កម្មវិធី​ពិព័រណ៍​បារខែម​អង្គរ​

​​​​​សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែម​អង្គរ​។ សៀមរាប​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp Page Facebookសៀមរាប៖ ការ​ពី​ថ្ងៃ​ទី​២៣ ២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣ កម្មវិធី​បារខែម​អង្គរ​បាន​​​សហការ​ជា​មួយ​សាកលវិទ្យាល័យ​South East Asia ​និង​ដៃ​គូ​សហគមន៍​ មាន​ដូច​ជា​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ(OI) សមាគម ​យុវជន​ខ្មែរ(KYA)​ និង​អង្គការ​ក្រុម​ព្រឹក្សា​យុវជន​កម្ពុជា​​(YCC) ​បានរៀបចំ​កម្មវិធី​ពិព័រណ៍ ​​ចែក​រំលែក​ចំណេះ​ដឹង​លើ​ផ្នែក​បច្ចេកវិទ្យា​សារ​គមនាគមន៍ និង​ព័ត៌មាន​វិទ្យា(ICT) ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពី​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) តាម​រយៈកម្មវីធី​(SPICE)របស់ ​​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ ក្រុម​ហ៊ុន Cellcard ក្រុម​ហ៊ុន Online ក្រុមហ៊ុន​សប្បាយ ក្រុមហ៊ុន​Ione ក្រុមហ៊ុន​ទស្សនាវដ្ដី​ទូរស័ព្ទ ក្រុមហ៊ុន​ទស្សនាវដ្ដី​អេឡិចត្រូនិក ក្រុម​ហ៊ុនIdses Media ក្រុម​ហ៊ុន​TITB វិទ្យាស្ថាន​InSTEDD សមាគម​ភាសា​ខ្មែរ​ និង​បច្ចេកវិទ្យា​ និង​ក្រុម​ហ៊ុន​KASPERSKY​។​ សិក្ខាកាម​​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​មាន​ចំនួន​ប្រមាណ​​៧០០​នាក់ ​​ ដែល​សិក្ខាកាម​ចំនួន​២៥០​នាក់​​មក​ពី​ក្រុង​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​កំពង់ចាម ខេត្ត​កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ ហើយ​ចំនួន​៤៥០នាក់​មក​ពី​ខេត្ត​សៀមរាប។ កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​​សាកលវិទ្យាល័យ South East Asia ក្រុង​សៀមរាប​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​បើក​កម្មវិធី ​ក្រោម​អធិបតីភាព​​​ឯកឧត្ដម​ ម៉ៅ​ វុឌ្ឍី ទី​ប្រឹក្សា​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ជា​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប។ 
 
លោក បេ ចន្ត្រា ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី​ពិព័រណ៍​​កម្មវិធី​បារខែម​២០១៣ បាន​​ឡើង​បង្ហាញ​​របាយ​ការណ៍​អំពី​បារខែម​អង្គរ​ ថា​កម្មវិធី​នេះ​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​គ្នា​ចែក​រំលែក​ចំណេះ​ដឹង​ជុំវិញ ​បច្ចេកវិទ្យា​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​អ្នក​ជំនាញ​តាម​បណ្ដាល ​ស្ថាប័ន ក្រុម​ហ៊ុន និង​សិស្ស និស្សិត សាស្ត្រាចារ្យ ដែល​មក​ពី​បណ្ដាល​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ាន រាជធានី​ភ្នំពេញ សៀមរាប និង​តាម​បណ្ដា​​ខេត្ត​ក្រុង​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​បាន​បញ្ជាក់​បន្ថែម​ថា​កម្មវិធី​បារខែម​អង្គរ​នេះ គឺ​ជា​ការ​រៀប​ចំជា​លើ​ទី​២នៅ​ក្នុង​​ទី​រួម​ខេត្ត​សៀមរាប ដែល​លើក​ទី១​បាន​រៀប​ចំឡើង​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​ក្នុង​ឆ្នាំ២០១២ មាន​អ្នក​ចូល​រួម​ចំនួន​៣០០នាក់ ហើយ​សម្រាប់​លើ​ទី​២នេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​៧០០នាក់។
 
