នាព្រឹកថ្ងៃសុក្រ ទី ១៩ ខែ តុលា សម្ព័ន្ធ ភាពជាតិ ឃុំសង្កាត់បានសហការជាមួយអង្គការវិទ្យាស្ថានបើកទូលាយរៀបចំវេទិកា ពិភាក្សាស្ដីពី « ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងការទទួលព័ត៌មាន » ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីក្រសួង បុគ្គលិកអង្គការចំនួន២៨ រូប ( ស្ត្រី១៧រូប និង បុរស១១រូប )។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីចែករំលែកនូវបទពិសោធន៍ និងឧបសគ្គនានាអំពីការទទួលព័ត៌មានទាក់ទងនឹងការងាររបស់គាត់ និងកំណត់យុទ្ធសាស្ត្រនានាដើម្បីជំរុញការទទួលព័ត៌មានឲ្យបានកាន់ តែប្រសើរសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយថ្លែងនៅក្នុងពិធីបើក កិច្ចពិភាក្សានេះថាសិទ្ធិក្នុងការចូលទៅកាន់ព័ត៌មានផ្ដល់ឲ្យ ប្រជាពលរដ្ឋនូវសិទ្ធិស្របច្បាប់មួយក្នុងការទទួលព័ត៌មានគ្រប់គ្រង ដោយរដ្ឋាភិបាល ពាក់ព័ន្ធសេវាសាធារណៈឬ ពាក់ព័ន្ធវិស័យឯកជន។ ការចូលទៅកាន់ព័ត៌មាន គឺមានសារៈសំខាន់ណាស់សម្រាប់អភិបាលកិច្ចតាមរបៀបប្រជាធិបតេយ្យ ការចូលរួមពីសាធារណជន ការអភិវឌ្ឍសេដ្ឋកិច្ច ការការពារសិទ្ធិមនុស្ស ការជំរុញសេរីភាពព័ត៌មាន និងតម្លាភាព។ល។
លោកស្រីក៏បានបញ្ជាក់បន្ថែមថា ការចូលទៅកាន់ព័ត៌មានគឺជាផ្នែកមួយនៃសិទ្ធិក្នុងការបញ្ចេញមតិ យោបល់ ដែលត្រូវបានទទួលស្គាល់ជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ទទួលស្គាល់ដោយសេចក្ដីសម្រេចចិត្តលេខ ៥៩ អនុមតិដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៦។ ច្បាប់ និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏បានការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ពិសេសសិទ្ធិក្នុងការចូលទៅកាន់ព័ត៌មានក៏ដូចជាសិទ្ធិក្នុងការ បញ្ចេញមតិយោបល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៣១បាន ចែងថា « ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិ មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញា ទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ »។ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញបានចែងថា « ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និង ដល់សន្តិសុខជាតិបានឡើយ ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់ » ។
