វិទ្យាស្ថានបើកទូលាយ៖បារខែមខ្នាតតូចស្ដីពីយុវជនក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ទំនាក់ទំនងសង្គមត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៣ នៅសាកលវិទ្យាល័យបៀលប្រាយ (BBU) សាខាខេត្តបន្ទាយមានជ័យ ។ គោលបំណងនៃកម្មវិធីបារខែមនេះ គឺដើម្បីបង្កើនចំណេះដឹងរបស់យុវជនស្ដីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)
ដើម្បី អាចប្រើប្រាស់បណ្ដាញសង្គមបាន ក្នុងការចូលរួមនៅក្នុងការអភិវឌ្ឍសង្គម ។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៤៤៤ នាក់ដែលមកពីសាកលវិទ្យាល័យ វិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានវាគ្មិនចំនួន ១១ នាក់មកពីអង្គការវិទ្យាស្ថានបើកទូលាយ (OI) អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) សមាគមអភិវឌ្ឍសុខភាពប្រជាជន (PHD) និងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ។
សិក្ខាសាលានេះមានរយៈពេលមួយថ្ងៃពេញ ។ កម្មវិធីសិក្ខាសាលាបារខែមបានបែងចែកជាពីរវគ្គ ។ នៅពេលព្រឹក គឺជាកម្មវិធីបើកសិក្ខាសាលា និងណែនាំ ចំណែកឯនៅពេលរសៀលវិញ សិក្ខាកាមអាចចូលរួមវគ្គណាមួយទៅតាមប្រធានបទដែលពួកគេចូលចិត្ត ។ នៅក្នុងនោះដែរ មានប្រធានបទចំនួន ១១ ដែលបានយកមកបង្ហាញនៅអំឡុងពេលកម្មវិធីបារខែមដូចជា៖ របៀបប្រើបណ្ដាញសង្គម (Facebook) របៀបចូលរួមក្នុងការពិភាក្សាស្ដីពីលទ្ធិប្រជាធិបតេយ្យតាមបណ្ដាញ Facebook (D&D Facebook), បណ្ដាញបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា (ICT4D Cambodia Network), វិធីសាស្ត្រដែលយុវជនអាចចូលរួមតាមរយៈបច្ចេកវិទ្យា, ការបង្កើតវីដេអូ និងការថតរូប (កញ្ចក់ថត, តួកាមេរ៉ា, ពណ៌, មុខងារថតនៃការថតរូប និងការថតរូបបែបទេសភាព), សារប្រយោជន៍នៃការប្រើកម្មវិធីស្វែងរករបស់ Google, របៀបដំឡើងខ្មែរយូនីកូដនៅក្នុងទូរស័ព្ទទំនើបប្រើប្រព័ន្ធអេនដ្រយ ដោយមិនចាំបាច់រូត, របៀបវាយយូនីកូដខ្មែរ និងប្រើកម្មវិធីផ្ទុកឯកសារនៅលើអ៊ីនធឺណិត, របៀបរៀបចំប្រវត្តិរូបសង្ខេប និងឯកសារអមសម្រាប់ការងារ និងស្វែងរកការងារត្រឹមត្រូវ, របៀបស្វែងរកព័ត៌មាន និងទម្រង់បែបបទពេញលេញដើម្បីទទួលបានអាហារូបករណ៍, ការវិវឌ្ឍខ្លួនឯង, របៀបស្វែងរកព័ត៌មានដែលទាក់ទងនឹងការធ្វើចំណាកស្រុកដោយសុវត្ថិភាព, របៀបក្លាយជាអ្នកទំនាក់ទំនងដ៏ប៉ិនប្រសព្វ និងភាពជាអ្នកដឹកនាំ ។
នៅក្នុងសន្ទរកថាស្វាគមន៍ លោក អ៊ុច វាន់នីន មន្ត្រីគម្រោងនៃសមាគមអភិវឌ្ឍសុខភាពប្រជាជន (PHD) បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងអង្គការ វិទ្យាស្ថានបើកទូលាយជាមួយនឹងសមាគមអភិវឌ្ឍសុខភាពប្រជាជន (PHD) និងសាកលវិទ្យាល័យបៀលប្រាយ ។ លោកក៏បានធ្វើការពន្យល់ដោយសង្ខេបអំពីប្រវត្តិនៃកម្មវិធីបារខែម និងការប្រារព្ធកម្មវិធីបារខែមនេះដែលមានទាំងនៅបរទេស និងនៅប្រទេសកម្ពុជាយើងរហូតមកដល់សព្វថ្ងៃ ។
នៅក្នុងសន្ទរកថាចាប់អារម្មណ៍ និងស្វាគមន៍ លោកស្រី សុក សុគន្ធា ប្រធានគម្រោងនៃកម្មវិធីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការ អភិវឌ្ឍតាមរយៈការប្រើប្រាស់ ICT នៃអង្គការវិទ្យាស្ថានបើកទូលាយ បានសម្ដែងពីចំណាប់អារម្មណ៍របស់លោកស្រីទាក់ទងនឹងការចូលរួមរបស់ យុវជនយ៉ាងច្រើនកុះករនៅក្នុងកម្មវិធីបារខែមនេះ ។លោកស្រីក៏បាន បន្តទៀតថា បារខែម គឺជាព្រឹត្តិការមួយដែលធ្វើឡើងដើម្បីបង្កើនចំណេះដឹង និងបំណិនថ្មីៗដល់យុវជន ។ បច្ចេកវិទ្យាមានការកើនឡើងយ៉ាងឆាប់រហ័សនៅអំឡុងប៉ុន្មានឆ្នាំចុង ក្រោយនេះ ។ លោកស្រីក៏បានបន្តទៀតថា សិក្ខាសាលានេះមានប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលនឹងត្រូវ លើកយកមកបង្ហាញដោយវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ ។ លោកស្រីសង្ឃឹមថាអ្នកចូលរួមនឹងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចូលរួមយ៉ាងសកម្មបំផុតដើម្បីទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹង ICT ភាពជាអ្នកដឹកនាំ ការអភិវឌ្ឍខ្លួនឯងជាដើម ដែលពិតជាមានសារសំខាន់សម្រាប់ជីវិតរស់នៅរបស់ពួកគេ ។
នៅក្នុងសន្ទរកថាស្វាគមន៍ លោក ឃុត វីរៈ នាយកសាខាសាកលវិទ្យាល័យខេត្តបន្ទាយមានជ័យ បានសម្ដែងពីចំណាប់អារម្មណ៍របស់លោកនៅក្នុងសិក្ខាសាលាបារខែមនេះ ។ លោកបានមានប្រសាសន៍ថា ពិភពលោកមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ សព្វថ្ងៃ បច្ចេកវិទ្យាបានធ្វើឲ្យប្រជាជនមានភាពងាយស្រួលក្នុងការ ទំនាក់ទំនង និងស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ។ល។ ប៉ុន្តែបច្ចេកវិទ្យាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ ប្រសិនបើពួកគេប្រើវានៅក្នុងផ្លូវខុសឆ្គងណាមួយ ។ លោកបានស្នើឲ្យយុវជនជំនាន់ក្រោយគួរមានការប្រុងប្រយ័ត្នក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងគួរប្រើវានៅក្នុងផ្លូវត្រឹមត្រូវមួយ ។
