សិក្ខាកាមជាក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីក្រសួង និងបុគ្គលិកអង្គការទទួលការបណ្ដុះបណ្ដាលពីគម្រោងលើកកម្ពស់សិទ្ធិ ទទួលព័ត៌មានដើម្បីការចូលរួមដ៏ប្រសើររបស់ស្ត្រី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ រូបថត៖ វិទ្យាស្ថានបើកទូលាយនៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១២ សម្ព័ន្ធភាពជាតិឃុំសង្កាត់បានសហការជាមួយអង្គការវិទ្យាស្ថានបើក ទូលាយរៀបចំសិក្ខាសាលាស្ដីពី « ការផ្សព្វផ្សាយលទ្ធផលវេទិកាពិភាក្សាអំពីស្ត្រី និងការចូលកាន់ព័ត៌មាន » ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងផ្សព្វផ្សាយពីលទ្ធផលនៃការពិភាក្សាវេទិកាពីរលើក ស្ដីពី « ការលើកកម្ពស់សិទ្ធិទទួលព័ត៌មានដែលទាក់ទងនឹងការបោះឆ្នោត » និង « ក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រី និងការទទួលព័ត៌មាន » ដែលបានរៀបចំឡើងកាលពី ខែ សីហា និង ខែតុលា ឆ្នាំ២០១២។ សិក្ខាសាលានេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីក្រសួង បុគ្គលិកអង្គការចំនួន៥៥ រូប ( ស្ត្រី២៤រូប និង បុរស៣១រូប )។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយថ្លែងនៅក្នុង សិក្ខាសាលានេះថា ការចូលទៅកាន់ព័ត៌មានគឺជាផ្នែកមួយនៃសិទ្ធិក្នុងការបញ្ចេញមតិ យោបល់ ដែលត្រូវបានទទួលស្គាល់ជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ទទួលស្គាល់ដោយសេចក្ដីសម្រេចចិត្តលេខ ៥៩ អនុមតិដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៦។ សិទ្ធិក្នុងការចូលទៅកាន់ព័ត៌មានក៏ដូចជាសិទ្ធិក្នុងការបញ្ចេញ មតិយោបល់មានចែងក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានគាំទ្រ (Universal Declaration of Human Rights) មាត្រា១៩ "មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពមានមតិ និងសេរីភាពក្នុងការសម្ដែងមតិ។ សិទ្ធិនេះរាប់ទាំងសេរីភាពក្នុងការប្រកាន់មតិ និងការសម្ដែងមតិ ដោយគ្មានការជ្រៀតជ្រែក ព្រមទាំងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា តាមរយៈប្រព័ន្ធឃោសនាណាមួយក៏ដោយ និងដោយឥតគិតពីព្រំដែនអ្វីឡើយ ។"
លោកស្រីក៏បានបញ្ជាក់បន្ថែមថាសិទ្ធិក្នុងការចូលទៅកាន់ព័ត៌មាន ផ្ដល់ឲ្យប្រជាពលរដ្ឋនូវសិទ្ធិស្របច្បាប់មួយក្នុងការទទួលព័ត៌មាន គ្រប់គ្រងដោយរដ្ឋាភិបាល ពាក់ព័ន្ធសេវាសាធារណៈឬ ពាក់ព័ន្ធវិស័យឯកជន។ ការចូលទៅកាន់ព័ត៌មាន គឺមានសារៈសំខាន់ណាស់សម្រាប់អភិបាលកិច្ចតាមរបៀបប្រជាធិបតេយ្យ ការចូលរួមពីសាធារណជន ការអភិវឌ្ឍសេដ្ឋកិច្ច ការការពារសិទ្ធិមនុស្ស ការជំរុញសេរីភាពព័ត៌មាន និងតម្លាភាព។ល។ លោកស្រីបន្តទៀតថា ការចូលទៅកាន់ ព័ត៌មានបានបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបញ្ចេញ និងអនុវត្តសំឡេងរបស់ខ្លួន ក៏ដូចជាការចូលរួមយ៉ាងពេញលេញនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ដែលមានផលប៉ះពាល់ដល់ជីវិតរស់នៅរបស់គេ។ នៅក្នុងសម័យICT ស្ត្រីអាចប្រើប្រាស់ព័ត៌មានសម្រាប់ការស្វែងរកការគាំទ្រ និងបង្កើតនូវការផ្សព្វផ្សាយព័ត៌មាននៅក្នុងសហគមន៍របស់ពួកគេដូច ជាយុទ្ធនាការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រត្រូវបានលើក កម្ពស់តាមរយៈនៃការប្រើប្រាស់ICT និងតាមរយៈនៃការចូលទៅកាន់ព័ត៌មានពាក់ព័ន្ធ ជាដើម។
ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកបណ្ឌិតRaymond Leos សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការវិទ្យាស្ថានបើកទូលាយ និងព្រឹទ្ធិបុរសមហាវិទ្យាល័យ សារគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានប្រសាសន៍ថា សិទ្ធិចូលទៅកាន់ព័ត៌មានត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិ ជាសិទ្ធីជាមូលដ្ឋាន នៃសិទ្ធិមនុស្ស ។
លោកបណ្ឌិតមានប្រសាសន៍បន្តថា ប្រទេសជាង៩០នៅក្នុងពិភពលោកបានអនុម័តគតិយុត្តិមួយចំនួនស្ដីពី សិទ្ធិទទួលព័ត៌មាន រួមទាំងប្រទេសភាគច្រើននៅអឺរ៉ុប ជាងពាក់កណ្ដាលនៅក្នុងទ្វីបអាមេរិកឡាទីន មានប្រទេស១៩នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រទេស៥នៅទ្វីបអាហ្វិ្រក និង មានប្រទេស២នៅក្នុងតំបន់មជ្ឈិមបូព៌ា ។ នៅក្នុងប្រទេសសមាជិកអាស៊ាន ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានត្រូវបានអនុម័ត ឬកំពុងនៅក្នុងដំណើរការអនុម័តនៅក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម។ ច្បាប់នេះត្រូវបានអនុម័តផងដែរនៅក្នុងប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសចិន។ ទោះបីជានាពេលបច្ចុប្បន្ននេះ មិនទាន់មានច្បាប់ជាក់លាក់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅក្នុង ប្រទេសកម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាល ជាមួយនឹងការលើកទឹកចិត្ត និងការគាំទ្រពីប្រទេសម្ចាស់ជំនួយ ទទួលស្គាល់ពីតម្រូវការគោលនយោបាយស្ដីពីសិទ្ធិទទួលព័ត៌មាន។
លោកបណ្ឌិតបន្តទៀតថា ឆ្នាំ២០០៤ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់នូវតម្រូវការច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មានដើម្បីបង្កើតនូវរាជរដ្ឋាភិបាលតម្លាភាព កាត់បន្ថយអំពីពុករលួយ និងលើកកម្ពស់ទំនុកចិត្តរាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋនៃ ប្រទេសកម្ពុជា។ ការតាក់តែងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានអាចបម្រើជាឧបករណ៍ មានតម្លៃក្នុងការសម្របសម្រួលរាល់សមិទ្ធផលនានានៃគោលដៅអភិវឌ្ឍ សហស្សវត្សកម្ពុជាទាក់ទងនឹងបញ្ហាស្ត្រី ដូចជាគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា៣ ( លើកកម្ពស់សមភាពយេនឌ័រ និង ពង្រឹងភាពអង់អាចដល់ស្ត្រី ) គោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា៤ (កាត់បន្ថយអត្រាមរណភាពកុមារ) និង គោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា៥ (ការលើកកម្ពស់សុខភាពមាតា) ។ ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមានប្រសិទ្ធភាពអាចបង្កើតអនាគតថ្មី សម្រាប់ប្រទេសកម្ពុជា អនាគតជាមួយគណនេយ្យភាពច្រើនជាង ប្រសិទ្ធផល និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិតទាំងអស់។ ការបង្កើតបរិស្ថាននៃការបើកចំហ និងទំនុកចិត្តចំពោះស្ថាប័នសាធារណៈ អាចបង្កើតឲ្យមានការស្វែងយល់បន្ថែម ការដឹងលឺបន្ថែម និងការចូលរួមបន្ថែមពីប្រជាពលរដ្ឋ ជាមួយសង្គមប្រកបដោយសន្តិភាព និងស្ថិរភាពបន្ថែមទៀត។
នៅក្នុងសិក្ខាសាលានេះ តំណាងគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃ លោកភាព សុភាក៏បានធ្វើការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការពង្រឹងយន្តការ ភាពជាដៃគូរក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន។ លោកភាព សុភាបានមានប្រសាសន៍ថា គម្រោងអភិបាលកិច្ចល្អមូលដ្ឋានធ្វើការក្នុងភាពជាដៃគូជាមួយ ស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ ពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និងការចែករំលែកមេរៀន បទពិសោធន៍។ គម្រោងអភិបាលកិច្ចល្អមូលដ្ឋានបានធ្វើការជាមួយអង្គការវិទ្យាស្ថាន តស៊ូមតិ និងគោលនយោបាយ (API) គ្រឹះស្ថានលទ្ធិប្រជាធិបតេយ្យសម្រាប់អភិវឌ្ឍន៍ជាតិ (DND) អង្គការផាកកម្ពុជា (Pact Cambodia) ក្នុងការផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការប្រើប្រាស់សេវារបស់ ច្រកចេញចូលតែ មួយប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ផ្សព្វផ្សាយតាមរយៈប័ណ្ណរាយការណ៍ប្រជាពលរដ្ឋ ប័ណ្ណដាក់ពិន្ទុសហគមន៍ ការផ្សព្វផ្សាយ និងវេទិកាសាធារណៈ លើកកម្ពស់ទស្សនៈនិងចំណេះដឹងទាក់ទងនឹងអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គមដល់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈវេទិកា សាធារណៈ ការផ្សព្វផ្សាយនិងការចូលរួមធ្វើផែនការអនុវត្ត និងថវិកា ការចែករំលែកព័ត៌មាន ធនធានក្នុងការអនុវត្តដើម្បីសម្រេច គោលបំណងតែមួយដែលប្រកបដោយគណនេយ្យភាព និងស្មើភាព ។
កញ្ញាកាំង សាណារី ប្រធានគម្រោងលើកកម្ពស់សិទ្ធិទទួលព័ត៌មានដើម្បីការចូលរួមដ៏ ប្រសើរសម្រាប់ស្ត្រី បានធ្វើបទបង្ហាញពីលទ្ធផលសង្ខេបវេទិកាពិភាក្សាទាំងពីរលើកស្ដី ពី « ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន (ដែលទាក់ទងនឹងការបោះឆ្នោត) សម្រាប់ស្ត្រី » និង « ក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រី និងការទទួលព័ត៌មាន » ដែលបានរៀបចំឡើងនាខែ សីហា និង ខែតុលា ឆ្នាំ២០១២ ។ កញ្ញាបានមានប្រសាសន៍ជម្រាបជូនអង្គសិក្ខាសាលាអំពីលទ្ធផលសង្ខេប វេទិកាពិភាក្សាទីមួយបង្ហាញថា ការទទួលព័ត៌មានរបស់ស្ត្រីនៅមានកម្រិតដោយសារកង្វះខាតនៃការ ផ្សព្វផ្សាយ និងយន្តការនៃការផ្សព្វផ្សាយ ភាគច្រើន ស្ត្រីមិនបានយល់ដឹងពីសារៈសំខាន់នៃព័ត៌មាន