លោកជំទាវស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការ នារី មានមតិបើកវេទិកា ភ្នំពេញ ៣០ ឧសភា ២០១៣ រូបភាព៖ អង្គការវិទ្យាស្ថាន បើកទូលាយវេទិកា ស្ដីពី"ប្រព័ន្ធ ផ្សព្វផ្សាយ និង ប្រព័ន្ធផ្សព្វផ្សាយ សង្គម ចូលរួម បញ្ឈប់ អំពើ ហិង្សាទាក់ទង នឹងយេនឌ័រ" ត្រូវ បាន រៀបចំឡើង នៅ ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០១៣ ដោយអង្គការ វិទ្យា ស្ថានបើកទូលាយ សហការជាមួយក្រសួងកិច្ចការនារី សម្ពន្ធភាព ឃុំ សង្កាត់ ព្រមទាំងអង្គការជាតិនិងអន្តរជាតិចំនួន៨ទៀត។ អញ្ជើញចូលរួមជាប្រធានគណអធិបតីក្នុងវេទិកាពិភាក្សាមាន លោកជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយបាន លើកឡើងពីគោលបំណងនៃវេទិកាពិភាក្សាគឺដើម្បីផ្ដល់ឱកាសឲ្យមាន ការពិភាក្សា អំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹង យេនឌ័រ។ វេទិកានេះក៏មានការពិភាក្សាទៅលើការតាមដានត្រួតពិនិត្យ គម្រោងអំពើហិង្សាទាក់ទងនឹងយេនឌ័រររបស់អង្គការ វិទ្យាស្ថានបើកទូលាយផងដែរ ។ លោកស្រីបានបន្ថែមថា វេទិកានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលុបបំបាត់ឬ បញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រដែលកំពុងតែកើតមានឡើងនៅក្នុង សង្គមកម្ពុជា តាមរយៈការជំរុញការចូលរួមរបស់ ប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនឹងត្រូវ ចែកចាយព័ត៌មានយ៉ាងទូលំទូលាយនាពេលនេះ ។
លោក ប៉ែន សាមិទ្ធី ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការវិទ្យាស្ថានបើកទូលាយ មានប្រសាសន៍ថា វេទិកាដែលបានរៀបចំឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ហើយក៏ជាឱកាសដ៏វិសេសវិសាលមួយ ដែលអនុញ្ញាតឲ្យអ្នកចូលរួមដែលអញ្ជើញមកពីស្ថាប័នផ្សេងគ្នា ទីកន្លែងផ្សេងគ្នា ចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងអំពីថាតើ ប្រព័ន្ធផ្សព្វផ្សាយនិង ប្រព័ន្ធផ្សព្វផ្សាយសង្គម បានដើរតួនាទីយ៉ាងដូចម្ដេចក្នុងការឃ្លាំមើល និងចូលរួមលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ លោកបាន លើកទឹកចិត្តអ្នកចូលរួមគ្រប់គ្នាឲ្យប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម ក្នុងភាពឆ្លាតវៃឲ្យបានទូលំទូលាយថែមទៀតដើម្បីបញ្ឈប់បញ្ហាដ៏ក្ដៅ គគុកនេះក្នុងសង្គមជាតិកម្ពុជា ។ ទន្ទឹមនិងនោះ លោកក៏បានលើកឡើងផងដែរនូវក្ដីបារម្ភ អំពីសមត្ថភាព និង ក្រមសីលធម៌របស់អ្នកសារព័ត៌មាន និងអ្នកសរសេរគេហទំព័រ (bloggers) ក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកបានលើកទឹកចិត្តឲ្យមានគោលការណ៍ណែនាំត្រឹមត្រូវមួយក្នុង ការផ្សព្វផ្សាយបញ្ហាទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីធ្វើឲ្យអត្ថបទអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រមានភាព ទាក់ទាញការអារម្មណ៍ពីសំណាក់អ្នកអានឲ្យយកចិត្តទុកដាក់ទៅលើ បញ្ហានេះ ។
