ការ​បង្កើត​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​កាន់តែ​ខ្លាំងក្លា​ សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល

វិទ្យាស្ថានបើកទូលាយ៖ សិក្ខាសាលា eNGO ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នៅ​ឯ​សណ្ឋាគារ សាន់វ៉េ ភ្នំពេញ ។ សិក្ខាសាលា​​​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​​ជាមួយ​នឹង​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​ឈ្មោះ​ថា Digital Empowerment Foundation (DEF) ព្រម​ជាមួយ​នឹង​​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​​សហរដ្ឋ​អាមេរិក​ឈ្មោះ​ថា Public Interest Registry (.ORG)

។ គោលបំណង​នៃ​សិក្ខាសាលា​ គឺ​ដើម្បី​អប់រំ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពី​គោលគំនិត​នៃ​ eNGO និង​សារសំខាន់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) សម្រាប់​ការ​អភិវឌ្ឍ បណ្ដុះបណ្ដាល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ចេះ​​​ប្រើប្រាស់​ ICT និង​​បង្ហាញ​ដល់​ពួកគេ​អំពី​​ផលប្រយោជន៍​នៃ​ការ​ប្រើប្រាស់ ICT សម្រាប់​អង្គការ​របស់​ពួកគេ និង​ការ​បង្កើត​តំបន់បណ្ដាញ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមទាំង​អប់រំ​ពួកគេ​អំពី​​របៀប​ប្រើប្រាស់​តំបន់បណ្ដាញ​របស់​ពួកគេ​​ឲ្យ​មាន​​ប្រសិទ្ធភាព​បំផុត ក៏​ដូចជា​​សារសំខាន់​នៃ​តំបន់បណ្ដាញ​ក្នុង​ការ​ពង្រីក​សក្ដានុពល​របស់​ខ្លួន ។ អ្នក​ចូលរួម​​អញ្ជើញ​មក​ពី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ។ សិក្ខាសាលា​នេះ​បាន​ផ្ដល់​ការ​​បណ្ដុះបណ្ដាល​​ដល់​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ទាន់​​ចាប់ផ្ដើម​ប្រើ​បច្ចេកវិទ្យា​ឌីជីថល និង​ ICT សម្រាប់​ការ​ងារ​របស់​ពួកគេ ឬ​​​​អង្គការ​ដែល​មិន​ទាន់​មាន​តំបន់បណ្ដាញ ឬ​អង្គការ​​ដែល​មាន​បំណង​ចង់​ស្វែងយល់​បន្ថែម​អំពី​​​សារសំខាន់​នៃ​​ឧបករណ៍​បច្ចេកវិទ្យា ICT ដើម្បី​អាច​ប្រើប្រាស់​វា​​បាន​ឲ្យ​មាន​ប្រសិទ្ធភាព​​ខ្ពស់​បន្ថែម​ទៀត ។ ការ​ស្វែងយល់​អំពី​របៀប​ប្រើប្រាស់​ឧបករណ៍​ ICT បាន​ផ្ដល់​ឲ្យ​​អង្គការ​ដែល​​​ចូលរួម​នូវ​លទ្ធភាព​​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​មនុស្ស​ជា​ច្រើន រៀបចំ​ព័ត៌មាន​របស់​ពួកគេ និង​ផ្ដល់​ព័ត៌មាន​ដល់​សាធារណៈ​ជន​អំពី​ការ​ងារ​របស់​ពួកគេ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត ។ ជា​ចុង​ក្រោយ សិក្ខាសាលា​នេះ​បាន​ធ្វើការ​ដើម្បី​ជួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្កើត​អត្តសញ្ញាណ​របស់​ខ្លួន​នៅ​លើ​អ៊ីនធឺណិត​កាន់តែ​ខ្លាំង​ក្លា ដើម្បី​​ឲ្យ​ពួកគេ​អាច​ពុះពារ​បាន​នូវ​​​ឧបសគ្គ​បច្ចេកវិទ្យា និង​​​បញ្ហា​​ជា​ច្រើន​ផ្សេង​ៗ​ទៀត​របស់​ពួកគេ​បាន​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ សិក្ខាសាលា​បាន​ផ្ដល់​​នូវ​ការ​បង្កើត​តំបន់បណ្ដាញ​ដោយ​ឥត​គិត​ថ្លៃ​​ដល់​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​ដែល​មិន​ទាន់​មាន​តំបន់បណ្ដាញ និង​​ផ្ដល់​ឲ្យ​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​នូវ​ដែន និង​សេវាកម្ម​បង្ហោះ​ដោយ​ឥត​គិត​ថ្ងៃ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ ។

