សម្ព័ន្ធភាពជាតិឃុំ/សង្កាត់ និងអង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំវេទិកាពិភាក្សាកន្លះ ថ្ងៃ នៅថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០១២ លើប្រធានបទស្ដីពី "យុវជន និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣"។ វេទិកានេះរៀបចំនៅសាលប្រជុំរបស់វិទ្យាស្ថានបើកទូលាយក្រោមការ ឧបត្ថម្ភថវិកាពីកម្មវិធី The Swedish Program for ICT in Developing Regions (SPIDER) នៃប្រទេសស៊ុយអែត ។
លោកស្រី សុខ សុគន្ធា ប្រធានគម្រោងការចូលរួមទប់ស្កាត់អំពីហិង្សាទាក់ទងនិងយេនឌ័រនៅ កម្ពុជាបានមានមតិស្វាគមន៍ដោយអរគុណចំពោះអ្នកចូលរួមទាំង៤៨ នាក់ (២៤នាក់ជាស្ត្រី) ដែលបានមកចូលរួមក្នុងវេទិកានេះ។ លោកស្រី សុគន្ធា មានប្រសាសន៍អំពីមូលហេតុដែលជំរុញឲ្យវេទិកាថ្ងៃនេះកើតមានឡើងថា " ប្រជាជនដែលជាយុវជនកំពុងកើនឡើងជារៀងរាល់ឆ្នាំរហូតដល់ប្រមាណជា ៣០០,០០០ នាក់។ ប៉ុន្តែបើយោងតាមការសិក្សាស្រាវជ្រាវរបស់ COMFREL ក្នុងឆ្នាំ ២០១២ និង UNDP ឆ្នាំ ២០១១ បានឲ្យដឹងថាយុវជនភាគច្រើនមិនសូវចំណាប់អារម្មណ៍ចំពោះការ បោះឆ្នោត យុវជនមិនតិចទេ ដែលមិនបានចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជី ឈ្មោះ ឬការផ្សព្វផ្សាយ ចែកចាយព័ត៌មានអំពីការបោះឆ្នោត។ វិទ្យាស្ថានបើកទូលាយរៀបចំវេទិកាពិភាក្សានេះឡើងដោយមានការរំពឹង ទុកជាក់លាក់ចំនួន៣ដូចជា: ទី១-អ្នកចូលរួមគ្រប់រូប ជាពិសេសគឺយុវជនយល់ដឹងអំពីតួនាទីសំខាន់របស់ពួកគេចំពោះការបោះ ឆ្នោត ទី២-យុវជននឹងចែករំលែកអំពីការបារម្ភរបស់ពួកគេនិងឧបសគ្គចម្បងៗ ដែលរារាំងការចូលរួមរបស់ពួកគេក្នុងដំណើរការបោះឆ្នោត ទី៣-អ្នកចូលរួមនឹងបង្កើតគោលគំនិតចម្បងៗដើម្បីរៀបចំ យុទ្ធសាស្ត្រលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការបោះឆ្នោត ។
លោក ហ៊ី រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិនៃគណ:កម្មការជាតិរៀបចំការបោះឆ្នោតបាន មានប្រសាសន៍ថា "វេទិកាពិភាក្សានេះមានសារ:សំខាន់ និងមានប្រយោជន៍ថ្វីត្បិតតែការរៀបចំមានលក្ខណ:លឿនបន្តិចមុនថេរ វេលាកំណត់នៃការបោះឆ្នោតក៏ដោយ" ។ លោក ហ៊ី រ៉ុងបានធ្វើបទបង្ហាញអំពី "គោលការណ៍ចម្បងៗនៃការបោះឆ្នោត"។ លោកបានបន្ថែមទៀតថា គ.ជ.ប បាន និងដើរតួនាទីយ៉ាងសំខាន់ដើម្បីបម្រើសាធារណជនក៏ដូចជាគណបក្សនយោបាយ ទៅលើដំណើរការបោះឆ្នោត។