និងមិនសូវចាប់អារម្មណ៍ពីព័ត៌មាន ស្ត្រីមិនមានពេលវេលាគ្រប់គ្រាន់ កង្វះឯកសារព័ត៌មាន នីតិវិធីចុះឈ្មោះបោះឆ្នោតមានលក្ខណៈស្មុគស្មាញ ផ្លូវធ្វើដំណើរពិបាកក្នុងការទៅទទួលព័ត៌មាន ខ្វះខាតថវិកាធ្វើដំណើរ និង មានការពិបាកខាងទំនាក់ទំនង (សម្រាប់ស្ត្រីជនជាតិភាគតិច)។ ចំណេះដឹងរបស់ស្ត្រីជាទូទៅនៅមានកម្រិតបើប្រៀបធៀបជាមួយបុរស ស្ត្រីមិនបានយល់ដឹងពីសារសំខាន់នៃការបោះឆ្នោត ស្ត្រីខ្វះទំនុកចិត្ត (មិនសូវហ៊ានសួរនាំព័ត៌មាន) ពេលខ្លះស្ត្រីមិនត្រូវបានគេផ្ដល់ឱកាស ស្ត្រីមិនខ្វល់ពីព័ត៌មាននយោបាយ មធ្យោបាយចែកចាយផ្សព្វផ្សាយព័ត៌មានមិនបានផ្ដោតទៅលើបុរសឫស្ត្រី។ ទាំងនេះជាឧបសគ្គរារាំងស្ត្រីក្នុងការចូលទៅកាន់ព័ត៌មាន។ ការចូលទៅកាន់ព័ត៌មានទាក់ទងនឹងការបោះឆ្នោតអាចជួយស្ត្រីក្នុង ការធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ លើកទឹកចិត្តស្ត្រីចូលរួមក្នុងការអភិវឌ្ឍសង្គម និង ប្រទេសជាតិ លើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ពង្រឹងភាពអង់អាចទំនុកចិត្តរបស់ស្ត្រី។ កញ្ញាកាំង សាណារី បានជម្រាបជូនផងដែរពីយុទ្ធសាស្ត្រលើកកម្ពស់ការចូលទៅកាន់ព័ត៌មាន ទៅដល់ស្ត្រី ដែលអង្គវេទិកាបានលើកឡើង មានដូចជាធ្វើការផ្សព្វផ្សាយតាមរយៈការចាក់វីដេអូ មីក្រូ ក្រុមពិភាក្សា សម្រាប់ស្ត្រីនៅតាមជនបទ ទៅតាមពេលវេលាទំនេររបស់ស្ត្រី បញ្ជ្រាបការផ្សព្វផ្សាយតាមរយៈតារាកំប្លែង ពិធីករ អ្នកចម្រៀង ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ស្ត្រីតាមក្រុមហ៊ុន អង្គការ រោងចក្រ និង តាមទីផ្សារ បំពាក់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យាតាមទីសាធារណៈ លើកទឹកចិត្ត និងបណ្ដុះបណ្ដាលស្ត្រីតាមរយៈវគ្គបណ្ដុះបណ្ដាល ជំនួបប្រជុំ សិក្ខាសាលានានា។
បន្ទាប់មកកញ្ញាកាំង សាណារី បានបង្ហាញលទ្ធផលសង្ខេបវេទិកាពិភាក្សាទីពីរថា បើស្ត្រីជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ស្ត្រីទទួលបានព័ត៌មានទូលាយជាងបុរស ។ ប៉ុន្តែការទទួលព័ត៌មានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី នៅមានកម្រិតបើប្រៀបធៀបជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ជាបុរសជាពិសេសនៅតាមជនបទ តំបន់ដាច់ស្រយាល។ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីទទួលព័ត៌មានពី កិច្ចប្រជុំថ្នាក់រាជធានី /សាលាក្រុង ថ្នាក់ខណ្ឌ ពីសមាជិកភូមិ/អនុ ភូមិ ចៅសង្កាត់ ប៉ូលិសសង្កាត់ រដ្ឋបាលសង្កាត់ ស្មៀន ក្រសួងកិច្ចការនារី ពី ក្រុមគ្រួសារល។ ប្រភេទព័ត៌មាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីទទួលបាននិងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋនៅ ក្នុងឃុំ សង្កាត់ មានដូចជាព័ត៌មានទាក់ទងនឹងសុខភាព ព័ត៌មានទាក់ទងនឹងចំណាកស្រុក អំពើហិង្សាក្នុងគ្រួសារ ការបន្តពូជ ការពន្យារកំណើត