មាន​ចំណាប់​អារម្មណ៍​ក្នុង​កម្មវិធី​នេះ​ដែរ កញ្ញា​ ហេង ​ចាន់​ថេង ប្រធាន​កម្មវិធី​SPICE នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​មាន​ប្រសាសន៍​ថា "​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ ជា​អង្គការ​ដែល​បាន​លើក​កម្ពស់​ដល់​ការ​អភិវឌ្ឍន៍ និង​​សេដ្ឋកិច្ច​ដែល​កន្លង​មក​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​តែង​តែ​ធ្វើ​ ការ​គាំទ្រ​ដល់​កម្មវិធី​​បារខែម​នេះ​មក​ពី​យើង​មាន​ជំនឿ​លើ​កម្លាំង​នៃ​ការ ​ស្ម័គ្រ​ចិត្ត និង​ការ​ចែក​រំលែក​ដែល​ជា​បច្ច័យ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច។ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​យល់​ឃើញ​ថា ព្រឹត្តិការ​​បារខែម​នេះ​បង្កើត​ជា​វេទិកា​ដែល​ជួយ​គាំទ្រ​ ត្រៀម​រៀប​ចំ​ និង​ផ្សារ​ភ្ជាប់​យុវជន​​ក្នុង​ការ​ សម្រេចវាសនា​របស់​គេ និង​សហគមន៍​របស់​ពួកគេ។..." ។ កញ្ញា​បាន​បន្ត​ទៀ​ថា"យោង​តាម​ជំនឿ​នេះ​ យើង​មាន​មោទនភាព​ណាស់​ដែល​បាន​នាំ​យក​ម្ចាស់​ជំនួយ​របស់​យើង​ គឺ​USAID មក​ធ្វើ​ជា​ដៃ​គូរ​ដ៏​សំខាន់​មួយ​សម្រាប់​ព្រឹត្តិការ​ទាំង​នេះ តាម​រយៈ​កម្មវិធី​SPICE ដោយ​ពង្រីក​ការ​បង្កើត​កម្មវិធី​នេះ​ឲ្យ​បាន​៥​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​តាម​ បណ្ដា​ខេត្ត​ផ្សេងៗ និង​ឧបត្ថម្ភ​ដល់​សិក្ខាកាម​ដែល​មក​ពី​បណ្ដាល​ខេត្ត​ ក្រុង​នានា​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា..." ។ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា​«កម្មវិធី​SPICE​មាន​គោល​បំណង​ផ្សព្វផ្សាយ​ បច្ចេកវិទ្យា​សម្រាប់​អត្ថប្រយោជន៍​ជួយ​ដល់​សង្គម ជាតិ​យើង និង​អ្នក​ចូល​រួម​ទាំងអស់។ ការ​គាំទ្រ​កម្មវិធី​នេះ កម្មវិធី​SPICE ក៏​មាន​គោល​បំណង​លើក​កម្ពស់​ គំនិត​បែប​ច្នៃ​ប្រឌិត ដល់​យុវជន​ដែល​ជា​សហគ្រិន អ្នក​ជំនួញ អ្នក​វិនិយោគ អ្នក​ច្នៃ​ប្រឌិត និង​សិស្ស និស្សិត​ ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មីៗ..."។ 
 
