សិទ្ធិ​ទទួល​ព័ត៌មាន​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស

សិក្ខាកាម​ជា​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មន្ត្រី​ក្រសួង និង​បុគ្គលិក​អង្គការ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​គម្រោង​លើក​កម្ពស់​សិទ្ធិ​ ទទួល​ព័ត៌មាន​ដើម្បី​ការ​ចូល​រួម​ដ៏​ប្រសើរ​របស់​ស្ត្រី​ ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២ រូបថត​៖​ វិទ្យាស្ថាន​បើក​ទូលាយ​នៅ​សណ្ឋាគារ​សាន់វេ​ នា​ព្រឹក​ថ្ងៃ​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២​ សម្ព័ន្ធ​ភាព​ជាតិ​ឃុំ​សង្កាត់​បាន​សហការ​ជា​មួយ​អង្គការ​វិទ្យាស្ថាន​បើក​ ទូលាយ​រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពី​ « ​ការ​ផ្សព្វផ្សាយ​លទ្ធផល​វេទិកា​ពិភាក្សា​អំពី​ស្ត្រី​ និង​ការ​ចូល​កាន់​ព័ត៌មាន​ » ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​ និង​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ពិភាក្សា​វេទិកា​ពីរ​លើក ​ស្ដី​ពី​ « ការ​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​បោះឆ្នោត » និង « ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​ស្ត្រី​ និង​ការ​ទទួល​ព័ត៌មាន​ » ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ ខែ​ សីហា​ និង​ ខែ​តុលា​ ឆ្នាំ​២០១២​។ សិក្ខាសាលា​នេះ​មាន​ការ​ចូល​រួម​ពី​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មន្ត្រី​ក្រសួង​ បុគ្គលិក​អង្គការ​ចំនួន​៥៥​ រូប​ (​ ស្ត្រី​២៤​រូប​ និង​ បុរស​៣១​រូប​ )​។
 
លោកស្រី​ ជឹម​ ម៉ា​ណាវី​ នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ថ្លែង​នៅ​ក្នុង​ សិក្ខាសាលា​នេះ​ថា​ ការ​ចូល​ទៅ​កាន់​ព័ត៌មាន​គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ យោបល់​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ ទទួល​ស្គាល់​ដោយ​សេចក្ដី​សម្រេច​ចិត្ត​លេខ​ ៥៩ ​អនុមតិ​​ដោយ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៤៦​។ សិទ្ធិ​ក្នុង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ក៏​ដូច​ជា​សិទ្ធិ​ក្នុង​​ការ​បញ្ចេញ​ ​​​មតិយោបល់​​មាន​ចែង​​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស ដែល​ប្រទេស​កម្ពុជា​បាន​គាំទ្រ​ (Universal Declaration of Human Rights)​ មាត្រា​១៩​​​ "មនុស្ស​គ្រប់​រូប​ មាន​សិទ្ធិ​សេរី​ភាព​មាន​មតិ និង​សេរី​ភាព​ក្នុង​ការ​សម្ដែង​មតិ​។ សិទ្ធិ​នេះ​រាប់​ទាំង​សេរី​ភាព​ក្នុង​ការ​ប្រកាន់​មតិ និង​ការ​សម្ដែង​មតិ​ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក ព្រម​ទាំង​សេរី​ភាព​ក្នុង​ការ​ស្វែង​រក ការ​ទទួល និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​នានា​ តាម​រយៈ​ប្រព័ន្ធ​ឃោសនា​ណា​មួយ​ក៏​ដោយ​ និង​ដោយ​ឥត​គិត​ពី​ព្រំដែន​អ្វី​ឡើយ ។"​
 
លោកស្រី​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​សិទ្ធិ​ក្នុង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​នូវ​សិទ្ធិ​ស្រប​ច្បាប់​មួយ​ក្នុង​ការ​ទទួល​ព័ត៌មាន​ គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ពាក់ព័ន្ធ​សេវា​សាធារណៈ​ឬ​ ពាក់ព័ន្ធ​វិស័យ​ឯកជន​។​ ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អភិបាល​កិច្ច​តាម​របៀប​ប្រជាធិបតេយ្យ​ ការ​ចូលរួម​ពី​សាធារណជន​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​ការពារ​សិទ្ធិ​មនុស្ស​ ការ​ជំរុញ​សេរីភាព​ព័ត៌មាន​ និង​តម្លាភាព​។​ល​។ លោក​ស្រី​បន្ត​ទៀត​ថា ការ​ចូល​ទៅ​កាន់ ព័ត៌មាន​បាន​បង្ក​លក្ខណ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ និង​អនុវត្ត​សំឡេង​របស់​ខ្លួន​ ក៏​ដូច​ជា​ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​គេ​។ នៅ​ក្នុង​សម័យICT ស្ត្រី​អាច​ប្រើប្រាស់​ព័ត៌មាន​សម្រាប់​ការ​ស្វែង​រក​ការ​គាំទ្រ​ និង​បង្កើត​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​សហគមន៍​​របស់​ពួក​គេ​ដូច​ ជា​យុទ្ធនាការ​ទប់​ស្កាត់​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ត្រូវ​បាន​លើក​ កម្ពស់​តាម​រយៈ​នៃ​ការ​ប្រើប្រាស់​ICT និង​តាម​រយៈ​នៃ​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ពាក់ព័ន្ធ​ ជា​ដើម​។
 
ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​នេះ​ លោក​បណ្ឌិត​Raymond Leos​ សមាជិក​​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ និង​ព្រឹទ្ធិ​បុរស​មហា​វិទ្យាល័យ សារ​គមនាគមន៍​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ មាន​ប្រសាសន៍​ថា​ សិទ្ធិ​ចូល​ទៅ​កាន់​ព័ត៌មាន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​ ជា​សិទ្ធី​ជា​មូលដ្ឋាន នៃ​​​សិទ្ធិ​មនុស្ស​ ​។
 
លោក​បណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា​ ប្រទេស​ជាង​៩០​នៅ​​ក្នុង​ពិភពលោក​បាន​អនុម័ត​គតិយុត្តិ​មួយ​ចំនួន​​​ស្ដី​ពី ​សិទ្ធិ​ទទួល​ព័ត៌មាន ​រួម​ទាំង​ប្រទេស​ភាគ​ច្រើន​នៅ​អឺរ៉ុប​ ជាង​ពាក់​កណ្ដាល​នៅ​ក្នុង​ទ្វីប​អាមេរិក​ឡាទីន​ មាន​ប្រទេស​១៩​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ មាន​ប្រទេស​៥​នៅ​ទ្វីប​អាហ្វិ្រក និង មាន​ប្រទេស​២​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ។​ នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវ​បាន​អនុម័ត​ ឬ​កំពុង​នៅ​ក្នុង​ដំណើរ​ការ​អនុម័ត​នៅ​ក្នុង​ប្រទេស​ថៃ​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​ វៀតណាម​។ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ឥណ្ឌា​ កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​ចិន​។ ​ទោះ​បី​ជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ទាន់​មាន​ច្បាប់​ជាក់​លាក់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​ ជា​មួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ និង​ការ​គាំ​ទ្រ​ពី​ប្រទេស​ម្ចាស់​ជំនួយ ​ទទួល​ស្គាល់​ពី​តម្រូវ​ការ​គោលនយោបាយ​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន។
 