លោកស្រីបន្តទៀតថា ទោះបីជាមានការរីកចម្រើន ស្ត្រីនៅតែប្រឈមនឹងឧបសគ្គនានាដែលរារាំងដល់ការចូលរួមក្នុង នយោបាយរបស់ពួកគេ។ ឧបសគ្គទាំងនេះរួមមានបទដ្ឋានវប្បធម៌ និង សង្គម ផ្នត់គំនិតសង្គមពីបុរាណ កង្វះខាតនៃការគាំទ្រពីក្រុមគ្រួសារ មិត្តភ័ក្ដិ និង មិត្តរួមការងារ កង្វះខាតឱកាសនៃការអប់រំ និង បណ្ដុះបណ្ដាល កង្វះចំណេះដឹងផ្នែកនយោបាយ និងទំនុកចិត្ត ភាពជឿជាក់និងជំនាញសមស្របនៅមានកម្រិត។ ស្ត្រីកម្ពុជាភាគច្រើនមានឱកាសតិចតួចក្នុងការទទួលបាននូវព័ត៌មាន និងសំខាន់ជាងនេះទៀតគឺកង្វះខាតនៃយល់ដឹងពីសិទ្ធិរបស់គាត់ក្នុង ការទទួលនិងផ្សព្វផ្សាយព័ត៌មានបើប្រៀបធៀបជាមួយបុរស។ ឧបសគ្គទាំងនេះបានប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ស្ត្រី ដូចជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីដែលបំពេញការងារជាច្រើននៅក្នុងការងារសាធារណៈ។ នេះជាឧបសគ្គធំសម្រាប់ពួកគាត់បំពេញការងាររបស់ពួកគាត់ដែលជា មន្ត្រីទទួលបន្ទុកព័ត៌មានសាធារណៈ ឫម្ចាស់ព័ត៌មានសាធារណៈ។
ក្នុងវេទិកាពិភាក្សា តំណាងគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃ លោកឈាវ ណាក់បានចែករំលែកព័ត៌មានពាក់ព័ន្ធនឹង សិទ្ធិទទួលព័ត៌មាន និង អភិបាលកិច្ចល្អ ។ លោកឈាវ ណាក់បានមានប្រសាសន៍ ថាការផ្ដល់ និងទទួលព័ត៌មាននៅកម្ពុជារួមមានដូចជាតាមរយៈវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទូរស័ព្ទ ទូរសារ ជំនួបផ្ទាល់ សម្ភារៈផ្សព្វផ្សាយ គេហទំព័រ និង ហ្វេសប៊ុក ។ ការទទួលព័ត៌មានមានទំនាក់ទំនងនឹងតម្លាភាព ដូចជា ខាងផ្នែកសង្គម រួមចំណែកបង្កើនភាពជឿជាក់ ទំនុកចិត្ត ធ្វើឲ្យ មានភាពសុខដុមរមនាក្នុងសង្គមជាតិ ខាងផ្នែកសេដ្ឋកិច្ច រួមចំណែកជួយទប់ស្កាត់ កាត់បន្ថយអំពើពុករលួយ ការកេងប្រវ័ញ្ច និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ខាងផ្នែកនយោបាយ អាចជួយឲ្យមានប្រជាប្រិយភាព មានជំនឿ សេចក្ដីទុកចិត្ត ទទួលបានការគាំទ្រ និងមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សត្រូវបានលើកកម្ពស់ ខាងផ្នែកអភិបាលកិច្ច អាចជួយឲ្យមានការចូលរួម មានគណនេយ្យភាព ធ្វើឲ្យការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព សមភាព ដូចជាការផ្ដល់ សេវាសាធារណៈប្រកបដោយគុណភាព និងជាពិសេសជួយពង្រឹង ការគោរពច្បាប់ នីតិរដ្ឋ។ អភិបាលកិច្ចល្អមានន័យថា ការចូលរួម តម្លាភាព គណនេយ្យភាព ការឆ្លើយតប សមភាពសមធម៌ ប្រសិទ្ធិភាព ប្រសិទ្ធិផល គោលការណ៍ ច្បាប់ នីតិរដ្ឋ ការព្រមព្រៀង។ទំនាក់ទំនងរវាងសិទ្ធិទទួលព័ត៌មាន និងអភិបាលកិច្ចល្អ មានដូចជា មានព័ត៌មានគឺមានអំណាច មានន័យថា ការផ្ដល់ព័ត៌មាន គឺការផ្ដល់អំណាច ការទទួលព័ត៌មានកាន់តែច្រើន ធ្វើឲ្យមានការចូលរួមយ៉ាងសកម្ម មានតម្លាភាព មានគណនេយ្យភាព និងមានមូលដ្ឋានដើម្បីធ្វើការសម្រេចចិត្តអ្វីមួយ បានសមស្រប