ដើម្បីជំរុញការពិភាក្សាស្ដីពីសិទ្ធិទទួលព័ត៌មានដល់ស្ត្រី បង្កើនការយល់ដឹងដល់ស្ត្រីអំពីសារៈសំខាន់នៃសិទ្ធិទទួលព័ត៌មាន សម្ព័ន្ធភាពជាតិឃុំ សង្កាត់ បានសហការជាមួយ អង្គការវិទ្យាស្ថានបើកទូលាយ រៀបចំកិច្ចពិភាក្សាស្ដីពី ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន(ទាក់ទងនឹងការបោះឆ្នោត)សម្រាប់ ស្ត្រី។ កិច្ចពិភាក្សាត្រូវបានរៀបចំឡើងនៅឯការិយាល័យរបស់អង្គការ វិទ្យាស្ថានបើកទូលាយ នៅព្រឹកថ្ងៃអង្គារ៍ទី២១ ខែសីហា ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីក្រសួង បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុនចំនួន៣៦រូប (ស្រ្តី២៣រូប និង បុរស១៣រូប) ។ ថ្លែងនៅក្នុងពិធីបើកកិច្ចពិភាក្សានេះ លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ថា សិទ្ធិក្នុងការចូលទៅកាន់ព័ត៌មានផ្ដល់ឲ្យប្រជាពលរដ្ឋនូវសិទ្ធិ ស្របច្បាប់មួយក្នុងការទទួលព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាល ពាក់ព័ន្ធសេវាសាធារណៈឬ ពាក់ព័ន្ធវិស័យឯកជន។ ការចូលទៅកាន់ព័ត៌មាន គឺមានសារៈសំខាន់ណាស់សម្រាប់អភិបាលកិច្ចតាមរបៀបប្រជាធិបតេយ្យ ការចូលរួមពីសាធារណជន ការអភិវឌ្ឍសេដ្ឋកិច្ច ការការពារសិទ្ធិមនុស្ស ការជំរុញសេរីភាពព័ត៌មាន និងតម្លាភាព។ល។
លោកស្រីបានបញ្ជាក់ថា យើងសង្កេតឃើញថា ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅមានកម្រិតអាស្រ័យដោយការចែក ចាយ និងមធ្យោបាយនៃការចែកចាយនៅមានកម្រិត និងដោយសារវប្បធម៌ចែកចាយព័ត៌មានសាធារណៈមិនទាន់មានលក្ខណៈបើកចំហ នៅឡើយ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីបញ្ហានេះ អំពីគម្លាតរវាងច្បាប់និងការអនុវត្តច្បាប់ និងអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដល់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ជាពិសេស ក្រុមប្រឹក្សាឃុំ/សង្កាត់ជាស្ត្រី ដែលការទទួលព័ត៌មានរបស់ពួកគាត់នៅមានកម្រិតបើប្រៀបធៀបជាមួយ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ដែលជាបុរស។ មានប្រសាសន៍នៅក្នុងពិធីនោះដែរ លោកស្រី ស៊ី តូន អនុប្រធានសម្ព័ន្ធជាតិឃុំសង្កាត់បានលើកឡើងថា ការទទួលព័ត៌មានពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គម ប្រជាធិបតេយ្យពីព្រោះវាជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ តម្លាភាព និងការអភិវឌ្ឍមូលដ្ឋាន។ នៅ ពេលប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ទទួលបានព័ត៌មានពេញលេញអំពីការងារក្រុមប្រឹក្សា ឃុំ សង្កាត់ គាត់នឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការអភិវឌ្ឍឃុំ សង្កាត់ដែលធ្វើឲ្យមូលដ្ឋានមានការរីកចម្រើន និង រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកិច្ចពិភាក្សានោះ តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចែករំលែកព័ត៌មានពាក់ព័ន្ធនិងយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន របស់ គជប នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រួមមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខិត្តប័ណ្ណ ស្ប៉តអប់រំ សៀវភៅណែនាំ ផ្ទាំងរូបភាព វិបសាយ។ល។ តំណាងគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ( COMFREL) បានលើកឡើងពីសិទ្ធិស្ត្រីក្នុងការទទួលព័ត៌មានទាក់ទងនិងការបោះ ឆ្នោត អំពីចំនួនបេក្ខនារីដែលឈរឈ្មោះបោះឆ្នោត ដោយប្រៀបធៀបពីឆ្នាំ២០០២ ដល់ឆ្នាំ ២០១២ ( ឆ្នាំ២០០២មានបេក្ខនារី១៦% ឆ្នាំ ២០០៧ មានបេក្ខនារី ២១,៣៦% ឆ្នាំ ២០១២ មានបេក្ខនារី ចំនួន២៥,៦៤%) និងអំពីចំនួនស្ត្រីដែលជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ ទី៣ ឆ្នាំ២០១២ មាន ២០៣៨នាក់ ស្មើ ១៧%។
អង្គប្រជុំបានលើកឡើងអំពីការយល់ដឹងនៅមានកម្រិតរបស់ស្ត្រីទាក់ ទងទៅនិងសិទ្ធិទទួលព័ត៌មាន ឧបសគ្គក្នុងការចូលទៅកាន់ព័ត៌មាន និងអំពីការយល់ដឹងពាក់ព័ន្ធការបោះឆ្នោត។ ឧបសគ្គទាំងនោះរួមមាន ទទួលខុសត្រូវច្រើន (ក្នុងគ្រួសារ និងនៅកន្លែងធ្វើការ) មិនសូវត្រូវបានលើកទឹកចិត្តឲ្យចូលរួម និងបញ្ចេញមតិយោបល់។ល។ អង្គប្រជុំបានលើកឡើងផងដែរថា ការបោះឆ្នោតមិនមែនមានន័យត្រឹមតែ ការទៅបោះឆ្នោតប៉ុណ្ណោះទេ តែស្ត្រីក៏មានសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ អង្គប្រជុំថែមទាំងបានលើកឡើងអំពីវិធីសាស្ត្រផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យស្ត្រីបានយល់ថាការបោះឆ្នោតគឺមានសារៈសំខាន់ណាស់ សម្រាប់រូបគាត់ និងអំពីការជ្រើសរើសពេលវេលាដែលស្ត្រីទំនេរពីការងារដើម្បី ផ្សព្វផ្សាយដល់ពួកគាត់។ មធ្យោបាយមួយទៀត ដែលអង្គប្រជុំស្នើឲ្យមាននៅក្នុងយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយ ព័ត៌មានពាក់ព័ន្ធការបោះឆ្នោត ដើម្បីសម្រួលនិងកាត់បន្ថយពេលវេលាដល់និយោជិក នោះ គឺការប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិក ( online) ដើម្បីឆែកមើលឈ្មោះអ្នកបោះឆ្នោត លេខការិយាល័យ និងមណ្ឌលបោះឆ្នោត។ គួរបញ្ជាក់ផងដែរ នាពេលកន្លងមកសម្ព័ន្ធភាពជាតិឃុំ សង្កាត់ ធ្លាប់បានសហការជាមួយអង្គការវិទ្យាស្ថានបើកទូលាយរៀបចំវគ្គ បណ្ដុះបណ្ដាលចំនួនពីរលើកជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីក្រសួង និង បុគ្គលិកអង្គការដើម្បីជំរុញផ្សព្វផ្សាយពីសិទ្ធិទទួលព័ត៌មាន ការប្រមូល និងផ្សព្វផ្សាយព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលអានតាមរយៈ http://www.women.open.org.kh/km/women-and-access-information-election