លោក​បណ្ឌិត​បន្ត​ទៀត​ថា​ ឆ្នាំ​២០០៤​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​នូវ​តម្រូវ​ការ​​ច្បាប់​ស្ដី​ពី​ សិទ្ធិ​ទទួល​ព័ត៌មាន​ដើម្បី​បង្កើត​នូវ​រាជរដ្ឋាភិបាល​តម្លាភាព​ កាត់​បន្ថយ​អំពី​ពុក​រលួយ​ និង​លើក​កម្ពស់​ទំនុក​ចិត្ត​រាជ​រដ្ឋាភិបាល​ពី​សំណាក់​​ប្រជាពលរដ្ឋ​នៃ​ ប្រទេស​កម្ពុជា​។​ ការ​តាក់​តែង​ច្បាប់​ស្ដី​ពី​​សិទ្ធិ​ទទួល​ព័ត៌មាន​អាច​បម្រើ​ជា​ឧបករណ៍​​ មាន​តម្លៃ​ក្នុង​ការ​សម្រប​សម្រួល​រាល់​សមិទ្ធផល​​នានា​នៃ​គោលដៅ​អភិវឌ្ឍ​ សហស្សវត្ស​កម្ពុជា​ទាក់​ទង​នឹង​បញ្ហា​ស្ត្រី ​ដូច​ជា​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា​៣​ (​ លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​ ) គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា​៤​ (​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​) និង​ គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា​៥​ (​ការ​លើក​កម្ពស់​សុខភាព​មាតា​)​ ។​ ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​ប្រសិទ្ធភាព​អាច​បង្កើត​អនាគត​ថ្មី ​សម្រាប់​ប្រទេស​កម្ពុជា​ អនាគត​ជា​មួយ​គណនេយ្យ​ភាព​ច្រើន​ជាង​ ប្រសិទ្ធ​ផល​ និង​ការ​ឆ្លើយ​តប​របស់​រាជរដ្ឋាភិបាល​នៅ​គ្រប់​កម្រិត​ទាំងអស់​។ ​ការ​បង្កើត​បរិស្ថាន​នៃ​ការ​បើក​ចំហ​ និង​ទំនុក​ចិត្ត​ចំពោះ​ស្ថាប័ន​សាធារណៈ​ ​អាច​បង្កើត​ឲ្យ​មាន​​ការ​ស្វែង​យល់​បន្ថែម​ ការ​ដឹង​លឺ​បន្ថែម ​និង​ការ​ចូល​រួម​បន្ថែម​ពី​ប្រជាពលរដ្ឋ​ ​ជា​មួយ​សង្គម​ប្រកប​ដោយ​​សន្តិភាព​ និង​ស្ថិរភាព​បន្ថែម​ទៀត​។
 
នៅ​ក្នុង​សិក្ខា​​សាលា​នេះ​ តំណាង​គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួង​មហា​ផ្ទៃ លោក​ភាព សុភា​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹង​យន្តការ ​ភាព​ជា​ដៃ​គូរ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន​។ លោក​ភាព សុភា​​បាន​មាន​ប្រសាសន៍​ថា​ គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន​ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​ ស្ថាប័ន​រដ្ឋ​ និង​មិន​មែន​រដ្ឋ​ ពង្រឹង​សមត្ថភាព​ស្ថាប័ន​រដ្ឋ​ និង​ការ​ចែក​រំលែក​មេរៀន​ បទ​ពិសោធន៍​។ គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន​បាន​ធ្វើ​ការ​ជា​មួយ​អង្គការ​វិទ្យាស្ថាន ​តស៊ូ​មតិ​ និង​គោល​នយោបាយ​ (API) គ្រឹះ​ស្ថាន​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ (DND) អង្គការ​ផាក​កម្ពុជា​ (Pact Cambodia) ​ក្នុង​ការ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​សេវា​របស់​ ច្រក​ចេញ​ចូល​តែ មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព ​ផ្សព្វផ្សាយ​តាម​រយៈ​ប័ណ្ណ​រាយការណ៍​ប្រជាពលរដ្ឋ ប័ណ្ណ​ដាក់​ពិន្ទុ​សហគមន៍​ ការ​ផ្សព្វ​ផ្សាយ​ និង​វេទិកា​សាធារណៈ​ លើក​កម្ពស់​ទស្សនៈ​និង​ចំណេះដឹង​ទាក់​ទង​នឹង​អភិបាល​កិច្ច​ល្អ​ និង​គណនេយ្យ​ភាព​សង្គម​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​វេទិកា​ សាធារណៈ​ ការ​ផ្សព្វផ្សាយ​និង​ការ​ចូល​រួម​ធ្វើ​ផែន​ការ​អនុវត្ត​ និង​ថវិកា​ ការ​ចែក​រំលែក​ព័ត៌មាន​ ធនធាន​ក្នុង​ការ​អនុវត្ត​ដើម្បី​សម្រេច​ គោលបំណង​តែ​មួយ​ដែល​ប្រកប​ដោយ​គណនេយ្យ​ភាព​ និង​ស្មើ​ភាព ។​
 