 

លោក​ជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​​ថ្លែង​សន្ទរកថា​បើក​សិក្ខាសាលា​ស្ដីពី "ការ​បង្កើត​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​កាន់តែ​ខ្លាំងក្លា​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល" កាលបរិច្ឆេទ: ២៩ វិច្ឆិកា ២០១៣ រូបថត​ដោយ: វិទ្យា​ស្ថាន​បើក​ទូលាយ
នៅ​ក្នុង​សន្ទរកថា​របស់​លោក​ជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចការ​នារី បាន​ថ្លែង​អំណរគុណ​ដល់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ និង​លោក​ជំទាវ​បាន​សម្ដែង​ពី​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​​ចូលរួម​​ពាក់ព័ន្ធ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​លោក​ជំទាវ​គិត​ថា​ វា​ជា​ការ​ជួយ​បង្កើន​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) និង​ជួយ​ដល់​សមភាព​យេនឌ័រ ។ លោក​ជំទាវ​ ឡុង សុផល្លី បាន​មាន​ប្រសាសន៍​​អំពី​ស្ថានភាព​​នៃ​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​​​បាន​ផ្ដល់​​មតិយោបល់​​​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​បញ្ហា​ជា​ច្រើន​ដែល​ស្ត្រី​ជួបប្រទះ​នៅ​ក្នុង​សង្គម​កម្ពុជា ។ លោក​ជំទាវ​ក៏​បាន​​ប្រាប់​អ្នក​ចូលរួម​​អំពី​គោលបំណង​របស់​ក្រសួង​កិច្ចការ​នារី​ក៏ដូចជា​​​ការងារ​សំខាន់ៗ​ដែល​ក្រសួង​បាន​​កំពុង​ធ្វើ​​ដើម្បី​​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សមភាព​យេនឌ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ការងារ​​ជាមួយ​ព្រឹត្តិបត្រ​​ព័ត៌មាន​សង្គម​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ការ​ស្ថាបនា​ទីក្រុង​បៃតង​​សម្រាប់​ស្ត្រី​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការ​ប្រែប្រួល​អាកាសធាតុ និង​​ការងារ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​គោលនយោបាយ​ក្នុង​ការ​បង្កើន​ចំនួន​ស្ត្រី​ធ្វើ​ការងារ​នៅ​ក្នុង​​​រឿង​នយោបាយ។

លោក​ស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​សម្ដែង​​ការ​ស្វាគមន៍​អ្នក​ចូលរួម​ទាំងអស់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ និង​បាន​អធិប្បាយ​ពី​សារសំខាន់​នៃ ICT សម្រាប់​​ជួយ​ដល់​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​នៅ​ក្នុង​សង្គម​កម្ពុជា ។ លោក​ស្រី​ក៏​បាន​បន្ត​ទៀត​ដោយ​មាន​ប្រសាសន៍​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វត្តមាន​នៃ​បច្ចេកវិទ្យា​បាន​កើន​ឡើង​យ៉ាង​​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក ដែល​ជា​មូលដ្ឋាន​​ដើម្បី​ទទួល​បាន​ការ​យល់ដឹង និង​​អាច​ប្រើប្រាស់​ធនធាន​នានា ។ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ចំនួន​ជាង ៣០០០ អង្គការ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​ទោះជាយ៉ាងណាក៏ដោយ ភាគច្រើន​នៃ​អង្គការ​ទាំងនេះ​មិន​ទាន់​ចេះ​ប្រើ​ ICT និង​ខ្លះ​មិន​ទាន់​មាន​តំបន់បណ្ដាញ​​នោះ​ទេ ។ ឧទាហរណ៍ ក្នុង​ចំណោម ៩០ អង្គការ​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នៅ​កម្ពុជា​ដែល​ធ្វើការ​ស្ដីពី​​​សន្ធិសញ្ញា​លុបបំបាត់​រាល់​ទម្រង់​រើសអើង​​លើ​ស្ត្រី (NGO-CEDAW) គឺ​មាន​តែ ៤៣ អង្គការ​ប៉ុណ្ណោះ​ ដែល​មាន​តំបន់បណ្ដាញ​ផ្ទាល់ខ្លួន ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ដែល​នៅ​សល់​​​​កំពុង​មាន​វត្តមាន​នៅ​លើ​​អ៊ីនធឺណិត​​ពេញលេញ​ ។ វា​ជា​ការ​លំបាក​ណាស់​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ដល់​​ក្រុម​មនុស្ស​ដែល​មាន​សក្ដានុពល​ ​លទ្ធភាព​​ចូល​ទៅ​ប្រើប្រាស់​ព័ត៌មាន​ រៀបចំ​ព័ត៌មាន​ និង​ផ្ដល់​ព័ត៌មាន​ដល់​សាធារណៈ​ជន​​បាន​ពេញលេញ អំពី​ការងារ​របស់​ពួកគេ​នឹង​មាន​ដែន​កំណត់ ប្រសិនបើ​មិន​មាន​ឧបករណ៍​ដ៏​សំខាន់​ទាំងនេះទេ (ឧបករណ៍ ICT) ។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​មាន​ភារកិច្ច​​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​​សង្គម​របស់​ខ្លួន ហើយ​​នៅ​ក្នុង​កិច្ច​ចាប់ផ្ដើម​​ដំបូង​នេះ យើង​សង្ឃឹម​ថា​អាច​ជួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ​បង្កើត​​វត្តមាន​របស់​ខ្លួន​នៅ​​លើ​អ៊ីនធឺណិត​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ឲ្យ​ពួកគេ​អាច​ដោះស្រាយ​បាន​នូវ​ឧបសគ្គ​បច្ចេកទេស និង​​បញ្ហា​ជា​ច្រើន​ផ្សេងៗ​​របស់​ពួកគេ​បាន​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​ស្រី​ ម៉ាណាវី បាន​មាន​ប្រសាសន៍​អំពី​ព្រឹត្តិការណ៍​កន្លង​មក​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ និង​​បាន​សង្កត់​ធ្ងន់​ពី​​តួនាទី​​ដ៏​មាន​សារ​សំខាន់​នៃ ICT ដែល​អាច​​បង្កើន​សមត្ថភាព​របស់​ពួកគេ​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ។ លោក​ស្រី ម៉ាណាវី ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ដែល​បាន​ចូលរួម​ ព្រមទាំង​បាន​សម្ដែង​ពី​ការ​ដឹង​គុណ​ដល់​មូលនិធិ DEF និង .NGO សម្រាប់​​ចិត្ត​សប្បុរស​របស់​ពួកគេ ។
ជា​បន្ទាប់​ទៀត លោក Devendra Singh ប្រធាន​គម្រោង - ICT for Masses Asia & Africa និង​តំណាង​មក​ពី​មូលនិធិ Digital Empowerment Foundation (DEF) បាន​មាន​ប្រសាសន៍​អំពី​ ICT នៅ​កម្រិត​ថ្នាក់​អន្តរជាតិ និង​បាន​ពន្យល់​ពី​​វិធីសាស្ត្រ​​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ ICT សម្រាប់​ការ​អភិវឌ្ឍ​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​​បាន​ធ្វើ​ដោយ​ជោគជ័យ​រួចមក​ហើយ​នៅ​ក្នុង​ប្រទេស​​ដូចជា បង់ក្លាដេស នេប៉ាល់ ប៊ូតាន់ ​ស្រីលង្កា និង​ឥណ្ឌា ហើយ​កម្ពុជា​ជា​ប្រទេស​ទី ៦ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចការ​នេះ ។ លោក Devendra Singh បាន​គ្រោង​របៀប​វារៈ​សម្រាប់​ថ្ងៃ​​សិក្ខាសាលា​នេះ និង​​បាន​ផ្ដល់​ព័ត៌មាន​អំពី​​វិធីសាស្ត្រ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​គួរ​បង្កើត​តំបន់បណ្ដាញ​របស់​​ពួកគេ និង​មុខងារ​ជាច្រើន​នៃ​តំបន់បណ្ដាញ​ដែល​អាច​​ជួយ​បម្រើការងារ ជាពិសេស លោក​បាន​​ពន្យល់​ពី​​អត្ថប្រយោជន៍​ទាំង ១០ នៃ​ការ​ប្រើប្រាស់​តំបន់បណ្ដាញ​ ដែល​មាន​​ការ​កសាង​តម្លាភាព ការ​ស្នើ​សុំ​ថវិកា ការ​កាត់បន្ថយ​ការ​ចំណាយ និង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ។ ក្រោយ​មក​ទៀត​នៅ​ក្នុង​សិក្ខាសាលា​នេះ លោក Singh បាន​ប្រមូល​ព័ត៌មាន​អំពី​កម្រិត​ ICT ពី​គ្រង់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​​បង្រៀន​ពួកគេ​​​អំពី​របៀប​បង្កើត​តំបន់បណ្ដាញ​របស់​ពួកគេ​ដោយ​ផ្ដល់​​ឲ្យ​ពួកគេ​នូវ​សេចក្ដី​ណែនាំ​មួយ​ជំហាន​ម្ដង​​យ៉ាង​មាន​ទេពកោសល្យ ។ លោក​ក៏​បាន​ពន្យល់​ទៀត​ថា សិក្ខាសាលា​នេះ​នឹង​ផ្ដល់​ឲ្យ​អ្នក​ចូលរួម​នូវ​សេវាកម្ម​ជា​ច្រើន​​ដូចជា​ ឈ្មោះ​ដែន​សម្រាប់​តំបន់បណ្ដាញ​របស់​ពួកគេ សេវាកម្ម​បង្ហោះ​តំបន់បណ្ដាញ ការ​រចនា​តំបន់បណ្ដាញ ការ​ផ្ទុក​មាតិកា​ព័ត៌មាន ប្រព័ន្ធ​បណ្ដាញ eNGO សម្រាប់​​ស្ថាប័ន​​ជា​ដៃគូ ជំនួយ​តាម​អ៊ីមែល​ ២៤ ម៉ោង និង​កម្មវិធី​បណ្ដុះបណ្ដាល ICT ។ ល។ លោក​ក៏​បាន​​បើក​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បាន​ផ្ដល់​​ព័ត៌មាន​ដែល​ទាក់ទង​យ៉ាង​សំខាន់​ដល់​អង្គការ​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើប្រាស់​តំបន់បណ្ដាញ​ថ្មី​របស់​ពួកគេ​ដោយ​ប្រសិទ្ធភាព ។​