លោក ជំ ទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ បើកកម្មវិធីវេទិកា ពិភាក្សា ដោយបានស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិដែលមានវត្តមានក្នុងវេទិកា នេះ ព្រមទាំងលើកសរសើរដល់អង្គការវិទ្យាស្ថានបើកទូលាយ ។ លោកជំទាវបានមានប្រសាសន៍ថា ក្នុងនាមលោកជំទាវតំណាងឲ្យក្រសួងកិច្ចការនារី និងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវសូមកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះវេទិកាដ៏មាន ប្រយោជន៍ចំពោះអ្នកចូលរួមទាំងអស់ ពីព្រោះថាវេទិកានេះមានសារៈសំខាន់ខ្លាំងក្នុងការរួមចំណែកបញ្ឈប់ អំពើហិង្សាទាក់ទង នឹងយេនឌ័រ ។ លោកជំទាវបានបញ្ជាក់ថា" នេះ គឺ ជា ប្រធានបទ ដំបូង និង គួរឲ្យចាប់អារម្មណ៍មួយដែលមិនទាន់បានធ្វើទ្បើងពីមុនមកទេ" ។ លោកជំទាវក៏បន្តទៀតផងដែរ ថា ដើម្បីបញ្ឈប់ អំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ បាន វាទាមទារឲ្យ មានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់រាជរដ្ឋាភិបាល និង ក្រសួងកិច្ចការនារី ដើម្បីបំពេញទៅលើច្បាប់ នីតិវិធី និងគោលនយោបាយដែលមានស្រាប់ ក្នុងការជំរុញលើកកម្ពស់ សមភាពយេនឌ័រ និងបញ្ឈប់រាល់ទំរង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកជំទាវបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង កិច្ចការនារី ជាអ្នកអនុវត្តទៅលើបញ្ហានេះក្នុងការបង្កើតគោលនយោបាយជាអាទិភាព និងនីតិវិធី ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ កិច្ចការពារជនរងគ្រោះ ការរៀបចំនិងអនុវត្តផែនការសកម្មភាពជាតិស្ដីពីការបញ្ឈប់អំពើ ហិង្សាលើស្ត្រី។ល។
វេទិកាបានលើកឡើងនូវការពិភាក្សាសំខាន់ៗចំនួន២។ ការពិភាក្សាទី១ ស្ដីពី "ពីច្បាប់ គោលនយោបាយ ប្រព័ន្ធផ្សព្វ ផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គមចូលរួមបញ្ឈប់អំពើហិង្សាទាក់ទងនឹង យេនឌ័រ។ ការពិភាក្សាបានផ្ដោតសំខាន់លើភាពខ្លាំងនិងចំណុចដែលគួរកែលម្អ នៃច្បាប់ និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ អំពើ ហិង្សាគ្រប់រូបភាពទាក់ទងនឹងយេនឌ័រ។ ការពិភាក្សាក៏បានផ្ដោត លើតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងការចូលរួមបញ្ឈប់អំពើ ហិង្សាទាក់ទងនឹងយេនឌ័រ អំពីតួនាទី ICT ក្នុងការចែករំលែក ព័ត៌មាន និងទិន្នន័យទាក់ទងអំពើហិង្សាទាក់ទង នឹងយេនឌ័រ និងផលប៉ះពាល់នៃការចែករំលែកព័ត៌មានដ៏ ទូលំទូលាយអំពីបញ្ហាទាំងនេះ តួនាទីរបស់ ICT ក្នុងការ ផ្ដល់ភាពអង់អាចដល់ស្ត្រីតាមរយៈផ្ដល់ចំណេះដឹង និងការផ្លាស់ប្ដូរតួនាទីរបស់ស្ត្រីក្នុងសង្គម និងយុទ្ធសាស្ត្រ នានា ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រដោយប្រើ ICT និងតាមរយៈវិធីសាស្ត្រផ្សេងៗ។ ដោយឡែក ការពិភាក្សាទី២ គឺផ្ដោតសំខាន់លើការត្រួតពិនិត្យវាយតម្លៃគម្រោងអំពើហិង្សាទាក់ទង នឹងយេនឌ័រនៃអង្គការ វិទ្យាស្ថានបើកទូលាយ។
ដើម្បីធ្វើឲ្យវេទិកានេះកាន់តែមានភាពទាក់ទាញនិងមានប្រយោជន៍ បន្ថែមលើកិច្ចពិភាក្សាទាំងពីរខាងលើ វេទិកាបានអញ្ជើញវាគ្មិនកិត្តិយស មកពីស្ថាប័នផ្សេងៗ ដើម្បីធ្វើបទ បង្ហាញ ដូចជាលោកស្រី សុក សុគន្ធាបានបង្ហាញពី គម្រោងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ អង្គការវិទ្យាស្ថានបើកទូលាយដែលបានផ្ដល់ជាការបំប៉នសមត្ថភាពក្នុង ចំណោមអង្គការដែលធ្វើការទាក់ទងនឹងសិទ្ធិស្ត្រី អ្នកផ្ដល់សេវាទាក់ទងនឹងបញ្ហានេះ ក៏ដូចជាការផ្ដល់នូវចំណេះដឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវផ្ដល់ជូន សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំព្រមទាំងរាជធានីភ្នំពេញ ។ លោកស្រី កេត ម៉ារឌី