លោក ផេង គឹមហេង តំណាងយុវជនមកពីសភាយុវជន បានធ្វើបទបង្ហាញអំពីឧបសគ្គចម្បងៗមួយចំនួនដែលយុវជនបានជួបប្រទះ កន្លងមកមានដូចជា ការធ្វើចំណាកស្រុកដើម្បីធ្វើការងារ គ្មានអត្តសញ្ញាណប័ណ្ណ ខ្វះចំណាប់អារម្មណ៍ចំពោះការបោះឆ្នោតជាដើម...។ល។ នៅក្នុងបទបង្ហាញរបស់លោក ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនក្នុងការលើកកម្ពស់ការចូលរួម របស់យុវជនក្នុងដំណើរការបោះឆ្នោត រួមទាំងការសុំឲ្យមានការិយាល័យបោះឆ្នោតសម្រាប់យុវជនចំណាកស្រុក បោះឆ្នោត និងសុំឲ្យអង្គការសង្គមស៊ីវិលដែលធ្វើការពានព័ន្ធការបោះឆ្នោត ធ្វើយ៉ាងណាឲ្យយុវជនបានចូលរួមឲ្យច្រើនក្នុងការងារសង្កេតការ បោះឆ្នោតនៅតាមបណ្ដាខេត្ត។
តំណាង COMFREL លោក ស៊ិន ទិត្យសីហា មានមុខនាទីជាអ្នកអង្កេតការបានធ្វើបទបង្ហាញអំពី ការរកឃើញនៃការចូលរួមតិចតួចរបស់យុវជនក្នុងការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់កាលពីខែមិថុនា ឆ្នាំ២០១២ កន្លងមកនេះ ជាមួយនិងអនុសាសន៍មួយចំនួនដើម្បីជំរុញឲ្យមានការចូលរួមរបស់ យុវជនក្នុងកម្រិតឃុំ សង្កាត់ ។
លោកស្រី សុខ សុគន្ធា បានមានមតិស្វាគមន៍និងបើកអង្គវេទិកាពិភាក្សាស្តីពីយុវជននិងការ បោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ រូបភាព : វិទ្យាស្ថានបើកទូលាយ ថៃ្ងទី ២១ វិច្ឆិកា ឆ្នាំ ២០១២
អ្នក ចូលរួមយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់លោក ហ៊ី រ៉ុង ប្រធាននាយកដ្នានប្រតិបត្តិនៃគណ:កម្មាធិការជាតិរៀបចំការបោះ ឆ្នោត រូបភាព : វិទ្យាស្ថានបើកទូលាយ ថៃ្ងទី ២១ វិច្ឆិ ឆ្នាំ ២០១២
បទ បង្ហាញរបស់លោក ស៊ីន ទិត្យសីហា បុគ្គលិកអង្កេតអង្គការខុមហ្វែ្រលក្នុងអង្គវេទិកាលើប្រធានបទ ស្តីពីទស្សន:ទានទូទៅចំពោះការចូលរួមរបស់យុវជនក្នុងការបោះឆ្នោត រូបភាព : វិទ្យាស្ថានបើកទូលាយ ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០១២
សិក្ខាកាមចូលរួមមតិយោបល់ក្នុងការពិភាក្សាពេញអង្គលើសំណួររបស់អង្គវេទិកា រូបភាព : វិទ្យាស្ថានបើកទូលាយ ថៃ្ងទី ២១ វិច្ឆិកា ឆ្នាំ ២០១២
តំណាងយុវជនឡើងឆ្លើយតបទៅនិងសំណួរក្នុងដំណើរការនៃការពិភាក្សាពេញអង្គនៃវេទិកា រូបភាព : វិទ្យាស្ថានបើកទូលាយ ថៃ្ងទី ២១ វិច្ឆិកា ឆ្នាំ ២០១២
បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលបញ្ចេញគំនិតយល់ឃើញចំពោះការចូលរួមរបស់យុវជនក្នុងដំណើរការបោះឆ្នោត រូបភាព : វិទ្យាស្ថានបើកទូលាយ ថៃ្ងទី ២១ វិចិ្ឆកា ឆ្នាំ ២០១២