សេចក្តីប្រកាសព័ត៌មាន ដំណោះស្រាយស្វែងរការងារតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជាឈ្នះរង្វាន់អាស៊ាន

សេចក្តី​ប្រកាស​ព័ត៌មាន                               សម្រាប់​ផ្សព្វ​ផ្សាយ​ភ្លាម

                                                      ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ ២០១៧

ដំណោះស្រាយ​ស្វែង​រក​ការងារ​តាម​ប្រព័ន្ធអ៊ីនធឺណេត​របស់​កម្ពុជា​ឈ្នះ​រង្វាន់​អាស៊ាន
បងភ័ក្រ គឺជាកម្មវិធីមួយដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីផ្តល់សេវាស្វែងរកការងារសម្រាប់អ្នកដែលមានជំនាញតិចតួច ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាអាស៊ាន (The 2017 ASEAN ICT Awards) 

ថាជាគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍដ៏មានសារៈសំខាន់បំផុតប្រចាំឆ្នាំក្នុងតំបន់អាស៊ានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជ័យលាភីទាំងអស់ត្រូវបានជ្រើរើសដោយគណៈវិនិច្ឆ័យមួយដែលសុទ្ធសឹងតែជាអ្នកឯកទេសខាងនវានុវត្តន៍ និងធុរកិច្ច។
បងភ័ក្រ គឺជាសេវាស្វែងរកការងារតាមប្រព័ន្ធអ៊ីនធឺណេតមួយក្នុងចំណោមសេវាដ៏ទៃមួយចំនួនទៀត ដែលបង្កើតឡើងសម្រាប់កម្មករដែលមិនមានជំនាញ ឬជំនាញតិចតួចក្នុងវិស័យរោងចក្រ សំណង់ និងបដិសណ្ឋារកិច្ច។ កម្មវិធីនេះដំណើរការដោយការច្របាច់បញ្ចូលគ្នានៃបច្ចេកវិទ្យាមួយចំនួនរួមមាន៖ គេហទំព័រ បណ្តាញហ្វេសបុក និងការហៅទូរស័ព្ទដោយស្វ័យប្រវត្តិ ដើម្បីអនុញ្ញាតអោយកម្មវិធី បងភ័ក្រ បានទៅដល់កម្មករដែលប្រកបដោយសក្តានុពលមួយចំនួន ដែលមិនអាចចូលទៅប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបាន។
លោកស្រី Veena Reddy នាយិកាបេសកកម្មស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិបានធ្វើការកត់សម្គាល់ថា៖ កម្មវិធី បងភ័ក្រ គឺជាឧទាហរណ៍មួយទៀតនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍ។ លោកស្រីបន្ថែមថា៖ ការបង្ខិតកម្មករ និងការងារឲ្យជិតគ្នានឹងជួយទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍គ្មានដោយសុវត្ថិភាព ហើយយើងរីករាយដែលគណៈកម្មាធិការជាតិបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាអាស៊ានទទួលស្គាល់នូវសក្តានុពលរបស់កម្មវិធីនេះ។
ចាប់តាំងពីការប្រកាសអោយប្រើនាខែ តុលា ឆ្នាំ២០១៦មក កម្មវិធី បងភ័ក្រ មានអ្នកគាំទ្រលើបណ្តាញហ្វេសបុកជាង ១៤៥,០០០នាក់ ហើយកម្មករប្រកបដោយសក្តានុពលប្រមាណ ២០,០០០នាក់ បានចូលទៅស្វែងរកឱកាសការងារតាមរយៈកម្មវិធីនេះជារៀងរាល់ខែ។ ជាអប្បបរិមា ឱកាសការងារប្រមាណ ២,០០០ ត្រូវបាននយោជកបង្ហោះគ្រប់ពេលវេលានៅលើកម្មវិធី បងភ័ក្រ ដោយរាប់បញ្ចូលទាំងមុខតំណែងសម្រាប់ជំនាញតិចតួច និងគ្មានជំនាញសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ដោយពុំគិតពីគុណវឌ្ឍន៍របស់ពួកគេឡើយ។