លោក​ស្រី ញ៉ែម សុជាតា ជំនួយការ​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Heifer International បាន​​សម្ដែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​រៀបចំ​សិក្ខាសាលា​នេះ ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ សិក្ខាសាលា​នេះ​បាន​ផ្ដល់​សារប្រយោជន៍​ជា​ច្រើន​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​អាច​ជួយ​ពួកគេ​​យល់ដឹង​បន្ថែម​អំពី​បច្ចេកវិទ្យា​ដែល​រួមមាន​ ការ​សរសេរ​សារ​ជា​អត្ថបទ ការ​ចូល​ទៅ​កាន់​ព័ត៌មាន​យ៉ាង​ងាយស្រួល ។ ជាពិសេស អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ទាន់​មាន​​តំបន់បណ្ដាញ​អាច​មាន​ឱកាស​បង្កើត​តំបន់បណ្ដាញ​របស់​ខ្លួន​ដោយ​មិន​ចំណាយ​សម្រាប់​ដែន និង​សេវាកម្ម​បង្ហោះ​សម្រាប់​រយៈពេល​១ឆ្នាំ​កន្លះ និង​ពួកគេ​អាច​បង្កើន​​ចំណេះដឹង​របស់​ពួកគេ​ទាក់ទង​នឹង​ការ​ប្រើប្រាស់ ICT ។ លោក​ស្រី​​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិទ្យាស្ថាន​បើក​ទូលាយ និង​មូលនិធិ Digital Empowerment Foundation នឹង​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ និង​​​​សិក្ខាសាលា​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ផ្ដល់​ជូន​ដល់​អង្គការ​របស់​លោក​ស្រី និង​អង្គការ​ផ្សេងៗ​ទៀត​ផង​ដែរ ។ លោក​ស្រី​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ និង​ដៃគូ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ។
នៅ​អំឡុង​ពេល​សិក្ខាសាលា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​បាន​សួរ​សំណួរ​អំពី​តំបន់បណ្ដាញ​ ជាពិសេស​​ទាក់ទង​នឹង​ផែនការ​ចំណាយ និង​របៀប​​ក្នុង​ការ​បន្ត​ដំណើរការ​តំបន់បណ្ដាញ​បន្ទាប់​ពី​ដែន​ដែល​បាន​ផ្ដល់​ដោយ DEF ផុត​កំណត់ ។ អ្នក​ចូលរួម​មួយ​ចំនួន​ក៏​បាន​សួរ​សំណួរ​​ទាក់ទង​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​បន្ត​រក្សា​ទំនាក់ទំនង​នៅ​ក្នុង​សហគមន៍ eNGO បន្ទាប់​ពី​បញ្ចប់​សិក្ខាសាលា និង​​សំណួរ​ជា​បន្ត​បន្ទាប់​​អំពី​តំបន់បណ្ដាញ​ថ្មី​របស់​ពួកគេ ។ នៅ​ក្នុង​អំឡុង​ពេល​នេះ លោក​ស្រី ម៉ាណាវី និង​លោក Singh បាន​ផ្ដល់​ដល់​អ្នក​ចូលរួម​នូវ​ព័ត៌មាន​ជាក់លាក់​បន្ថែម​ទៀត​ដែល​ទាក់ទង​នឹង​តម្លៃ និង​របៀប​​បន្ត​ដំណើរការ​តំបន់បណ្ដាញ​របស់​ពួកគេ ។

