នៅក្នុងព្រឹត្តិការណ៍បណ្ដុះបណ្ដាលបែបច្នៃប្រឌិត និងធំបំផុតសម្រាប់អង្គការសង្គមស៊ីវិល (CSOs) ក្នុងឆ្នាំនេះ សិក្ខាសាលាបោះជំរុំកម្ពុជាបើកទូលាយ ២០១៤បានប្រមូលផ្ដុំបុគ្គលិកកម្មវិធី និងបច្ចេកទេសជាង ១០០ នាក់មកពីអង្គការសង្គមស៊ីវិលចំនួន ៧០ ដែលធ្វើការក្នុងផ្នែកសុខភាព ការជួញដូរមនុស្ស ចំណាកស្រុក និងសិទ្ធិមនុស្សមកជួបជុំគ្នាកាលពីសប្ដាហ៍មុននាខេត្តព្រះសីហនុ ។ សិក្ខាសាលាបោះជំរុំមានរយៈពេលមួយសប្ដាហ៍ដែលបានរៀបចំដោយអង្គការវិទ្យាស្ថានបើកទូលាយផ្ដល់ថវិកា ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈ កម្មវិធីកម្មវិធី SPICE និង Development Innovationនេះបានរៀបចំសម្របសម្រួលការរៀនបែបសហការក្នុងចំណោមអ្នកចូលរួមស្ដីពីប្រធានបទមួយចំនួនទាក់ទងនឹងការតស៊ូមតិបែបអេឡិចត្រូនិក(E-advocacy) សុវត្ថិភាពទិន្នន័យនិងការប្រាស្រ័យទាក់ទងកម្រិតមូលដ្ឋានសម្រាប់អង្គការសង្គមស៊ីវិល។
អាស្រ័យលើឯកទេសខាងយុទ្ធសាស្ត្រ និងខាងបច្ចេកទេសរបស់អ្នកចូលរួម សិក្ខាសាលាត្រូវបានស្ថាបនាឡើងដើម្បីឲ្យប្រាកដថា អ្នកចូលរួមនិមួយៗបានបញ្ចប់សិក្ខាសាលារយៈពេលមួយសប្ដាហ៍ដោយពាំនាំនូវកម្រិតចំណេះដឹង និងជំនាញអនុវត្តខ្ពស់ ជាមួយនឹងចំណេះដឹងថ្មីៗដោយផ្ដោតជាពិសេសលើប្រធានបទមួយចំនួនដែលពួកគេចង់សិក្សាបំផុតក្នុងផ្នែកតស៊ូមតិ និងសុវត្ថិភាព ។
នៅក្នុងសិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណជា ៣០% បានធ្វើជាអ្នកសម្របសម្រួលលើប្រធានបទជំនាញរបស់ពួកគេ បណ្ដុះបណ្ដាលអ្នកចូលរួមផ្សេងទៀត និងរៀនពីអ្នកចូលរួមទាំងនោះវិញដែរនៅក្នុងវគ្គសិក្សាដោយឡែកៗបែបអន្តរកម្ម ។ វគ្គសិក្សាខ្លះៗក្នុងចំណោមវគ្គសិក្សាទាំងនេះមានអ្នកចូលរួមដល់ទៅ ២០នាក់ ប៉ុន្តែសិក្ខាសាលាក៏បានជំរុញឲ្យក្នុងការបណ្ដុះបណ្ដាលអ្នកចូលរួមមួយទល់មួយផងដែរ នូវជំនាញដែលគេបានចែករំលែកក្នុងចំណោមអ្នកចូលរួមតាមការស្នើសុំ។
ប្រធានបទជាច្រើនដែលសិក្ខាសាលាបានផ្ដល់ជូនរាប់ចាប់ពីការពិភាក្សារួមគ្នាលើយុទ្ធសាស្ត្រតស៊ូមតិ និងកាប្រើប្រាស់កម្មវិធីលើអ៊ីនធឺណិតឲ្យបានត្រឹមត្រូវក្នុងយុទ្ធនាការតស៊ូមតិ រហូតដល់វគ្គបច្ចេកទេសផ្សេងៗដូចជា ការប្រើប្រាស់រូបភាពទិន្នន័យដើម្បីចែកចាយគំនិតដ៏មានប្រសិទ្ធភាព ការប្រើប្រាស់ផែនទី វីដេអូ រូបថត និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗក្នុងការតស៊ូមតិ កម្មវិធី ការចែកចាយព័ត៌មានលើអ៊ីនធឺណិត(crowdsourcing) ការប្រើប្រាស់ប្រព័ន្ធឆ្លើយតបជាសំឡេង(IVR) ការប្រើប្រាស់ ពពក(Cloud) និងមធ្យោបាយផ្សេងៗទៀតដើម្បីប្រាកដថាមានសុវត្ថិភាពក្នុងការប្រាស្រ័យទាក់ទង និងមានវគ្គជាច្រើនទៀត។
អ្នកចូលរួមក្នុងសិក្ខាសាលានៅពេលដំបូងពួកគេមានការភ្ញាក់ផ្អើលជាមួយនឹងវិធីសាស្ត្របណ្ដុះបណ្ដាលបែបសហការដែលកំពុងត្រូវបានប្រើប្រាស់ ប៉ុន្តែពួកគេបានយល់ភ្លាមៗថាសិក្ខាសាលានេះបាននឹងកំពុងផ្ដល់ឲ្យពួកគេនូវមូលដ្ឋានកាន់តែល្អដើម្បីសិក្សាពីអ្នកចូលរួមផ្សេងៗទៀត និងដើម្បីផ្ដល់អ្វីដែលពួកគេបានដឹង។