លោកស្រី Sara Piazzano ដែលជាប្រធានគម្រោងបានមានប្រសាសន៍ថា៖ កម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់ទីភ្នាក់ងារ USAID មានជំនឿថាមធ្យោបាយល្អបំផុតដើម្បីទប់ស្កាត់ការជួញដូរមនុស្ស គឺការផ្តល់ដល់ជនដែលងាយនឹងប្រឈមដោយការជួញដូរនូវឱកាសចិញ្ចឹមជីវិត និងសេវាការងារក្នុងស្រុកដែលប្រសើរជាងមុន។ លោកស្រីបន្ថែមថា កម្មវិធី បងភ័ក្រ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយអង្គការ Winrock International កំពុងរៀបចំផែនការដើម្បីអនុវត្តជាថ្មីនូវគំរូដូចគ្នានេះនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀតជាមួយវិទ្យាស្ថានបើកទូលាយដែលជាដៃគូរបស់យើង។
លោក Federico Barreras ដែលជាអ្នកគ្រប់គ្រងគម្រោងនៃវិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ថា៖ បេសកកម្មរបស់យើង គឺប្រែក្លាយកម្មវិធី បងភ័ក្រ ទៅជាសេវាជំនាញប្រកបដោយចីរភាពមួយ ដែលផ្តល់នូវព័ត៌មានការងារយ៉ាងមានប្រសិទ្ធិភាព ហើយឈានទៅកាត់បន្ថយនូវភាពងាយរងគ្រោះដោយការជួយដូរមនុស្សជាអចិន្ត្រៃយ៍។
បងភ័ក្រ ត្រូវបានបង្កើតឡើងដោយការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា (CTIP)។ គម្រោង CTIP ត្រូវបានអនុវត្តដោយអង្គការ Winrock International រួមជាមួយដៃគូមួយចំនួនរួមមានវិទ្យាស្ថានបើកទូលាយ ដែលជាអ្នករចនា និងអនុវត្តនូវកម្មវិធីនេះ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានបង្កើតឡើងដោយប្រធានាធិបតី John F. Kennedy ក្នុងឆ្នាំ១៩៦១ និងដើរតួនាទីជាទីភា្នក់ងារនាំមុខគេរបស់រដ្ឋាភិបាលអាមេរិកសម្រាប់ជំនួយបរទេស។ ចាប់តាំងពីឆ្នាំ ១៩៩២ ទីភ្នាក់ងារUSAID បានវិនិយោគប្រមាណមួយប៊ីលានដុល្លារសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
វិទ្យាស្ថានបើកទូលាយ (Open Institute)គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញឈានមុខគេក្នុងប្រទេសកម្ពុជាដែលកំពុងបំពេញការងារលើវិស័យបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ។ អង្គការនេះប្រមើលមើលថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយដែលប្រជាជនមានសិទ្ធិទូលំទូលាយចូលទៅកាន់ការអប់រំ ការប្រាស្រ័យទាក់ទងដែលមានគុណភាពខ្ពស់ ហើយវិស័យបច្ចេកវិទ្យានឹងនាំឈ្ពោះទៅរកសង្គមមួយដែលប្រកបដោយយុត្តិធម៌ និងការអភវឌ្ឋន៍។ www.open.org.kh
អង្គការ Winrock International គឺជាអង្គការនាំមុខគេក្នុសហរដ្ឋអាមេរិក និងការអភិវឌ្ឍអន្តរជាតិដោយផ្តោតលើការងារសង្គម កសិកម្ម និងបរិស្ថាន។ បេសកកម្មរបស់អង្គការ Winrock គឺផ្តល់ភាពអង់អាចដល់ក្រុមមនុស្សក្រីក្រទន់ខ្សោយ បង្កើនឱកាសសេដ្ឋកិច្ច និងរក្សាធនធានធម្មជាតិនៅវិញជុំវិញសកលលោក។ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ Winrock សូមចូលទៅកាន់គេហទំព័រ www.winrock.org
សម្រាប់ព័ត៌មានបន្ថែម (អង់គ្លេស ឬខ្មែរ)សូមទំនាក់ទំនងទៅកាន់៖ លោក Federico Barreras តាមរយៈលេខទូរស័ព្ទ ០៨៧ ៧៦៤ ៣២១ ឬអ៊ីម៊ែល៖  Federico@open.org.kh

កម្ពុជា