លោក​បណ្ឌិត Raymond Leos, សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​​វិទ្យាស្ថាន​បើក​ទូលាយ បាន​ផ្ដល់​សន្ទរកថា​បិទ​សិក្ខាសាលា​ស្ដីពី "ការ​បង្កើត​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​កាន់តែ​ខ្លាំងក្លា​សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល"។ កាលបរិច្ឆេទ: ២៩ វិច្ឆិកា ២០១៣។ រូបថត​ដោយ: វិទ្យាស្ថាន​បើក​ទូលាយ

លោក​បណ្ឌិត Raymond Leos ជា​សមាជិក​​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ធ្វើ​សេចក្ដី​សង្ខេប​ពី​សិក្ខាសាលា​ដោយ​​ថ្លែង​អំណរគុណ​ដល់​អ្នក​ចូលរួម​ទាំងអស់ និង​ធ្វើ​ការ​សង្កត់​ធ្ងន់​ជា​ថ្មី​ម្ដង​ទៀត​​នៃ​ការ​កើន​ឡើង​យ៉ាង​លឿន​​​ក្នុង​ការ​អភិវឌ្ឍ​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​​នៅ​លើ​សកលលោក ព្រមទាំង​សារសំខាន់​នៃ​សិទ្ធិ​មនុស្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​បន្ត​រក្សា​និន្នាការ​នេះ ។ លោក​បណ្ឌិត Leos បាន​ពន្យល់​ទៀត​ថា យុវជន​​ គឺ​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​នៅ​ថ្ងៃ​អនាគត ហើយ​​បច្ចេកវិទ្យា​ គឺ​ជា​មធ្យោបាយ​ដ៏​មាន​​ប្រសិទ្ធភាព​បំផុត​​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​ពួកគេ ។រ