កញ្ញា​កាំង​ សាណារី​ ប្រធាន​គម្រោង​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន​ដើម្បី​ការ​ចូល​រួម​ដ៏​ ប្រសើរ​សម្រាប់​ស្ត្រី ​បាន​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​សង្ខេប​វេទិកា​ពិភាក្សា​ទាំង​ពីរ​លើក​ស្ដី​ ពី « ការ​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន ​(​ដែល​ទាក់​ទង​នឹង​ការ​​បោះ​ឆ្នោត​)​ សម្រាប់​ស្ត្រី​ »​ និង​ «​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​ស្ត្រី​ និង​ការ​ទទួល​ព័ត៌មាន​ » ដែល​បាន​រៀប​ចំ​ឡើង​នា​ខែ​ សីហា​ និង​ ខែ​តុលា ​ឆ្នាំ​២០១២​ ។ កញ្ញា​បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​អង្គ​សិក្ខាសាលា​អំពី​លទ្ធផល​សង្ខេប​ វេទិកា​ពិភាក្សា​ទី​មួយ​បង្ហាញ​ថា​ ការ​ទទួល​ព័ត៌មាន​របស់​ស្ត្រី​នៅ​មាន​កម្រិត​ដោយ​សារ​កង្វះខាត​នៃ​ការ​ ផ្សព្វផ្សាយ​ និង​យន្តការ​នៃ​ការ​ផ្សព្វផ្សាយ​ ភាគ​ច្រើន ស្ត្រី​​​មិន​បាន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ព័ត៌មាន​ និង​មិនសូវ​​ចាប់​អារម្មណ៍​ពី​ព័ត៌មាន​ ស្ត្រី​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ កង្វះ​ឯកសារ​ព័ត៌មាន នីតិ​វិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​លក្ខណៈ​ស្មុគ​ស្មាញ ផ្លូវ​ធ្វើ​ដំណើរ​ពិបាក​ក្នុង​ការ​ទៅ​ទទួល​ព័ត៌មាន​ ខ្វះ​ខាត​ថវិកា​ធ្វើ​ដំណើរ​ និង​ មាន​ការ​ពិបាក​ខាង​ទំនាក់​ទំនង​ (សម្រាប់​ស្ត្រី​ជនជាតិ​ភាគ​តិច)។​ ចំណេះដឹង​របស់​ស្ត្រី​ជា​ទូ​ទៅ​នៅ​មាន​កម្រិត​បើ​ប្រៀប​ធៀប​ជា​មួយ​បុរស​ ស្ត្រី​មិន​បាន​​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ ស្ត្រី​ខ្វះ​ទំនុក​ចិត្ត​ (​មិន​សូវ​ហ៊ាន​សួរ​នាំ​ព័ត៌មាន​)​ ពេល​ខ្លះ​ស្ត្រី​មិន​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ ស្ត្រី​មិន​ខ្វល់​ពី​ព័ត៌មាន​នយោបាយ​ ​ មធ្យោបាយ​ចែក​ចាយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​បាន​ផ្ដោត​ទៅលើ​បុរស​ឫ​ស្ត្រី​។ ទាំង​នេះ​ជា​ឧបសគ្គ​រា​រាំង​ស្ត្រី​ក្នុង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​។​ ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​អាច​ជួយ​ស្ត្រី​ក្នុង​ ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ លើក​ទឹក​ចិត្ត​ស្ត្រី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ និង​ ប្រទេស​ជាតិ​ លើក​កម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ពង្រឹង​ភាព​អង់​អាច​ទំនុក​ចិត្ត​របស់​ស្ត្រី​។ កញ្ញា​កាំង​ សាណារី​ បាន​ជម្រាប​ជូន​ផង​ដែរ​ពី​យុទ្ធសាស្ត្រ​លើក​កម្ពស់​ការ​ចូល​ទៅ​កាន់​ព័ត៌មាន ​ទៅ​ដល់​ស្ត្រី​ ដែល​អង្គ​វេទិកា​បាន​លើក​ឡើង មាន​ដូច​ជា​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ការ​ចាក់​វីដេអូ​ មីក្រូ​ ក្រុម​ពិភាក្សា​ សម្រាប់​ស្ត្រី​នៅ​តាម​ជន​បទ​ ទៅ​តាម​ពេលវេលា​ទំនេរ​របស់​ស្ត្រី​ បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​តាម​រយៈ​តារា​កំប្លែង​ ពិធីករ​ អ្នក​ចម្រៀង​ ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​ស្ត្រី​តាម​ក្រុមហ៊ុន​ អង្គការ​ រោងចក្រ​ និង​ តាម​ទី​ផ្សារ​ បំពាក់​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​តាម​ទី​សាធារណៈ​ លើក​ទឹក​ចិត្ត និង​បណ្ដុះបណ្ដាល​ស្ត្រី​តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​ ជំនួប​ប្រជុំ​ សិក្ខាសាលា​នានា​។
 
