គម្រោង​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ត្រូវ​បាន​ជ្រើស​ជា​គម្រោង​មួយ ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​ល្អ​បំផុត​ចំនួន​ពីរ

គម្រោង​កម្មវិធី​កម្ពុជា​មួយ ត្រូវ​បាន​ជ្រើស​រើស​ជា​គម្រោង​ល្អ​ជាង​គេ ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​ពីរ ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ។​

គម្រោង​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​/កម្មវិធី​សាលារៀន​បើក​ចំហ​ ជា​គម្រោង​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ចូល​រួម​ធ្វើ​ការ​ប្រកួត​ផ្ដាច់​ ព្រាត់​ Stockholm ដើម្បី​ដណ្ដើម​ពាន​រង្វាន់ GKP​​​ ដែល​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ពីរ ដែល​បាន​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា ក្នុង​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​ ។​ ពាន​រង្វាន់ Stockholm ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ស៊ុយអែត​នេះ គឺ​ជា​ពាន​រង្វាន់​មួយ​ដ៏​​មាន​កិត្យានុភាព សម្រាប់​​គម្រោង​ដែល​​បាន​​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា ដើម្បី​ចូលរួម​នូវ​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ ។​

គម្រោង​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ (KhmerOS) មាន​គោលការណ៍​សាមញ្ញ​ពីរ​គឺ ៖ វា​នឹង​ពុំ​មាន​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​ទេ ប្រសិន​បើ​​ប្រទេស​នោះ​មិន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ និង​ពុំ​មាន​ការ​ផ្សព្វផ្សាយ​ប្រើប្រាស់​បច្ចេកវិទ្យា​អោយ​បាន​ទូ​លាយ​ទេ​ ប្រសិន​បើ​បច្ចេកវិទ្យា​នោះ ពុំ​មាន​ជា​ភាសា​របស់​ប្រទេស​នោះ​ ។​ ដោយ​សារ​តែ​ពុំ​ទាន់​មាន​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ វិស្វករ​ជន​ជាតិ​អេស្ប៉ាញ៉ុល គឺ​លោក​ Javier Solá បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​គម្រោង​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ (KhmerOS) ដោយ​ឥត​គិត​ថ្លៃ​នេះ​ឡើង នៅ​ក្នុង​ឆ្នាំ​ ២០០៤​ ដោយ​ធ្វើ​ការ​បកប្រែ​ និង​បង្កើត​ឡើង​នូវ​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ (ស្លឹក​រឹត​​ នព្វន្ត​ កម្មវិធី​អ៊ីនធឺណិត​ និង​អ៊ីមែល​ជាដើម​) ក៏​ដូច​ជា​ការ​បង្កើត​សម្ភារៈ​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ និង​ឯកសារ​ជា​ច្រើន​ទៀត​ ។​ ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​ក៏​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ផង​ដែរ​ ។​ នៅ​ក្នុង​ឆ្នាំ​ ២០០៥​ និង​ ២០០៦ ដោយ​មាន​កិច្ចសហការ​ជាមួយ​នឹង អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គមនាគមន៍​ ព័ត៌មានវិទ្យា​ (NiDA) គ្រូ​បង្រៀន​រដ្ឋ​ និង​​ឯកជន​ជា​ច្រើន​ពាន់​នាក់​ ព្រម​ទាំង​បុគ្គលិក​រដ្ឋាភិបាល ត្រូវ​បាន​បណ្ដុះបណ្ដាល​អំពី​ការ​ប្រើប្រាស់​នូវ​កម្មវិធី​កុំព្យូទ័រ​ជា​ ភាសា​ខ្មែរ​​ ។ ស្ថាប័ន​កណ្ដាល​ និងរដ្ឋបាល​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ប្រើប្រាស់​នូវ​កម្មវិធី​​កុំព្យូទ័រ​ ជា​ភាសា​ខ្មែរ សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ដោយសារ​តែ​ការ​ប្រើប្រាស់​កម្មវិធី​ជា​ភាសា​អង់គ្លេស​ពុំ​មែន​ជា​ជម្រើស​ដ៏​ ឋិតថេរ​នោះ​ទេ​ ។​ នៅ​ក្នុង​ឆ្នាំ​ ២០០៧​ វិទ្យាស្ថាន​បើក​ទូលាយ​ដែល​ជា​ម្ចាស់​គម្រោង​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចុះ​កិច្ចព្រមព្រៀង​នៃ​ការ​ចាប់​ផ្ដើម​កម្មវិធី​សាលារៀន​បើក​ចំហ​ក្នុង​ ប្រទេស​កម្ពុជា​ ។​ គោលបំណង​នៃ​កម្មវិធី​នេះ​គឺ ដើម្បី​ធ្វើ​ការ​បញ្ច្រាប​នូវ​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​ វិទ្យា​នៅ​ក្នុង​ការ​អប់រំ​ ។​ សកម្មភាព​មុន​ដំបូង​គេ​បង្អស់​នៃ​កម្មវិធី​នេះ​គឺ ធ្វើ​ការ​បណ្ដុះបណ្ដាល​ដល់​គរុ​គ្រូ​នៅ​តាម​សាលា​គរុ​កុសល​ និង​វិក្រិតការ​ទាំង​អស់​ និង​តាម​បណ្ដាល​វិទ្យាល័យ ដែល​មាន​កុំព្យូទ័រ ​​(២៨% នៃ​ចំនួន​វិទ្យាល័យ​សរុប​) នូវ​ការ​បង្រៀន​ និង​ការប្រើប្រាស់​​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ ។​ សៀវភៅ​ពុម្ព​​ស្ដី​ពី​ការ​ប្រើប្រាស់​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ត្រូវ​បាន​បោះពុម្ព​ និងធ្វើ​ការ​ចែក​ទៅ​តាម​សាលា​ ។​ ដូច្នេះ​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​បំផុត ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ប្រភព​កូដ​ចំហ​ និង​ឥត​គិត​ថ្លៃ​​ (Free Software application) តាមរយៈ​ប្រព័ន្ធ​អប់រំ​ ។​ កម្មវិធី​ក៏​បាន​បង្កើត​អោយ​មាន​នូវ​ក្ដារចុច​ជា​ភាសា​ខ្មែរ​ និង​សៀវភៅ​ជា​ច្រើន​ទៀត​ជា​ភាសា​ខ្មែរ​ ។​ ដើម្បី​ធ្វើ​អោយ​មាន​និរន្តរភាព​ បច្ចេកវិទ្យា​សម្រាប់​ការ​បង្កើត​ក្ដារចុច ត្រូវ​បាន​ផ្ទេរ​ដល់​អ្នក​ផ្គត់ផ្គង់​កុំព្យូទ័រ​ដែល​បាន​កំពុង​ផលិត​ និង​លក់​ផលិតផល​នេះ​នៅ​លើ​ទីផ្សារ​ ។​ មាតិកា​នៃ​សៀវភៅ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ដល់​ជន​គ្រប់​រូប ដែល​មាន​គោលបំណង​ធ្វើ​ការ​បោះពុម្ព ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ ។​ ចំណុច​មួយ​ទៀត​នៃ​គម្រោង​នេះ​គឺ ស្វែងរក​ដៃ​គូ​ទី​៣ ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​អោយ​កម្មវិធី​​​នេះ (តម្រូវ​ការ​មូលនិធិ​) ក្លាយ​ទៅ​ជា​អាជីវកម្ម​វិញ ដើម្បី​ជំរុញ​អោយ​មាន​នូវ​និរន្តរភាព​ ។​

គម្រោង​ផ្ដួចផ្ដើម​បង្កើត​អោយ​មាន​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ បាន​សម្រេច​គោលដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០០៤​ ដោយ​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​អាច​ប្រើ​នូវ​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ ។​ ក្នុង​កំឡុង​ពេល​នេះ​ដែរ​ គម្រោង​កម្ម​វិធី​នេះ​បាន​ងាក​មក​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រព័ន្ធ​ អប់រំ​វិញ​ ។​

ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាលារៀន​បើក​ចំហ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​វិទ្យាស្ថាន​បើក​ទូលាយ​នឹង​បង្កើត​នូវ​គម្រោង​ផែនការ​មេ​អំពី​ បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​មួយ សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ ដែល​មិន​គ្រាន់​តែ​ធ្វើ​ការ​ពង្រីក​ការ​ប្រើប្រាស់​កុំព្យូទ័រ​តាម​គ្រប់​ វិទ្យាល័យ​ទាំង​អស់ ក្នុង​រយៈពេល​៤​ឆ្នាំ​ ក៏​ប៉ុន្តែ​នឹង​ធ្វើ​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​គមនាគមន៍​ ព័ត៌មានវិទ្យា ដើម្បី​ពង្រឹង​នូវ​គុណភាព​នៃ​ការ​អប់រំ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ និង​ការ​សិក្សា​ពី​ចម្ងាយ​ និង​ចំហ​ជា​ភាសា​ខ្មែរ​ ។​ សម្រាប់​លោក​ Javier Solá​ ជា​អ្នក​បង្កើត​ និង​ជា​អ្នក​សម្រប​សម្រួល​នៃ​គម្រោង​នេះ​បាន​និយាយ​ថា​ "កត្តា​នៃ​ការ​ជោគជ័យ​សំខាន់​បំផុត​រ​បស់​គម្រោង​កម្ម​វិធី​កុំព្យូទ័រ​ជា​ ភាសា​ខ្មែរ ​(KhmerOS) បាន​ផ្ដល់​នូវ​សមត្ថភាព​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​ជំនាញ​របស់​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ ជា​មួយ​នឹង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​នៃ​សហគមន៍​ប្រភព​កូដ​ចំហ​ និង​ឥត​គិត​ថ្លៃ​ និង​តាម​រយៈ​បទពិសោធន៍​ និង​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​គម្រោង​ផែនការ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ឈ្មួញ ​ពាណិជ្ជកម្ម​ ធ្វើ​យ៉ាង​ណា​អោយ​មាន​និរន្តរភាព​នៃ​ការ​ប្រើប្រាស់ ​"បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​ជា​ភាសា​ខ្មែរ​ក្នុង​តម្លៃ​ទាប ក្នុង​ប្រព័ន្ធ​អប់រំ​ រដ្ឋាភិបាល​ និង​សង្គម​ ដើម្បី​កាត់​បន្ថយ​នូវ​គម្លាត​ខេរូបនីយកម្ម​" ។​

គម្រោង​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ​(KhmerOS) ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ ប្រទេស​អេស្ប៉ាញ៉ុល​ (AECI) អង្គការ​ពង្រឹង​សមត្ថភាព​អាល្លឺម៉ង់​ (InWEnt) និង UNESCO ។

សម្រាប់​ព័ត៌មាន​បន្ថែម​ ៖
http://stockholmchallenge.se/
http://stockholmchallenge.se/data/1237
http://www.khmeros.info
http://www.open.org.kh/osp
http://www.khmeros.info/drupal/?q=en/node/125/

កម្ពុជា