ប្រធាននាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី បានបង្ហាញអំពី កិច្ចការពារ ផ្លូវច្បាប់ និងគោលនយោបាយជាតិក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ ដោយលោកស្រី ចក់ សុភាព នាយកកម្មវិធី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបង្ហាញអំពី ប្រព័ន្ធ ផ្សព្វផ្សាយសង្គម និងការរួមចំណែកនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការចូលរួមបញ្ឈប់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ។ រីឯ កញ្ញា កែវ គូនីឡា អ្នកបង្កើតប្លុកឯករាជ្យ បានបង្ហាញអំពីយុវជន និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការចូលរួមបញ្ឈប់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ថ្លែងសុន្ទរកថាបិទអង្គវេទិកាពិភាក្សា លោក ប៉ែន សាមិទ្ធី ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល របស់អង្គការវិទ្យាស្ថានបើកទូលាយ បានបូកសរុបលទ្ធផលនៃការពិភាក្សា និងបានផ្កាំផ្ញើប្រកបដោយអត្ថន័យថា ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺពិតជាមានសារៈសំខាន់ក្នុងការរួម ចំណែកលើកកម្ពស់សុខុមាលភាព ស្ត្រី និងកុមារ ហើយជាពិសេសគឺជាផ្នែកសំខាន់ក្នុងការរួមចំណែក អភិវឌ្ឍ សង្គមជាតិតាមរយៈការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយ គុណធម៌ សច្ចធម៌ និងភាពត្រឹមត្រូវ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះ គម្រោងអំពើហិង្សាទាក់ទងនឹងយេនឌ័រនៃអង្គការ វិទ្យាស្ថានបើកទូលាយ ដែល គម្រោងនេះ គឺពិតជាមានសារ សំខាន់ក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេស កម្ពុជា។ លោក បានស្នើឲ្យបណ្ដាអង្គការ ដែលមានបំណងចង់ប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់រាយការណ៍អំពី អំពើហិង្សាទាក់ទងនឹងយេនឌ័រ សូមឲ្យមានកិច្ចសហការជិតស្និទ្ធជាមួយគ្រប់មជ្ឈដ្ឋាន ទាំងអស់ក្នុងការងារនេះ ពីព្រោះការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបករណ៍មានប្រយោជន៍និងពិតជាមាន ប្រសិទ្ធភាពខ្លាំងក្នុងការចែកចាយព័ត៌មាន ហើយប្រសិនបើការងារនេះប្រព្រឹត្តទៅដោយរលូន នោះការងារបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រនឹងប្រកបដោយផ្លែ ផ្កាល្អ។ លោកបានសង្កត់ធ្ងន់ថា "ក្នុងនាមខ្ញុំជាអ្នកការសែតម្នាក់ ខ្ញុំមានសេចក្ដីរីករាយរង់ចាំកិច្ចសហការល្អក្នុងការបញ្ឈប់ អំពើហិង្សាទាក់ទងនឹងយេនឌ័រតាម រយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វ ផ្សាយសង្គម"។
វេទិកាដ៏មានប្រយោជន៍នេះមានការសហការរៀបចំដោយអង្គការហេហ្វឺ អន្តរជាតិកម្ពុជា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) សមាគមអភិវឌ្ឍសុខភាពប្រជាជន(PHD) អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) អង្គការអ៊ិកផាតកម្ពុជា គណៈកម្មាធិការ នៃ អង្គការ មិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការ រើសអើងលើស្ត្រីភេទ (NGO-CEDAW) សមាគមកាយរិទ្ធិ នារីកម្ពុជា។ សូមបញ្ជាក់ថា នេះជាវេទិកាលើកទី២ដែលត្រូវ បានរៀបចំដោយ គម្រោង អំពើហិង្សាទាក់ទង នឹងយេនឌ័រ(GBV Project) នៃអង្គការវិទ្យាស្ថានបើកទូលាយ ។ វេទិកាលើកទី១ អំពី"ការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ" ត្រូវបានរៀបចំទ្បើង នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៣ នៅសណ្ឋាគារ សាន់វេ ដោយមានអ្នកចូលរួមសរុប៥៧រូប (ស្រ្តី៣១ បុរស២៦)គឺ ។ វេទិកាលើកទី២នេះគឺលើកឡើងអំពី " ប្រព័ន្ធផ្សព្វផ្សាយនិងផ្សព្វផ្សាយសង្គមចូលរួមបញ្ឈប់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ" ប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយាណា មានអ្នកចូលរួមសរុបចំនួន ៨៩ រូប (ប្រុស ៣៥នាក់ និង៥៤នាក់ជាស្រ្តី) ដែលអញ្ជើញមក ពីក្រសួង អង្គការជាតិនិងអន្តរជាតិ ស្ថាប័នមិនមែន រដ្ឋាភិបាល សមាជិកឃុំ/សង្កាត់ក្នុងរាជធានីភ្នំពេញ និងនៅតាម បណ្ដាខេត្តមួយចំនួនដែលជាគោលដៅរបស់គម្រោង ។
សម្រាប់អត្ថបទជាភាសាអង់គ្លេស សូមចុចត្រង់នេះ សូមមើលឯកសារភ្ជាប់នៅខាងក្រោមអត្ថបទ រូបភាពនៃវេទិកា
ការ បើកវេទិកាពិភាក្សាអំពី ប្រព័ន្ធផ្សព្វ ផ្សាយនិងប្រព័ន្ធ ផ្សព្វផ្សាយសង្គមចូលរួម បញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ គណៈអធិបតី ១. លោកជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ២.លោក ប៉ែន សាមិទ្ធី ប្រធានក្លឹបអ្នក កាសែតកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិ បាលរបស់ អង្គការវិទ្យាស្ថានបើកទូលាយ ៣.លោកស្រី ជឹម ម៉ាណាវីនាយិកាប្រតិបត្តិ អង្គការ វិទ្យាស្ថានបើកទូលាយ ភ្នំពេញ ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រូបថតដោយ៖អង្គការវិទ្យាស្ថានបើកទូលាយ
ទិដ្ឋភាព ទាំងស្រុងនៃវេទិកាស្អីពី "ប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធ ផ្សព្វផ្សាយសង្គមចូលរួម បញ្ឈប់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ" ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រូបថតដោយ៖ អង្គការវិទ្យាស្ថាន បើកទូលាយ
លោកស្រី សុក សុគន្ធា ប្រធាន គម្រោង GBV ធ្វើបទបង្ហាញអំពី គម្រោង ការអនុវត្តគម្រោង និង លទ្ធផលនៃការអនុវត្ត គម្រោង ភ្នំពេញថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រូបថតដោយ៖អង្គការ វិទ្យាស្ថានបើកទូលាយ
លោកស្រី ចក់ សុភាព នាយកកម្មវិធីនៃ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្វើបទបង្ហាញអំពី អ្វីទៅជា ប្រព័ន្ធផ្សព្វ ផ្សាយសង្គម? តើប្រព័ន្ធផ្សព្វ ផ្សាយសង្គមបាន ចូលរួមក្នុងការបញ្ឈប់ អំពើហិង្សាទាក់ទងនឹងយេនឌ័រយ៉ាងដូចម្តេច? ភ្នំពេញ ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រូបថតដោយ៖ អង្គការវិទ្យាស្ថានបើកទូលាយ
កញ្ញា យិត សោភ័ណអ្នកសម្របសម្រួលអង្គការJass Sea សួរ សំណួរចំពោះបទបង្ហាញរបស់ លោក ស្រី កេត ម៉ារឌី ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ក្រសួងកិច្ចការនារី ថាតើត្រូវដាក់បញ្ចូល ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ យ៉ាងដូចម្ដេចទៅក្នុងផែនការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ VAW. ភ្នំពេញថ្ងៃទី៣០ខែឧសភា ២០១៣ នៅសណ្ឋាគារកាំបូឌី យ៉ាណា រូបថតដោយ៖ អង្គការវិទ្យាស្ថាន បើកទូលាយ
ការ ពិភាក្សាជាក្រុមក្នុងវេទិកាពិភាក្សាអំពី ប្រព័ន្ធផ្សព្វ ផ្សាយនិងប្រព័ន្ធ ផ្សព្វផ្សាយសង្គមចូលរួម បញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ភ្នំពេញថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រូបថតដោយ៖ អង្គការវិទ្យាស្ថាន បើកទូលាយ