វគ្គបណ្ដុះបណ្ដាលស្ដីពីយូសាហ៊ីឌី និងវិបផតថលអំពីស្ត្រី នៅវិទ្យាស្ថានបើកទូលាយ។ ភ្នំពេញថ្ងៃទី២៩ខែមករាឆ្នាំ២០១៣ រូបភាព៖ វិទ្យាស្ថានបើកទូលាយកាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៣ អង្គការ វិទ្យាស្ថានបើកទូលាយបាន បើកវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់យូសាហ៊ីឌី និង ការចូលប្រើ វិបផតថល អំពីស្ដ្រី ក្រោមកិច្ចសហការពី ក្រសួងកិច្ចការនារី និងសម្ព័ន្ធ ភាពជាតិឃុំ សង្កាត់ និងគណៈកម្មាធិការនៃអង្គការមិនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុប បំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ( NGO-CEDAW)។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមានចំនួន ១៥ នាក់ ដែលអញ្ជើញមកពីក្រសួងព័ត៌មាន(MoIn)ក្រសួងកិច្ចការនារី(MoWA) សមាគមសុខភាពប្រជាពលរដ្ឋនិងអភិវឌ្ឍន៍(PHD) អង្គការបន្ទាយស្រី(BS)អង្គការសហការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា(PADEK) NGO-CEDAW គណៈកម្មការដើម្បីការបោះឆ្នោតសេរីនិងយុត្តិធម៌(COMFREL) អង្គការសន្តិភាពនិងការអភិវឌ្ឍ(PyD) អង្គការសហការស្ត្រីខ្មែរសម្រាប់ការអភិវឌ្ឍ(KYSD) អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា(LAC) គណៈកម្មការការសហប្រតិបត្តិបត្តិការដើម្បីកម្ពុជា(CCC) មជ្ឈមណ្ឌល កម្ពុជាសម្រាប់ស្ត្រីមានវិបត្តិ(CWCC) អង្គការស្រ្ដីសម្រាប់អភិវឌ្ឍន៍ខេត្តកំពត(WHIAD) អង្គការយេនឌ័រនិងអភិវឌ្ឍន៍នៅកម្ពុជា(GAD/C) និងមជ្ឈមណ្ឌលអប់រំច្បាប់កម្ពុជា(CLEC)។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយបានមានប្រសាសន៍ថា គោលដៅសំខាន់ក្នុងការបណ្ដុះបណ្ដាលនេះគឺដើម្បីកសាងសមត្ថភាព បណ្ដាញNGO-CEDAWអង្គការស្ត្រីនិងស្ថាប័ននានា ដែលធ្វើការទាក់ទងនឹងអំពើហិង្សាយេនឌ័រឲ្យចេះប្រើប្រាស់ កុំព្យូទ័រជាភាសាខ្មែរនិងប្រើប្រាស់យូសាហ៊ីឌី ដើម្បីស្រាវជ្រាវ ទទួល រាយការណ៍ ពិភាក្សា និងចែករំលែកព័ត៌មានដែលទាក់ទងទៅនឹងអំពើហិង្សានឹងយេនឌ័រ ឲ្យបានប្រសើរជាងមុន។
លោកស្រី ជឹម ម៉ាណាវី បានបន្តថាឧបករណ៍ យូសាហ៊ីឌី គឺជាឧបករណ៍មួយដែលអាចផ្ទុកនូវរបាយការណ៍ដែលអាចបង្កើតបានជា ព័ត៌មានដោយមានប្រព័ន្ធទិន្នន័យ និងផែនទីចង្អុលបង្ហាញ។ វាអាចជួយសម្រួលដល់សិក្ខាកាមតាមរយៈការធ្វើសេចក្ដីរាយការណ៍ និងទាញយកព័ត៌មានអំពើហិង្សាទាក់ទងនឹងយេនឌ័របានយ៉ាងងាយស្រួល ។ ព័ត៌មាននេះមានសារៈសំខាន់ណាស់ចំពោះអ្នកទាំងឡាយដែលកំពុងធ្វើការ ទប់ស្កាត់អំពើហិង្សា។ លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា ទិន្នន័យចេញពីប្រព័ន្ធ យូសាហ៊ីឌី អាចធ្វើឲ្យអ្នកសរសេរគោលនយោបាយនិងយុទ្ធសាស្ត្រមានការងាយស្រួល ក្នុងការចងក្រង ដើម្បីការពារអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។
លោក ហង្ស ពុទ្ធា អនុប្រធានគណៈកម្មការ អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកCEDAW បានថ្លែងសុន្ទរកថាបើកក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ យូសាហ៊ីឌីនិងប្រើវិបផតថលអំពីស្រ្ដីនៅអង្គការវិទ្យាស្ថានបើក ទូលាយ ភ្នំពេញថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៣ រូបថតដោយ៖ អង្គការវិទ្យាស្ថានបើកទូលាយលោក ហង្ស ពុទ្ធា អនុប្រធានគណៈកម្មការអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកCEDAW បានថ្លែងសន្ទរកថាក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលដោយបានថ្លែង កត់សំគាល់ពី សារសំខាន់នៃវគ្គបណ្ដុះ បណ្ដាលនេះ ព្រមទាំងបានលើកទឹកចិត្តដល់សិក្ខាកាម សូមឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ពីរបៀបប្រើប្រាស់ យូសាហ៊ីឌី និង ការចូលកាន់ វិបផតថល អំពីស្ត្រី ដែលអង្គការវិទ្យាស្ថានបើកទូលាយនឹងបង្ហាត់បង្ហាញពីរបៀបការចូលទៅ ប្រើប្រាស់ និងចែកចាយចំណេះដឹងបន្តដល់អ្នកដទៃ ។ វគ្គបណ្ដុះបណ្ដាលមានដំណើរការរយៈពេលពេញមួយថ្ងៃគឺជាផ្នែកមួយ នៃគម្រោងរួមគ្នាមួយរវាង អង្គការវិទ្យាស្ថានបើកទូលាយ ជាមួយ Association for Progressive Associa-tion(APC) ក្រោមការឧបត្ថម្ភគាំទ្រពីគម្រោងស្ប៉ាយឌ័រ (The Swedish Program on ICT for Developing Regions-SPIDER)របស់ប្រទេសស៊ុយអែត។
វគ្គបណ្ដុះបណ្ដាលចែកចេញជាពីរវេន វេនទីមួយសិក្ខាកាមបានសិក្សាស្វែងយល់ពីទ្រឹស្ដីនានាទាក់ទង នឹងយេនឌ័រ និងបច្ចេកទេសវិទ្យា ព័ត៌មានសម្រាប់ការ អភិវឌ្ឍ និង អំពើហិង្សាយេនឌ័រ។ក្នុងវេនទីពីរសិក្ខាកាមបានអនុវត្តចូលទៅក្នុង វិបផតថលអំពីស្ត្រី ហើយបង្រៀនរបៀបបញ្ចូលទិន្នន័យតាមប្រព័ន្ធយូសាហ៊ីឌី ។ សិក្ខាកាមបានរាយការណ៍ពីករណីហិង្សាមួយចំនួននៅលើប្រព័ន្ធ យូសាហ៊ីឌីនោះ។ សិក្ខាកាមកំពុងអនុវត្តបញ្ចូលរបាយការណ៍ទៅក្នុងប្រព័ន្ធយូសាហ៊ីឌីនៅវិទ្យាស្ថានបើកទូលាយ ភ្នំពេញថ្ងៃទី២៩ខែមករាឆ្នាំ២០១៣ រូបភាព៖ វិទ្យាស្ថានបើកទូលាយលោក នាង សុវណ្ណ មានតួនាទីជាអ្នកសម្របសម្រួលផ្នែកអប់រំរបស់អង្គការ COMFREL ដែលជាសិក្ខាកាមមួយរូបនោះ បានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារសំខាន់ ចំពោះគាត់យ៉ាងខ្លាំងព្រោះគាត់បានយល់នឹងអាចយកទិន្នន័យពីឧបករណ៍ យូសាហ៊ីឌី ដើម្បីបញ្ចុះបញ្ចូលដល់អ្នកពាក់ព័ន្ធទាំងឡាយបានស្គាល់ ដឹង និងធ្វើការបន្ថែមទៀតដើម្បីរារាំងទប់ស្កាត់មិនឲ្យមានអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ។
ជាមួយគ្នានេះដែរ លោកស្រី ប៉ែន គន្ធា អនុប្រធាន នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានបញ្ជាក់ពីភាពរីករាយ ក្នុងការសិក្សានេះ។ លោកស្រីបានបន្តថា កន្លងមកលោកស្រីធ្លាប់តែ ទាញយកព័ត៌មានទាក់ទងនឹងអំពើហិង្សាស្ត្រី តែពីអត្ថបទដែលចុះផ្សាយក្នុងសារព័ត៌មានជាតិនិងអន្តរជាតិ។ ប៉ុន្តែពេលនេះលោកស្រីអាចទាញយកព័ត៌មានតាមប្រព័ន្ធ យូសាហ៊ីឌីនិង វិបផតថល អំពីស្រី្តបានដោយងាយស្រួល។
កញ្ញាឡាយ រតនា មន្ត្រីទំនាក់ទំនងប្រចាំអង្គការ Peace and Development (PYD) ក៏បានកោតសរសើរចំពោះវគ្គបណ្ដុះបណ្ដាលនេះផងដែរ។ កញ្ញា បានឲ្យដឹងថាចំណេះដឹងដំបូងដែលទទួលបាន គឺចំណេះដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងយេនឌ័រនិង បច្ចេកទេសវិទ្យាព័ត៌មាន សម្រាប់ការ អភិវឌ្ឍ ។ ទីពីរ នាងបានយល់ដឹងបន្ថែមច្រើនទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ យូសាហ៊ីឌី ក្នុងការរាយការណ៍ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ជាចុងក្រោយនាងបានបញ្ជាក់ថាយូសាហ៊ីឌី គឺជាប្រភពនៃទិន្នន័យដែលនាងអាចធ្វើការស្រាវជ្រាវនិងប្រើប្រាស់ វាតាមគោលបំណងពាក់ព័ន្ធផ្សេងៗ។ នាងប្ដេជ្ញាថានឹងបន្តចំណេះដឹងដល់បុគ្គលិកអង្គការមិត្តភ័ក្ដិ និងអ្នកដែលនាងស្គាល់ ។
សម្រាប់អត្ថបទជាភាសាអង់គ្លេស សូមចុចត្រង់នេះ ឯកសារ៖