​ ​​ឯកឧត្ដម​ ម៉ៅ​ វុឌ្ឍី ទី​ប្រឹក្សា​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ជា​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែម​អង្គរ​។ សៀមរាប​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ២០១៣ រូប​ភាព៖​ ពី​BarCamp Page Facebookក្នុង​ឱកាស​បើក​កម្មវិធី​ ឯកឧត្ដម​ម៉ៅ​ វុឌ្ឍី បាន​មាន​ប្រសាសន៍​ថា​"ជា​ការ​ពិត​ហើយ​បើ​យើង​ចង​ក៏​សាង​ អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ចាំបាច់​ត្រូវ​មាន​ធនធាន​មនុស្ស​ និង​បែបផែន​ផលិតកម្ម​មួយ​ ដែល​ទំនើប​តាម​ទាន់​កាលៈទេសៈ និង​ការ​រីក​ចំរើន​នៃ​ពិភព​លោក​ ដូច្នេះ​ហើយ​ការងារ​អប់រំ​គឺ​ជា​កត្តា​គន្លឹះ​មួយ​យ៉ាង​សំខាន់​បំផុត​ក្នុង​ ការ​កសាង​នូវ​ធនធាន​មនុស្ស​ដែល​សង្គម​ទាំង​មូល​ត្រូវ​តែ​ចូល​រួម​វិនិយោគ​ ឲ្យ​បាន​យ៉ាង​ខ្លាំងក្លា..."។ ឯកឧត្ដម​បាន​បន្ត​ថា​"​ជាក់​ស្ដែង​ថ្ងៃ​នេះ​សាកលវិទ្យាល័យSouth East Asia បាន​សហការ​ជាមួយ​បារខែម​ខេមបូឌា បាន​រៀប​ចំ​នូវ​កម្មវិធី​ពិព័រណ៍​ចែក​រំលែក​ចំណេះ​ដឹង​បច្ចេកវិទ្យា​ បារខែម​អង្គរ​ឆ្នាំ​២០១៣ ដើម្បី​ផ្ដល់​នូវ​ចំណេះ​ដឹង​ ផ្ដល់​នូវ​គំនិត​ថ្មីៗ​ ក្នុង​ការ​អភិវឌ្ឍន៍​ និង​ការ​ច្នៃ​ប្រឌិត​ លើ​វេបសាយ​ និង​ទូរស័ព្ទ​ ទទួល​បាន​នូវ​បច្ចេកទេស​ និង​តិចនិក​សម្រាប់​ការ​អនុវត្ត​លើ​បច្ចេកវិទ្យា​ ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា​ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត អ្នក​អភិវឌ្ឍន៍​កម្មវិធី​ អ្នក​ទីផ្សារ​និង​ម្ចាស់​អាជីវកម្ម​ដែល​ជា​ឱកាស​មួយ​សម្រាប់​ភ្ជាប់​ ទំនាក់ទំនង​ជាមួយ​វាគ្មិន​ និង​អ្នក​ដែល​ចូល​រួម​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ និង​បណ្ដាល​ប្រទេស​អាស៊ាន​ សម្រាប់​អាជីវកម្ម​ និង​ឱកាស​​ការងារ​នានា..."។ ឯកឧត្ដម​ក៏​បាន​សង្កត់​ធ្ងន់​ថា​"ដូច្នេះ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​កម្មវិធី​ នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ឱកាស​ឲ្យ​គ្រប់​អ្នក​ពាក់​ ព័ន្ធ​ ទាំង​អស់​បាន​មក​ចូល​រួម​ជួបជុំ​គ្នា​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ បច្ចេកវិទ្យា​ ដើម្បី​អភិវឌ្ឍ​នូវ​សមត្ថភាព​ និង​ជំនាញ​ផ្នែក​បច្ចេកទេស បច្ចេកវិទ្យា​ដល់​យុវជន​កម្ពុជា​យើង​ឲ្យ​បាន​រី​ចំរើន​ដូច​បណ្ដាល​ប្រទេស​ នានា​នៅ​លើ​ពិភព​លោក​ ..."។​ 
គួរ​បញ្ជាក់​ផង​ដែល​ថា​កម្មវិធី​បាខែម នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ឡើង​​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៨ មាន​ឈ្មោះ​ថា​កម្មវិធី​បាខែម​ភ្នំពេញ ហើយ​កម្មវិធី​នេះ​បាន​រៀប​ចំ​ដំបូង​ឡើង​ដោយ​មាន​ក្រុម​ស្ម័គ្រ​ចិត្ត​មួយ​ ក្រុម​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា​សម្រាប់​ការងារ​សង្គម​ និង​ការ​ការ​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេងៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម​។
 
 

កម្ពុជា

Category: