដាល និស្សិតមានការយល់ច្បាស់ពីគំនិតទាក់ទងនឹងអំពើហិង្សាលើស្ត្រីដែលរួមទាំងមានសំណួរជាច្រើនស្ដីយេនឌ័រ និងអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជា។ បុគ្គលិកនៃអង្គការវិទ្យាស្ថានបើកទូលាយបានសម្ដែងនូវអរគុណជាថ្មីម្ដងទៀតដល់បុគ្គលិកអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រីក្នុងការផ្ដល់នូវបទបង្ហាញដ៏មានផ្លែផ្កា និងបង្ហាញភាពជាដៃគូដ៏ល្អឥតខ្ចោះក្នុងការផ្ដល់និងការចែករំលែកចំណេះដឹងទាក់ទងនឹងអំពើហិង្សាលើស្ត្រី។
អង្គការវិទ្យាស្ថានបើកទូលាយគឺជាអង្គការមិនមែនរដ្ឋាភិបាលនិងមិនរកប្រាក់ចំណេញដែលមានទស្សនៈវិស័យស្ដីពីប្រទេសកម្ពុជាថាជាប្រទេសមួយ ដែលមានសាយភាយឳកាសក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ពត៌មាន ការទំនាក់ទំនងនិង បច្ចេកវិទ្យាដែលនាំធ្វើឲ្យមានការអភិវឌ្ឍហើយនឹងការប្រែប្រួលក្នុងសង្គមច្រើនជាងមុន។ ថ្មីៗនេះអង្គការវិទ្យាស្ថានបើកទូលាយបានទទួលការគាំទ្រ មូលនិធិពីអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ដើម្បីសិក្សាលើគម្រោងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនៅកម្ពុជា។ គម្រោងនឹងប្រមូលនិងកត់ត្រាព័ត៌មានអំពីអំពើហិង្សាលើស្ត្រី ដើម្បីអាចចាប់ផ្ដើមបង្កើតនូវបណ្ដាយុទ្ធសាស្ត្រដែលធ្វើឲ្យមានការថយចុះដ៏មានសារៈសំខាន់នូវអំពើហិង្សា និងកាត់បន្ថយនូវរូបភាពអវិជ្ជមានទាក់ទងនឹងស្ត្រីក្នុងប្រព័ន្ធផ្សព្វផ្សាយ។