សរុប​សេចក្ដី​មក សិក្ខាសាលា​នេះ​​បាន​ប្រព្រឹត្តិ​ទៅ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ក្រៃលែង​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន ។ សិក្ខាសាលា​នេះ​ដំណើរការ​ទៅ​ដោយ​រលូន ហើយ​វាគ្មិន​នីមួយៗ​ក៏​បាន​ជួយ​យ៉ាង​យកចិត្ត​ទុកដាក់​ក្នុង​ការ​ផ្ដល់​​បទ​ពិសោធន៍ ក៏ដូចជា​ព័ត៌មាន​សំខាន់ៗ​អំពី​តំបន់បណ្ដាញ និង​បច្ចេកវិទ្យា​ព័ត៌មាន​ដល់​សិក្ខាកាម​ទាំងអស់ ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​បាន​​យល់ដឹង​ជា​ច្រើន​​​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​របស់​ពួកគេ និង​​ហាក់​ដូច​​ជា​អាច​បង្កើន​កម្រិត​​នៃ​ភាព​ជោគជ័យ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​តាមរយៈ​ការ​ប្រើប្រាស់​តំបន់បណ្ដាញ​របស់​ពួកគេ ព្រមទាំង​​បំណិន​ដែល​ទទួល​បាន​ថ្មីៗ​ពី​សិក្ខាសាលា​នេះ ។
អ្នក​ចូលរួម​​បាន​អញ្ជើញ​មក​ពី​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ដូចជា​មក​ពី​​អង្គការ​អនាគត​កុមារ​រុងរឿង (CBF) វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) វិទ្យាស្ថាន​មេគង្គ សិក្សា​ស្រាវជ្រាវ​បរិស្ថាន និង​សង្គម (MESRI) មជ្ឈមណ្ឌល​យុវជន​ដើម្បី​ការ​អភិវឌ្ឍ (YCD) ទូរទស្សន៍​ហង្ស​មាស Mekong Social Environment Farmer Development Association (KFDA), សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA), សមាគម​ឥន្ទ្រ​ទេវី (IDA), សមាគម​យុវជន​ខ្មែរ (KYA), យុវជន​ដើម្បី​ការ​អភិវឌ្ឍ (YFD), សមាគម​កម្ពុជា​ដើម្បី​ការ​អភិវឌ្ឍ​ប្រជាជន​ក្រីក្រ (CADPP), ដៃគូ​យុវជន​ក្នុង​ការ​អភិវឌ្ឍ និង​សន្តិភាព (YPDP), ទូរទស្សន៍ CNC, គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន - ក្រសួង​មហាផ្ទៃ, អង្គការ​ស្ត្រី​ខ្មែរ (SKO), អង្គការ​អភិរក្ស និង​អភិវឌ្ឍ​កម្ពុជា (CDCam), គណៈកម្មាធិការ​ស្ត្រី​កម្ពុជា (Cambow), អង្គការ​កម្ពុជា​អប់រំ និង​ថែទាំ​ជំងឺ​អេដស៍ (CHEC), សមាគម​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (DARE) , អង្គការ​អរុណរៈ (AR), Economic Development Community Organization (EDCO), Cambodia Domestic Worker Network (CDWN), មូលនិធិ​កុមារ​ពិការ (KPF), មជ្ឈមណ្ឌល​ស្ត្រី​កម្ពុជា (WMC), CARAM, ទស្សនាវដ្ដី​នគរ​ធំ, ក្រសួង​កិច្ចការ​នារី, សមាគម​កាយឫទ្ធិ​នារី​កម្ពុជា (GGAC), Hagar, Increase Health for Poor People (IHPPO), Heifer International-Cambodia, Help Age Cambodia (HAC), សមាគម​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា (CITA), មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​នៃ​ជន​ពិការ​ភ្នំពេញ (PPCIL), មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM/VoD), សភា​យុវជន​បៃតង (GYA of KYSD), អង្គការ​​អភិវឌ្ឍន៍​​សហគមន៍ (CODO), Family Caricature Development Community (FADC), វិទ្យុ​អាស៊ី​អាគ្នេយ៍ FM 106 MHz, One World UK, សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា (CICA), មជ្ឈមណ្ឌល​សំឡេង​ស្ត្រី​ខ្មែរ (KWVC), មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR), Digital Empowerment Foundation (DEF) និង​វិទ្យាស្ថាន​បើក​ទូលាយ ។ និង​អ្នក​ចូលរួម​មក​ពី​តាម​បណ្ដា​ខេត្ត​ដូចជា បាត់ដំបង ក្រចេះ បន្ទាយ​មាន​ជ័យ កោះកុង កណ្ដាល តាកែវ និង​កំពុង​ស្ពឺ ។

សម្រាប់​ព័ត៌មាន​​បន្ថែម​ជា​ភាសា​អង់គ្លេស សូម​ចុចទីនេះ


លោកស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ផ្ដល់​សន្ទរកថា​ស្វាគមន៍​ដល់​អ្នក​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី “បង្កើត​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​កាន់តែ​ខ្លាំងក្លា​សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល”។

កាលបរិច្ឆេទ៖ ២៩ វិច្ឆិកា ឆ្នាំ ២០១៣
រូបថត​ដោយ វិទ្យាស្ថាន​បើក​ទូលាយ
លោក Devendra Singh, ប្រធាន​គម្រោង—ICT for Masses Asia & Africa, អ្នក​តំណាង​មក​ពី DEF បាន​ពន្យល់​​អ្នក​ចូលរួម​អំពី​ដំណើរការ​នៃ​ការ​បង្កើត​តំបន់បណ្ដាញ​។
កាលបរិច្ឆេទ៖ ២៩ វិច្ឆិកា ឆ្នាំ ២០១៣
រូបថត​ដោយ វិទ្យាស្ថាន​បើក​ទូលាយ
រូបភាព​ទាំងស្រុង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី "ការ​បង្កើត​វត្តមាន​នៅ​លើ​បណ្ដាញ​កាន់តែ​ខ្លាំងក្លា​សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល" នៅ​ឯ​សណ្ឋាគារ​សាន់វេ។

កាលបរិច្ឆេទ៖ ២៩ វិច្ឆិកា ឆ្នាំ ២០១៣
រូបថត​ដោយ វិទ្យាស្ថាន​បើក​ទូលាយ
កម្ពុជា