ភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៣
តើលោកអ្នកចាប់អារម្មណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ អង្គការរបស់លោកអ្នកឬទេ? កម្មវិធីស្ត្រីរបស់អង្គការវិទ្យាស្ថានបើកទូលាយ (Open Institute) ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការឥណ្ឌាដែលមានឈ្មោះថា Digital Empowerment Foundation (DEF) និង Public Interest Registry (.ORG) នឹងរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃដោយឥតថ្លៃ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្នុងគោលបំណងជួយអង្គការសង្គមស៊ីវិលបង្កើនការចូលរួមរបស់ពួកគេនៅ លើបណ្ដាញអ៊ីនធឺណិត។ ព្រឹត្តិការនេះនឹងផ្ដល់នូវការបណ្ដុះបណ្ដាលដល់អង្គការសង្គមស៊ីវិល សាមញ្ញចំនួនពី ៣០ ទៅ ៥០ អង្គការ ដែលមិនទាន់បានចាប់ផ្ដើមអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងឧបករណ៍ឌីជីថលសម្រាប់បម្រើឲ្យការងាររបស់ពួកគេ ហើយដែលប្រហែលជាមិនទាន់មានតំបន់បណ្ដាញរបស់អង្គការ ឬអង្គការដែលមានបំណងចង់សិក្សាស្វែងយល់បន្ថែមអំពីឧបករណ៍សំខាន់ៗ នៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីប្រើប្រាស់វាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ អង្គការមិនមែនរដ្ឋាភិបាលទាំងអស់អាចចូលរួមជាមួយបណ្ដាញ e-NGO ដែលជាបណ្ដាញអេឡិចត្រូនិកធំមួយនៅអាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌា www.pirengo.org ។ ក្នុងអំឡុងពេលបណ្ដុះបណ្ដាល យើងនឹងជួយអង្គការសង្គមស៊ីវិលអភិវឌ្ឍជំនាញដែលនឹងផ្ដល់ភាពអង់ អាចដល់ពួកគេដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងពង្រឹងសមត្ថភាពរបស់ពួកគេដើម្បី រួមចំណែកធ្វើឲ្យសង្គមកម្ពុជាកាន់តែប្រសើរឡើង។ យើងក៏នឹងផ្ដល់ដល់ពួកគេនូវតំបន់បណ្ដាញ និងសេវាបង្ហោះដោយឥតគិតថ្លៃសម្រាប់រយៈពេលមួយឆ្នាំសម្រាប់អង្គការ និមួយៗ។ អង្គការសង្គមស៊ីវិលណាដែលចាប់អារម្មណ៍ចូលរួម និងចង់បង្កើនការទទួលស្គាល់ ឬអត្តសញ្ញាណរបស់ខ្លួននៅលើបណ្ដាញអ៊ីនធឺណិត សូមផ្ញើខ្លឹមសារសម្រាប់តំបន់បណ្ដាញរបស់ខ្លួន មកអង្គការវិទ្យាស្ថានបើកទូលាយ ដើម្បីយើងអាចបង្កើតតំបន់បណ្ដាញជូនលោកអ្នក។ សូមលោកអ្នកទាញយកទម្រង់គំរូរបស់យើងនៅក្នុងឯកសារដែលជូនភ្ជាប់ មកជាមួយ រួចបំពេញព័ត៌មានអំពីអង្គការលោកអ្នកទៅក្នុង ទម្រង់ គំរូនេះ រួច សូមផ្ញើមក borovin38@gmail.com ឲ្យបានមុនថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលោក បេត បុរិន មន្ត្រីទំនាក់ទំនងកម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ តាមរយៈលេខទូរស័ព្ទ ០៨៦ ២៣៥ ៣៥២/០៩៧៨ ១៣៧ ៦៣៨ ឬ តាមរយៈអ៊ីមែល borovin38@gmail.com
ទាញយក