លោករិទ្ធិយ៉ា ខាន់ ដែលជាសិក្ខាកាមម្នាក់មកពីអង្កការមួយ បានបង្ហាញចំណាប់អារម្មណ៍ថា "សិក្ខាសាលាកម្ពុជាបើកទូលាយបើកច្រកទ្វារទៅកាន់ការតស៊ូមតិប្រកបដោយភាពច្នៃប្រឌិតសម្រាប់យើងទាំងអស់គ្នា" ។
លោក ហាបៀ សូឡា (Javier Solá) ជានាយកកម្មវិធីនៅអង្គការវិទ្យាស្ថានបើកទូលាយ បានគូសបញ្ជាក់ថា "សិក្ខាសាលាបានបង្កើតបណ្ដាញអ្នកដឹកនាំការតស៊ូមតិដ៏រឹងមាំមួយដែលពួកគេមានបទពិសោធន៍រួចហើយ ដោយចែករំលែកជាមួយគ្នានូវអ្វីដែលពួកគេដឹង និងអ្នកដែលយើងសង្ឃឹមថានឹងបន្តធ្វើការងារនេះ ដោយពង្រឹងវិស័យអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។”
កម្ពុជាបើកទូលាយឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយ ដោយមានជំនួយបច្ចេកទេសពីអង្គការ Aspiration មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាអង្គការមិនរកប្រាក់ចំណេញដែលមានជំនាញជួយអង្គការសង្គមស៊ីវិលឲ្យភ្ជាប់ទំនាក់ទំនងជាមួយដំណោះស្រាយដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដែលជួយពួកគេឲ្យអនុវត្តការងារបានកាន់តែប្រសើរឡើង។ អង្គការ FabRiders ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក៏បានជួយសម្របសម្រួលសិក្ខាសាលានេះផងដែរ។
លោក Allen Gunn ជានាយកប្រតិបត្តិរបស់ Aspiration បានកត់សម្គាល់ថា "នេះជាសិក្ខាសាលាដែលមានលក្ខណៈរស់រវើកតែមួយគត់ ដែលមានភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លា និងសហការដ៏ស្វាហាប់បំផុត។ អ្នកសម្របសម្រួលពិតជាបានបង្កើតបរិយាកាសដ៏មានប្រសិទ្ធភាពសម្រាប់ការសិក្សា ហើយអ្នកចូលរួមមានទំនាក់ទំនងគ្នារហូតដល់ចប់។ ខ្ញុំសប្បាយចិត្តនឹងឃើញវិធីដែលពួកគេម្នាក់ៗអនុវត្តការសិក្សាតាមវិធីផ្សេងៗរបស់ពួកគេបន្ទាប់ពីសិក្ខាសាលា។”
វិទ្យាស្ថានបើកទូលាយ គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ ដែលប្រមើលមើលថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយ ដែលប្រជាជនមានសិទ្ធិស្មើគ្នាក្នុងការចូលទៅកាន់ ចំណេះដឹង និងបច្ចេកវិទ្យាព័ត៌មាន ។ បេសកកម្មរបស់អង្គការ គឺសម្របសម្រួលការទំនាក់ទំនង និងការចែករំលែកចំណេះដឹងក្នុងការអភិវឌ្ឍន៍សង្គម។
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) គាំទ្រកម្មវិធីជាច្រើនដែលបានរៀបចំឡើងដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ រួមមានកម្មវិធីផ្នែក សុខាភិបាល អប់រំ លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ទីភ្នាក់ងារ USAID ផ្ដល់ជំនួយសរុបចំនួន ៦៥ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទង៖ កញ្ញា ហេង ចាន់ថេង លេខទូរស័ព្ទ៖ ០១២ ៤៣៥ ២៨៦
អ៊ីមែល៖ chantheng@open.org.kh