បន្ទាប់​មក​កញ្ញា​កាំង​ សាណារី​ បាន​បង្ហាញ​លទ្ធផល​សង្ខេប​វេទិកា​ពិភាក្សា​ទី​ពីរ​ថា​ បើ​ស្ត្រី​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ស្ត្រី​ទទួល​បាន​ព័ត៌មាន​ទូលាយ​ជាង​បុរស ។​ ប៉ុន្តែ​ការ​ទទួល​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជា​ស្ត្រី​ នៅ​មាន​កម្រិត​បើ​ប្រៀប​ធៀប​ជា​មួយ​ក្រុម​ប្រឹក្សា​ ឃុំ​ សង្កាត់​ជា​បុរស​​ជា​ពិសេស​នៅ​តាម​ជន​បទ​ តំបន់​ដាច់​ស្រយាល​។ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជា​ស្ត្រី​ទទួល​ព័ត៌មាន​ពី​ កិច្ច​ប្រជុំ​ថ្នាក់​រាជធានី​ /​សាលា​ក្រុង​ ថ្នាក់​ខណ្ឌ​ ពី​សមាជិក​ភូមិ​/​អនុ ភូមិ​ ចៅ​សង្កាត់​ ប៉ូលិស​សង្កាត់​ រដ្ឋបាល​សង្កាត់ ​ស្មៀន ​ក្រសួង​កិច្ចការ​នារី​ ពី ​ក្រុម​គ្រួសារ​​ល​។ ប្រភេទ​​ព័ត៌មាន​ ដែល​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជា​ស្ត្រី​ទទួល​បាន​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​នៅ​ ក្នុង​ឃុំ​ សង្កាត់​ មាន​ដូច​ជា​ព័ត៌មាន​ទាក់​ទង​នឹង​សុខភាព​ ព័ត៌មាន​ទាក់​ទង​នឹង​ចំណាក​ស្រុក​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​បន្ត​ពូជ​ ការ​ពន្យារ​កំណើត​ ការ​បោះ​ឆ្នោត​ គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​។ ឧបសគ្គ​របស់​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជា​ស្ត្រី​ក្នុង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ដូច​ជា​ក្រុម​ប្រឹក្សា​ ឃុំ​ សង្កាត់​ជា​ស្ត្រី​ ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​ មិន​សូវ​បាន​យល់​ដឹង​ពី​សិទ្ធិ​អំណាច​ និង​តួនាទី កង្វះ​ខាត​ចំណេះដឹង​ផ្នែក​កត់ត្រា​ ចង​ក្រង​ព័ត៌មាន​ ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ប្រព័ន្ធ​អ៊ីនធឺណិត​ មាន​បន្ទុក​គ្រួសារ​ វ័យ​ និង​ សុខភាព​ ខ្វះ​ភាព​ក្លាហាន​ បញ្ចេញ​មតិ​យោបល់​ ផ្នត់​គំនិត​ចាស់​ សុវត្ថិភាព​ (​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ចូល​រួម​ប្រជុំ​ទទួល​ព័ត៌មាន​) ​។ ​ពង្រឹង​សមត្ថភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​ស្ត្រី​ ជា​ពិសេស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ដែល​ទើប​តែ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​ អំពី​របៀប​ការ​កត់​ត្រា​ ការ​សរសេរ​របាយការណ៍​ ការ​ទុក​ឯកសារ​ ភាព​ជា​អ្នក​ដឹកនាំ​ និង​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ ការ​ប្រើប្រាស់​អ៊ីនធឺណិត​ ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ គាំ​ទ្រ​ថវិកា​បន្ថែម​ដល់​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជា​ស្ត្រី​ ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សេវា​ផ្សព្វផ្សាយ​សាធារណៈ​ឲ្យ​បាន​ ច្រើន​ជាង​ដើម្បី​ជួយ​ទ្រ​ទ្រង់​ជីវិត​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​ ជំរុញ​បង្កើត​ឱកាស​និង​លើក​ទឹក​ចិត្ត​ស្ត្រី​ចូល​រួម ធ្វើ​សេចក្ដី​សម្រេច​ក្នុង​កិច្ចការ​ការងារ​ធំ​សំខាន់​ៗ​ឲ្យ​បាន​ច្រើន​ដោយ​ ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ថា​ការងារ​កំប៉ិក​កំប៉ុក​ជា​របស់​ស្ត្រី​​ គឺ​ជា​យុទ្ធសាស្ត្រ​ដែល​បាន​រក​ឃើញ​ក្នុង​វេទិកា​ពិភាក្សា​ទី​ពីរ​ដើម្បី​ ជំរុញ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជា​ស្ត្រី​ទទួល​ព័ត៌មាន​កាន់​តែ​ច្រើន​ឡើង​។​
 
នា​ឱកាស​នេះ​ លោកស្រី​សូ យ៉ាន​ ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កន្ទោក​ និង​ជា​​តំណាង​សិក្ខាកាម​ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​​ពីរ​លើក​ស្ដី​ពី ​«​ សិទ្ធិ​ទទួល​ព័ត៌មាន​ប្រកប​ដោយ​ទស្សនៈ​យេនឌ័រ​ » និង « ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ សារ គមនាគមន៍​ និង​ព័ត៌មានវិទ្យា​ ក្នុង​ការ​ទទួល​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ »​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ឆ្លុះ​បញ្ចាំង​​ដែល​លោកស្រី​បាន​ចូល​រួម​ ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ជា​មួយ​គម្រោង​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន​ ដើម្បី​ការ​ចូល​រួម​ដ៏​ប្រសើរ​សម្រាប់​ស្ត្រី​​ដោយមាន​ប្រសាសន៍​ ថា​ ក្រោយ​ពី​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ សិក្ខាកាម​ទាំង​អស់​​ទទួល​បាន​ចំណេះដឹង​ និង​បទ​ពិសោធន៍​ថ្មី​ៗ​ដូច​ជា​ សិទ្ធិ​ទទួល​ព័ត៌មាន​ ព័ត៌មាន​សាធារណៈ​ និង​ព័ត៌មាន​ឯកជន​ សារសំខាន់​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​ តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ មូលដ្ឋាន​ ការ​បើក​ចំហ​ព័ត៌មាន​ និង​ដែន​កំណត់​នៃ​ការ​លើក​លែង​ ក្រប​ខណ្ឌ​គតិ​យុត្តិ​អំពី​ព័ត៌មាន​សាធារណៈ​និង​ដែន​កំណត់​ រៀប​ចំ​ផែនការ​សកម្មភាព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន​ អ្វី​ជា​ដំណឹង​ និង​អ្វី​ជា​ព័ត៌មាន​ តើ​រក​ដំណឹង​នៅ​ឯណា​ ការ​សរសេរ​បែប​វិជ្ជាជីវៈ​និង​ការ​សរសេរ​បែប​បញ្ចេញ​បញ្ចូល​ ផែន​ការ​សរសេរ​រឿង​ ការ​សរសេរ​ព័ត៌មាន​ខ្លី​ចេញ​ពី​យុទ្ធនាការ​ កិច្ចប្រជុំ​ ភាព​ខុស​គ្នា​រវាង​អត្ថបទ​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន និង​អត្ថបទ​របស់​មន្ត្រី​ស្ថាប័ន​មួយ​ ការ​សរសេរ​លិខិត​ជូន​ដំណឹង​ដល់​អ្នក​សារព័ត៌មាន ច្បាប់​និង​ក្រម​សីលធម៌​សម្រាប់​អត្ថបទ​និង​រូបភាព​ដើម្បី​ជៀសវាង​បណ្ដឹង​ តុលាការ​ និង​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ និង​ការ​ស្វែង​រក​ព័ត៌មាន​តាម​អ៊ីនធឺណិត​ជា​ដើម​។​ ចំណេះដឹង​ទាំង​អស់​នេះ​បាន​ប្រែ​ក្លាយ​ ការ​យល់​ដឹង​របស់​ក្រុម​ប្រឹក្សា​សង្កាត់​ដែល​ពី​មុន​មក​មិន​ដែល​បាន​ទទួល​ ចំណេះដឹង​ទាំង​អស់​នេះ​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ សិទ្ធិ​ទទួល​ព័ត៌មាន​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។
 

