កម្មវិធី​បារខែម​បាត់ដំបង​បាន​បញ្ចប់​ដោយ​ជោគជ័យ

​​​​​សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែមបាត់ដំបង​​។ បាត់ដំបងថ្ងៃ​ទី​២៥ ​ខែឧសភា ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp Page Facebook ២៩ ឧសភា ២០១៣-បាត់ដំបង៖ ​សិក្ខាកាម​ចំនួន​៧០០​នាក់​ មក​ពី​៧ខេត្ត/ក្រុង​ មាន​ដូច​ជា៖ ខេត្ត​សៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​កំពង់​ចាម ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​រាជធានី​ភ្នំពេញ​បាន​ចូល​រួម​កម្មវិធី​បារខែម​បាត់ដំបង​​​​ ដែល​បាន​រៀប​ចំ​ឡើង​នៅ​សាកលវិទ្យាល័យ​បៀលប្រា​សាខា​ខេត្ត​បាត់ដំបង​ ចាប់​ពី​ថ្ងៃ​ទី​២៥-២៦ ខែ​ឧសភា ឆ្នាំ២០១៣។ កម្មវិធី​នេះ​បាន​រៀបចំឡើង​ដោយ​បាន​សហការ​ជាមួយ សាកលវិទ្យាល័យ​បៀលប្រា​សាខា​ខេត្ត​បាត់ដំបង ក្រោម​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​ អន្តរជាតិ(USAID) តាម​រយៈ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​(OI) អង្គការ​InSTEDDiLab និង​បណ្ដាល​ក្រុម​ហ៊ុន​មាន​ដូច​ជា៖ ក្រុមហ៊ុន​Online ក្រុមហ៊ុន Cellcard ក្រុមហ៊ុន ក្រុមហ៊ុន Sabay ក្រុមហ៊ុន LG ក្រុមហ៊ុន Mobile Phone magazine ក្រុមហ៊ុន Electronic World Magazine ក្រុមហ៊ុន TITB និង​ក្រុមហ៊ុនCheat Mon ព្រម​ទាំង​មាន​ការ​ចូល​រៀបចំ​ដោយ​ស្ម័គ្រចិត្ត​ពី​ក្រុម​សិស្ស​ និស្សិត​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​។ កម្មវិធី​នេះ​បាន​នាំមក​នូវ​ការ​ជួបជុំ និង​​ចែក​រំលែក​ចំណេះ​ដឹង​ របប​គំហើញ បច្ចេកវិទ្យា និង​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ​ពី​សំណាក់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា(IT) វ័យក្មេង អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម​ អ្នក​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ និង​វ៉ិបសាយ អ្នក​បង្កើត​ប្លុក​ ម្ចាស់​អាជីវកម្ម សហគ្រិន អ្នក​ជំនាញ​ផ្នែក​ទីផ្សារ។​
 
​ ​​​​លោក បេ ចន្ត្រា ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី​ពិព័រណ៍​​កម្មវិធី​បារខែម​២០១៣ កំពុង​​បង្ហាញ​​របាយ​ការណ៍​អំពី​បារខែម​បាត់ដំបង​​។ បាត់ដំបងថ្ងៃ​ទី​២៥ ​ខែឧសភា ឆ្នាំ២០១៣ រូប​ភាព៖​ ពី​Sivngim ngounលោក បេ ចន្ត្រា ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី​ពិព័រណ៍​​កម្មវិធី​បារខែម​២០១៣ បាន​​ឡើង​បង្ហាញ​​របាយ​ការណ៍​អំពី​បារខែម​បាត់ដំបង​​បាន​អោយ​ដឹង​ថា ​​នេះ​ជា​លើក​ទី​១ ដែល​កម្មវិធី​បារខែម​បាត់ដំបង​បាន​រៀបចំឡើង​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​កម្មវិធី​តាម​រយៈ​ទស្សនាវដ្ដី​ទូរស័ព្ទ អេឡិចត្រូនិក​វើល តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ដែល​មាន​អ្នក​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​វ៉ិបសាយ​មាន​ជាង​១១៥០នាក់។​
 
កញ្ញា​ហេង​ ចាន់​ថេង​ប្រធាន​កម្មវិធី​SPICE នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ កម្មវិធី​នេះ​ថា"​កម្មវិធី​ពិព័រណ៍ និង​ចែក​រំលែក​ចំណេះ​ដឹង​បារខែម​បាត់ដំបង​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ ត្រចះត្រចង់​មួយ ដែល​អង្គការ​យើង​ខ្ញុំ​ជឿ​ជាក់​ថា​តាម​រយៈ​សកម្មភាព ស្ម័គ្រចិត្ត​ចែករំលែក​ចំណេះ​ដឹង និង​ការ​បង្កើត​ជា​បណ្ដាញ​ បង្កើត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ក្នុង​ការ​ឈឺ​ឆ្អាល និង​ចែក​រំលែក​គ្នា​ទៅវិញ​ទៅមក ដែល​នេះ​ជា​បច្ច័យ​ក្នុង​កសាង​វប្បធម៌​វិជ្ជមាន​ដែល​អាច​ឲ្យ​មនុស្ស​រស់​នៅ​ សុខដុមរមនា ហើយ​ជា​បច្ច័យ​ដែល​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយ​ចំណេះដឹង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាមរយៈ​បច្ចេកវិទ្យា​ទំនើប។..."
 
គួរ​បញ្ជាក់​ផង​ដែល​ថា​កម្មវិធី​បាខែម​​ឆ្នាំ​២០១៣ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ទី​២​ក្នុង​ខេត្ត​បាត់​ដំបង ដែល​លើក​ទី​១​បាន​រៀបចំ​ឡើង​ក្នុង​ខេត្ត​សៀមរាប​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​។
 
​អត្ថបទ​ដែល​ទាក់ទង 
 

  1. កម្មវិធី​ពិព័រណ៍​បារខែម​បាត់ដំបង​ជាភាសារ​អង្គគ្លេស​
  2. កម្មវិធី​ពិព័រណ៍​បារខែម​អង្គរ
  3. កម្មវិធី​SPICE​ពង្រឹង​ការ​គាំទ្រ​​ដល់​កម្មវិធី​បារខេម​(BarCamp)

 
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖​ http://bb.barcampcambodia.org/ និង​ https://www.facebook.com/BarCampBattambang 
 
 
 

កម្ពុជា

Category: