អង្គការវិទ្យាស្ថានបើកទូលាយគឺជាអង្គការមិនមែនរដ្ឋាភិបាលនិងមិនរកប្រាក់ចំណេញ ដែលមានទស្សនៈវិស័យ ស្ដីពីប្រទេសកម្ពុជាថាជាប្រទេសមួយមានការសាយភាយឱកាសក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ផ្នែកព័ត៌មាន ការទំនាក់ទំនង និងបច្ចេកវិទ្យាដែលនាំធ្វើឲ្យមានការអភិវឌ្ឍហើយនឹងការប្រែប្រួលក្នុងសង្គមច្រើនជាងមុន។ បច្ចុប្បន្នអង្គការវិទ្យាស្ថានបើកទូលាយបានទទួលការគាំទ្រ ពីមូលនិធិពីអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាចដល់ស្ត្រី ដើម្បីសិក្សាលើគម្រោងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនៅកម្ពុជា។ គម្រោងនឹងធ្វើការប្រមូលនិងកត់ត្រានូវទិន្នន័យបែបបរិមាណវិស័យនិងគុណ វិស័យអំពីអំពើហិង្សាលើស្ត្រី ដើម្បីបង្កើតមូលដ្ឋានភស្តុតាងមួយដែលអាចត្រូវបានប្រើនៅពេលអនាគត។ មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួនបីរួមមានការបោះពុម្ពផ្សាយ ស្ថានីយវិទ្យុ និង ស្ថានីយទូរទស្សន៍ នឹងត្រូវធ្វើជាមូលដ្ឋានសម្រាប់ការសិក្សា។ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ អង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំការចែករំលែកចំណេះដឹង ដើម្បីការកសាងសមត្ថភាពបុគ្គលិកគម្រោងនិងបុគ្គលិកអង្គការវិទ្យាស្ថានបើកទូលាយ។ ការចែករំលែកចំណេះដឹងនេះទទួលបានការសម្របសម្រួលពីអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រីនិងលោកអ៊ុយ សារ៉េត ប្រធានគ្រប់គ្រងគម្រោង នៃវិទ្យាស្ថានបើកទូលាយ។ គោលបំណងនៃការចែករំលែកចំណេះដឹងនេះគឺដើម្បីជួយបុគ្គលិកឲ្យបានយល់ពីអត្ថន័យនៃអំពើហិង្សាលើស្ត្រី (VAW) និងអាចអនុវត្តតាមវិធីសាស្ត្រត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ សម្រាប់គម្រោងនេះឲ្យកាន់តែប្រសើរជាងមុន។ បន្ទាប់មកក្រុមការងារគម្រោងនេះនឹងកំណត់អត្តសញ្ញាណតាមលំដាប់លំដោយនៃអត្ថបទអោយបានជាក់លាក់ដើម្បីធ្វើការតាមដាននិងរាយការណ៍អំពីអំពើហិង្សាលើស្ត្រីនៅកម្ពុជា។
លោកស្រីជឹម ម៉ាណាវី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានបើកទូលាយបានថ្លែងសុន្ទរកថាក្នុងការបើកវគ្គចែករំលែកចំណេះដឹងនេះដោយការថ្លែងអំណរគុណទៅកាន់បុគ្គលិកអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាចដល់ស្ត្រីដែលផ្ដល់ឱកាសក្នុងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ រវាងស្ថាប័នទាំងពីរ។ លោកស្រីក៏បានសម្ដែងអំណរគុណដោយស្មោះចំពោះលោកស្រី Inala Fathimath និង កញ្ញា Yuki Loនៃអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាចដល់ស្ត្រីក្នុងកម្មវិធីបញ្ឈប់អំពើហិង្សាលើស្ត្រី ក្នុងការជួយសម្រួលដល់ការចែករំលែកចំណេះដឹងមានរយ:ពេលកន្លះថ្ងៃជាមួយគម្រោងក្នុងការផ្ដល់ និងបង្កើនសមត្ថភាពដល់បុគ្គលិកអង្គការវិទ្យាស្ថានបើកទូលាយ ក៏ដូចជាការយល់ដឹងទូលំទូលាយអំពីអំពើហិង្សាលើស្ត្រីក្នុងបរិបថទូលំទូលាយនិងរបៀបក្នុងការតាមដានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងករណីនៃអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជា។