ត្រឹមត្រូវ បង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអ្នកពាក់ព័ន្ធជា ពិសេស ផ្នែកឯកជន និងប្រព័ន្ធ ផ្សព្វផ្សាយ នៅគ្រប់លំដាប់ថ្នាក់កាន់តែបានល្អ ក្នុងន័យវិជ្ជមាន។ ដូច្នេះសិទ្ធិទទួលព័ត៌មាននិងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គឺជាមធ្យោបាយយ៉ាងសំខាន់ និងចាំបាច់ដែលត្រូវតែមានដើម្បីពង្រឹងអភិបាលកិច្ចមូលដ្ឋានឲ្យ កាន់តែបានល្អប្រសើរ និង រួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អនិងគណនេយ្យសង្គម។
លោក វឿក សាមឿន ចៅសង្កាត់ដង្កោក៏បានធ្វើការចែករំលែកបទពិសោធន៍ ពីយុទ្ធសាស្ត្រនានា និងប្រភេទព័ត៌មានដែលសង្កាត់លោកបានផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់គាត់។ ការផ្សព្វផ្សាយព័ត៌មាននៅក្នុងសង្កាត់ដង្កោជាដំបូងទាក់ទងទៅនឹង លក្ខណៈភូមិសាស្ត្រ និងទំហំសង្កាត់ដែលគ្របដណ្ដប់ ។ ដើម្បីឲ្យប្រជាពលរដ្ឋទទួលព័ត៌មានបានច្រើនអំពីកិច្ចការទាំងឡាយ ពាក់ព័ន្ធទៅនឹងកិច្ចការរបស់ក្រុមប្រឹក្សា របស់រដ្ឋាភិបាល និង អំពីច្បាប់ សង្កាត់ដង្កោបានធ្វើការផ្សព្វផ្សាយដូចជាកិច្ចប្រជុំដំបូងដែល មានសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃទទួលស្គាល់ឲ្យមានក្រុមប្រឹក្សា ចៅសង្កាត់ ចៅសង្កាត់រងទី១ និង ទី២ ពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្នុងដំណើរការអនុវត្ត ការចុះឈ្មោះបោះឆ្នោត ការប្រកាសផ្សព្វផ្សាយកិច្ចប្រជុំនិងលទ្ធភាពនានាពីកិច្ចការនារី ជាសាមញ្ញ និង វិសាមញ្ញ ពីផែនការសកម្មភាពសង្កាត់៥ឆ្នាំ និង១ឆ្នាំ រាល់សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសង្កាត់ ថវិការបស់សង្កាត់បានមកពីរដ្ឋាភិបាល ប្រជាពលរដ្ឋ សប្បុរសជន និងអង្គការនានា ឲ្យប្រជាពលរដ្ឋចូលរួមក្នុងសេវាសាធារណៈសង្គមនានា រាល់សារាចរ អនុក្រឹត្យ សេចក្ដីជូនដំណឹង គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពីលទ្ធផលគម្រោងនៅក្នុងសង្កាត់ ពីគណៈកម្មការការងារកសាងផែនការ សន្តិសុខ ដេញថ្លៃ តាមដានគម្រោងជាដើម។ សង្កាត់ដង្កោប្រើប្រាស់នូវវិធីសាស្ត្រនានាដើម្បីផ្សព្វផ្សាយមាន ដូចជាតាមរយៈការប្រជុំក្រុមប្រឹក្សាសង្កាត់ ថ្នាក់ភូមិ ដល់ប្រជាពលរដ្ឋ សប្បុរសជន និងអង្គការនានា ពិធីបុណ្យនានា ឯកសារ បិទផ្សាយជាសាធារណៈ វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី កាសែត ឧគ្ឃោសនាស័ព្ទចល័ត និង សម្ដែងសិល្បៈនានា។
វេទិកាពិភាក្សាបានលើកឡើងអំពីឧបសគ្គរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីនិងការចូលទៅកាន់ព័ត៌មានរួមមាន កម្រិតវប្បធម៌របស់ក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីនៅមានកម្រិត វ័យរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ជាស្ត្រី ភារកិច្ចនិងការទទួលខុសត្រូវរបស់ស្ត្រីទាំងកិច្ចការការងារក្នុង ផ្ទះ និងការងារក្រៅផ្ទះ ចំណេះដឹងនៃការចូលទៅកាន់ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យានៅមានកម្រិត។ ម្យ៉ាងវិញទៀតការទទួលព័ត៌មានរបស់ក្រុមប្រឹក្សាសង្កាត់ជាស្ត្រី បានមកពីចៅសង្កាត់ ស្មៀន ប៉ូលិស និងភាគច្រើនពីបុរសដែលជាអ្នកផ្ដល់ព័ត៌មាន។ ហើយព័ត៌មានដែលទទួលនិងធ្វើការផ្សព្វផ្សាយភាគច្រើនអំពី សុខភាព បញ្ហាស្ត្រី និងកុមារ ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយពីព័ត៌មានទាក់ទងនឹងសេវា សាធារណៈ ដែលជាព័ត៌មានដែលមានប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ។ វេទិកាពិភាក្សាគាំទ្រឲ្យមានច្បាប់ឫគោលនយោបាយ ស្ដីពីសិទ្ធិទទួលព័ត៌មាន ដើម្បីធានានូវសិទ្ធិរបស់យើង សិទ្ធិក្នុងការនិយាយស្ដី សិទ្ធិបញ្ចេញមតិយោបល់ សិទ្ធិទទួល និងផ្សព្វផ្សាយព័ត៌មាន។
គួរបញ្ជាក់ផងដែរ ថា កាលពីថ្ងៃទី ២១ ខែសីហា កន្លងមកសម្ព័ន្ធភាពជាតិឃុំ សង្កាត់បានសហការជាមួយអង្គការវិទ្យាស្ថានបើកទូលាយរៀបចំវេទិកា ពិភាក្សាមួយស្ដីពី « ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន (ទាក់ទងនឹងការបោះឆ្នោត) សម្រាប់ស្ត្រី » ៕
លោក វើក សាមឿន ចៅសង្កាត់ដង្កា ធ្វើបទបង្ហាញពី « យុទ្ធសាស្ត្រនានា និងប្រភេទព័ត៌មានដែលក្រុមប្រឹក្សាឃុំ សង្កាត់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់គាត់ » រូបថត៖ វិទ្យាស្ថានបើកទូលាយ
លោក ឈាវ ណាក់ទីប្រឹក្សាគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃធ្វើ បទបង្ហាញពី « សិទ្ធិទទួលព័ត៌មាន និងអភិបាលកិច្ចល្អ » នៅ វេទិកាពិភាក្សាស្ដីពី « ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងការទទួលព័ត៌មាន » រូបថត៖វិទ្យាស្ថានបើកទូលាយ
លោកស្រី ជឹម ម៉ាណាវី នាយិកាអង្គការវិទ្យាស្ថានបើកទូលាយ ថ្លែងសុន្ទរកថាបើកក្នុងវេទិកាពិភាក្សាស្ដីពី « ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងការទទួលព័ត៌មាន » រូបថត៖វិទ្យាស្ថានបើកទូលាយ
អ្នកចូលរួមក្នុងវេទិកាពិភាក្សាស្ដីពី « ក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រី និងការទទួលព័ត៌មាន » រូបថត៖វិទ្យាស្ថានបើកទូលាយ
លោកស្រី រស់ ចំរើននារី ក្រុមប្រឹក្សាសង្កាត់អូឫស្សី៣ រូបថត៖ វិទ្យាស្ថានបើកទូលាយ
លោកស្រីសូ យ៉ាន ក្រុមប្រឹក្សាសង្កាត់កន្ទោក រូបថត៖ វិទ្យាស្ថានបើកទូលាយ