  1. Agenda of Seminar
  2. Speech Madam Manavy
  3. Keynote Speech of Dr. Raymond
  4. Impression of Sangkat Councilor
  5. Presentation on Partnership of Access to Information
  6. Summary Result of Forum 1
  7. Summary Result of Forum 2

 
 
 

គណៈអធិបតី​ក្នុង​សិក្ខាសាលា​ស្ដី​ « ​លទ្ធ​ផល​វេទិកា​ពិភាក្សា​អំពី​ស្ត្រី ​និង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​» ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២​ ​រូបថត​៖​ វិទ្យាស្ថាន​បើក​ទូលាយ
អ្នក​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្គី​ពី​ « ​លទ្ធផល​វេទិកា​ពិភាក្សា​អំពី​ស្ត្រី ​និង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​» ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២ ​រូបថត​៖​វិទ្យាស្ថាន​បើកទូលាយ

លោកស្រី ​សូ យ៉ាន ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កន្ទោក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ឆ្លុះ​ បញ្ចាំង​ពី​វគ្គ​បណ្ដុះ​បណ្ដាល​ពីរ​លើក​របស់​សិក្ខាកាម​ ក្នុង​សិក្ខាសាលា​ស្ដី​ពី​ « ​លទ្ធផល​វេទិកា​ពិភាក្សា​អំពី​ស្ត្រី ​និង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​» ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២ រូបថត​៖​វិទ្យាស្ថាន​បើកទូលាយ
លោក ភាព សុភា​ តំណាង​គម្រោង​អភិបាល​កិច្ច​មូលដ្ឋាន​នៃ​​ក្រសួង​មហា​ផ្ទៃ​ធ្វើ​បទ​បង្ហាញ​ពី​ « ​ការ​ពង្រឹង​យន្តការ​ភាព​ជា​ដៃ​គូ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន​» ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២ ​រូបថត​៖​​វិទ្យាស្ថាន​បើក​ទូលាយ

 

កម្ពុជា