លោកស្រី Inala អ្នកគ្រប់គ្រងកម្មវិធីបញ្ឈប់អំពើហិង្សាលើស្ត្រីរបស់អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាចដល់ស្ត្រីបានធ្វើបទបង្ហាញ អំពីនិយមន័យ និងប្រភេទនៃអំពើហិង្សាលើស្ត្រីនិងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ភាពខុសគ្នារបស់វា។ អ្នកស្រីបានផ្ដល់ការពន្យល់ពាក្យគន្លឹះដែលត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ទាក់ទងទៅនឹងអំពើហិង្សានេះនិងបានផ្ដល់ ឧទាហរណ៍ច្បាស់លាស់នៃប្រភេទនិងធម្មជាតិនៃអំពើហិង្សាលើស្ត្រី។ អ្នកស្រីបានបន្តទៀតថាពាក្យ “អំពើហិង្សាលើស្ត្រី" ដូចដែលយើងយល់គឺជាការរំលោភបំពានរូបកាយ ផ្លូវភេទ និង/ឬផ្លូវចិត្តដោយចេតនាលើស្ត្រី ដោយសារជីវសាស្ត្រភេទ និង/ឬ តួនាទីសង្គម របស់ពួកគេ។ មានអនុសញ្ញា ច្បាប់ និងប្រកាសជាច្រើនដែលទាក់ទងអំពើហិង្សាជាទូទៅនិង ជាពិសេសច្បាប់នៅកម្ពុជា។ ច្បាប់និងគោលនយោបាយនៃស្ថាប័នរបស់កម្ពុជាក្នុងការការពារ សិទ្ធិស្ត្រីរួមមាន ច្បាប់ការងារ ( ឆ្នាំ ១៩៩៧) ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះ (ឆ្នាំ២០០៥) ច្បាប់ឯកពន្ធភាព(២០០៦ ) ច្បាប់ប្រឆាំងការជួញដូរមនុស្សនិង ការកេងប្រវ័ញ្ចផ្លូវភេទ(២០០៨) ក្រមរដ្ឋប្បវេណី(២០០៧) និងក្រមនីតិវិធីរដ្ឋប្បវេណី(ឆ្នាំ២០០៦) ក្រមព្រហ្មទណ្ឌ(២០១០)និងក្រមនីតិវិធីព្រហ្មទណ្ឌ(២០១០)។ គោលនយោបាយត្រូវបានសង្កេតឃើញរួមមានដូចជា គោលនយោបាយភូមិ/ឃុំ/សង្កាត់សុវត្ថិភាព(២០១០ ) នារីរតន:ទី៤(២០១៤-២០១៨) និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទីពីរ(NAPVAW)។
បន្ថែមពីលើលោកស្រី Inala កញ្ញា Yuki Lo ជាមន្ត្រីត្រួតពិនិត្យនិងវាយតម្លៃ នៃអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាចដល់ស្ត្រីបានណែនាំប្រភេទនៃអំពើហិង្សាដែលតម្រូវឲ្យមានការត្រួតពិនិត្យ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ កញ្ញាបានផ្ដល់នូវឧទាហរណ៍ជាច្រើនទាក់ទងនឹងលំអៀងយេនឌ័រ ការស្ដីបន្ទោសនិងការបន្ទោសបង្អាប់ជនរងគ្រោះដែលជាញឹកញាប់ត្រូវបានបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយ។ នៅចុងបញ្ចប់នៃការចែករំលែកចំណេះដឹង អ្នកចូលរួមបានបង្ហាញការយល់ច្បាស់គំនិតទាក់ទងទៅនឹងអំពើហិង្សាលើស្ត្រី។ លោកស្រី ម៉ាណាវី និងបុគ្គលិកនៃអង្គការវិទ្យាស្ថានបើកទូលាយ បានថ្លែងអំណរគុណដល់បុគ្គលិកដែលចូលរួមជាថ្មីម្ដងទៀត ដល់បុគ្គលិកអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រីក្នុងការផ្ដល់ការចែករំលែកប្រកបដោយផ្លែផ្កានិងបង្ហាញពីភាពជាដៃគូដ៏ល្អឥតខ្ចោះ។
សម្រាប់អត្ថបទជាភាសាអង់គ្លេសសូមចុចត្រង់នេះ
ឯកសារភ្ជាប់ ៖