នៅក្នុងសន្ទរកថាបើកសិក្ខាសាលា លោក វ៉ៃ កេងលី អភិបាលរងនៃគណអភិបាលក្រុងសិរីសោភ័ណ បានសម្ដែងការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងធ្វើការងារនេះ និងការសហការដ៏ល្អប្រសើររវាងអង្គការវិទ្យាស្ថានបើកទូលាយ ជាមួយអង្គការ PHD និងសាកលវិទ្យាល័យបៀលប្រាយ នៅក្នុងការរៀបចំកម្មវិធីបារខែមខ្នាតតូចនេះក្នុងគោលបំណងដើម្បី ចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យាថ្មីៗ ដែលអាចកសាងសមត្ថភាពរបស់យុវជនឲ្យប្រសើរឡើង ។ ប៉ុន្តែ លោកក៏បានសម្ដែងពីក្ដីបារម្ភផងដែរចំពោះសមាហរណកម្មអាស៊ានដែល ទីផ្សារការងារមានការប្រកួតប្រជែងខ្លាំង ខណៈដែលសព្វថ្ងៃ យុវជនកម្ពុជាមានការយល់ដឹងអំពីបច្ចេកវិទ្យានូវមានកម្រិត និងការកសាងសមត្ថភាពដែលពួកគេនឹងជួបប្រទះការលំបាកក្នុងការ ស្វែងរកការងារឲ្យបានល្អនៅពេលអនាគត ។ លោកសង្ឃឹមថាអ្នកចូលរួមទាំងអស់មានការយកចិត្តទុកដាក់ទទួលយក ចំណេះដឹងតាមរយៈមេរៀននីមួយៗពីវាគ្មិនដ៏មានជំនាញ និងបទពិសោធន៍ខ្ពស់ ព្រមទាំងអាចប្រើប្រាស់ចំណេះដឹងទាំងនេះឲ្យបានត្រឹមត្រូវ និងមានអត្ថប្រយោជន៍ដល់ការអភិវឌ្ឍខ្លួនឯង និងសង្គមផងដែរ ។ ក្នុងនាមជាអ្នកតំណាងក្រុងសិរីសោភ័ណ លោកក៏បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលា ដ៏មានតម្លៃរបស់ខ្លួនចូលរួមនៅក្នុងសិក្ខាសាលានេះ ហើយលោកក៏បានប្រសិទ្ធពរដល់អ្នកចូលរួមទាំងអស់ឲ្យមានអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
លោក អ៊ុន សំអាត មន្ត្រីចំណាកស្រុកសុវត្ថិភាពនៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមាន វិបត្តិ (CWCC) បានចែករំលែកដល់អ្នកចូលរួមអំពីរបៀបស្វែងរកព័ត៌មានដ៏មាន សារប្រយោជន៍អំពីការធ្វើចំណាកស្រុករបស់កម្មករដោយសុវត្ថិភាព និងការធ្វើចំណាកស្រុកតាមផ្លូវច្បាប់ ។ កម្មករដែលធ្វើចំណាកស្រុកគួរយល់ដឹងអំពីព័ត៌មានដែលទាក់ទងនឹងការ ធ្វើចំណាកស្រុកដោយសុវត្ថិភាព ដូចជា តាមរយៈស្ថាប័នស្របច្បាប់ ឯកសារជំនួយ ការធានា លេខទូរស័ព្ទអ្នកទំនាក់ទំនង ដូចជា ស្ថានទូត ឬសមាជិកគ្រួសារ ក្នុងករណីមានការរំលោភណាមួយបានកើតឡើង ។
កម្មវិធីបារខែមបានទាក់ទាញយុវជនជាច្រើនឲ្យចូលរួម ជាពិសេសពួកគេជានិស្សិតនៃសាកលវិទ្យាល័យ ។ កញ្ញា ស៊ុន សុនីតា ជាសិស្សនៃវិទ្យាល័យសម្ដេចឪ បាននិយាយថា នាងពិតជាមានការសប្បាយរីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍បារខែមនេះ ។ នាងក៏បានសម្ដែងពីការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទមួយចំនួន ផងដែរ ។ ប្រធានបទដែលនាងចាប់អារម្មណ៍ខ្លាំងជាងគេ គឺការប្រើប្រាស់កម្មវិធីអ៊ីនធឺណិតរបស់ Google (ការស្វែងរកតាមរយៈ Google និងឯកសារ Google) និងការបង្កើតឯកសារជាវីដេអូ និងរបៀបថតរូប (កញ្ចក់កាមេរ៉ា, តួកាមេរ៉ា, ពណ៌, មុខងារនៃការថតរូប) ។ បន្ទាប់ពីនាងទទួលបានចំណេះដឹងពីសិក្ខាសាលានេះ នាងនឹងចែករំលែកដល់មិត្តភ័ក្ដិ ក្រុមគ្រួសារនិងប្រជាពលរដ្ឋផ្សេងៗ ។ កញ្ញាបានធ្វើការស្នើសុំយ៉ាងទទូចឲ្យមានការរៀបចំកម្មវិធីបារខែម នេះច្រើនទៀតនៅក្នុងខេត្តបន្ទាយមានជ័យ និងនៅតាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជាដើម្បីចែករំលែកចំណេះដឹងអំពី ICT នេះ និងកសាងសមត្ថភាពរបស់យុវជនឲ្យកាន់តែខ្លាំងឡើងផងដែរ ។
លោក វ៉ាន់ រតនៈ និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះពិតជាមានសារសំខាន់ក្នុងការចែករំលែកចំណេះដឹងទៅ ដល់យុវជន ។ ប្រធានបទដែលលោកចាប់អារម្មណ៍មានដូចជា៖ សារសំខាន់នៃការប្រើប្រាស់កម្មវិធីអ៊ីនធឺណិតរបស់ Google (ការស្វែងរក និង Google ឯកសារ), របៀបរៀបចំប្រវត្តិរូបសង្ខេប និងឯកសារអមដែលគួរឲ្យទាក់ទាញ, ការបង្កើតឯកសារជាវីដេអូ និងរបៀបថតរូប (ការប្រើកញ្ចក់, តួកាមេរ៉ា, ពណ៌, មុខងារនៃការថតរូប) ។ លោកជឿជាក់ថា លោកអាចអនុវត្តចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះដើម្បីធ្វើ ឲ្យប្រសើរនូវសមត្ថភាពរបស់ខ្លួន និងចែករំលែកទៅដល់មិត្តភ័ក្ដិរបស់លោកផងដែរ ។ ប៉ុន្តែ គាត់មានអារម្មណ៍ថា សិក្ខាសាលានេះមានរយៈពេលខ្លីពេក ។ លោកសង្ឃឹមថាកម្មវិធីបារខែមនឹងបន្តនាំយកប្រធានបទ និងចំណេះដឹងថ្មីៗមកចែករំលែកនៅក្នុងខេត្តបន្ទាយមានជ័យម្ដងទៀត ។ លោកបានថ្លែងអំណរគុណដោយស្មោះចំពោះអ្នករៀបចំកម្មវិធី និងស្ថាប័នដែលពាក់ព័ន្ធ ដែលបានខិតខំធ្វើការយ៉ាងខ្លាំងក្នុងការរៀបចំព្រឹត្តិការណ៍នេះ សម្រាប់យុវជននៅក្នុងខេត្តបន្ទាយមានជ័យ ។
កម្មវិធីបារខែមខ្នាតតូចនេះទទួលបានភាពជោគជ័យ និងផ្លែផ្កាយ៉ាងខ្លាំង ។ សិក្ខាកាមបានចូលរួមកម្មវិធីបារខែមនេះលើសពីការគ្រោងទុក ហើយពួកគេភាគច្រើនចូលរួមយ៉ាងសកម្ម ។ ពួកគេពិតជាអាចទទួលបានការយល់ដឹងច្រើនពីវាគ្មិនដែលមានជំនាញ ទាំងអស់ ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហការរវាងវិទ្យាស្ថានបើក ទូលាយ សមាគមអភិវឌ្ឍសុខភាពប្រជាជន (PHD) ជាមួយនឹងសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបន្ទាយមានជ័យ ។ ព្រឹត្តិការណ៍នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗនៃគម្រោង "លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍតាមរយៈការប្រើប្រាស់ ICT” ដែលឧបត្ថម្ភថវិកាដោយកម្មវិធី The Swedish Program for ICT in Developing Regions-SPIDER នៃប្រទេសសុយអ៊ែត ។ ព្រឹត្តិការណ៍នេះក៏ទទួលបានថវិកាឧបត្ថម្ភពីកម្មវិធីស្ថាបនាភាព ជាដៃគូដើម្បីបរិយាកាសទំនាក់ទំនងបែបច្នៃប្រឌិតហៅកាត់ថា SPICE នៃអង្គការវិទ្យាស្ថានបើកទូលាយក្រោមជំនួយថវិកាពី USAID ។
រូបថតសកម្មភាពនៃកម្មវិធីបាខែមនៅក្នុងខេត្តបន្ទាយមានជ័យ
សម្រាប់ព័ត៌មានបន្ថែមជាភាសាអង់គ្លេស សូមចុចទីនេះ
|
|
|
|
|
|