ការបោះឆ្នោត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ឧបសគ្គរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីក្នុងការចូលទៅកាន់ព័ត៌មានដូចជាក្រុមប្រឹក្សា ឃុំ សង្កាត់ជាស្ត្រី ដែលទើបតែជាប់ឆ្នោតថ្មី មិនសូវបានយល់ដឹងពីសិទ្ធិអំណាច និងតួនាទី កង្វះខាតចំណេះដឹងផ្នែកកត់ត្រា ចងក្រងព័ត៌មាន ចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រព័ន្ធអ៊ីនធឺណិត មានបន្ទុកគ្រួសារ វ័យ និង សុខភាព ខ្វះភាពក្លាហាន បញ្ចេញមតិយោបល់ ផ្នត់គំនិតចាស់ សុវត្ថិភាព (ការធ្វើដំណើរទៅទីឆ្ងាយចូលរួមប្រជុំទទួលព័ត៌មាន) ។ ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រី ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបតែជាប់ឆ្នោតអាណត្តិថ្មី អំពីរបៀបការកត់ត្រា ការសរសេររបាយការណ៍ ការទុកឯកសារ ភាពជាអ្នកដឹកនាំ និងជំនាញផ្នែកបច្ចេកវិទ្យាការប្រើប្រាស់កុំព្យូទ័រ ការប្រើប្រាស់អ៊ីនធឺណិត ក្នុងការស្វែងរកព័ត៌មាន គាំទ្រថវិកាបន្ថែមដល់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសេវាផ្សព្វផ្សាយសាធារណៈឲ្យបាន ច្រើនជាងដើម្បីជួយទ្រទ្រង់ជីវិតឲ្យមានភាពប្រសើរជាង ជំរុញបង្កើតឱកាសនិងលើកទឹកចិត្តស្ត្រីចូលរួម ធ្វើសេចក្ដីសម្រេចក្នុងកិច្ចការការងារធំសំខាន់ៗឲ្យបានច្រើនដោយ ផ្លាស់ប្ដូរផ្នត់គំនិតថាការងារកំប៉ិកកំប៉ុកជារបស់ស្ត្រី គឺជាយុទ្ធសាស្ត្រដែលបានរកឃើញក្នុងវេទិកាពិភាក្សាទីពីរដើម្បី ជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីទទួលព័ត៌មានកាន់តែច្រើនឡើង។
នាឱកាសនេះ លោកស្រីសូ យ៉ាន ជាសមាជិកក្រុមប្រឹក្សាសង្កាត់កន្ទោក និងជាតំណាងសិក្ខាកាមដែលបានទទួលការបណ្ដុះបណ្ដាលពីរលើកស្ដីពី « សិទ្ធិទទួលព័ត៌មានប្រកបដោយទស្សនៈយេនឌ័រ » និង « ការប្រើប្រាស់បច្ចេកវិទ្យា សារ គមនាគមន៍ និងព័ត៌មានវិទ្យា ក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មាន » បានបង្ហាញពីចំណាប់អារម្មណ៍ឆ្លុះបញ្ចាំងដែលលោកស្រីបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលជាមួយគម្រោងលើកកម្ពស់សិទ្ធិទទួលព័ត៌មាន ដើម្បីការចូលរួមដ៏ប្រសើរសម្រាប់ស្ត្រីដោយមានប្រសាសន៍ ថា ក្រោយពីបានទទួលការបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗដូចជា សិទ្ធិទទួលព័ត៌មាន ព័ត៌មានសាធារណៈ និងព័ត៌មានឯកជន សារសំខាន់នៃសិទ្ធិទទួលព័ត៌មាន តួនាទីភារកិច្ចរបស់អាជ្ញាធរ មូលដ្ឋាន ការបើកចំហព័ត៌មាន និងដែនកំណត់នៃការលើកលែង ក្របខណ្ឌគតិយុត្តិអំពីព័ត៌មានសាធារណៈនិងដែនកំណត់ រៀបចំផែនការសកម្មភាពដើម្បីលើកកម្ពស់សិទ្ធិទទួលព័ត៌មាន អ្វីជាដំណឹង និងអ្វីជាព័ត៌មាន តើរកដំណឹងនៅឯណា ការសរសេរបែបវិជ្ជាជីវៈនិងការសរសេរបែបបញ្ចេញបញ្ចូល ផែនការសរសេររឿង ការសរសេរព័ត៌មានខ្លីចេញពីយុទ្ធនាការ កិច្ចប្រជុំ ភាពខុសគ្នារវាងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន និងអត្ថបទរបស់មន្ត្រីស្ថាប័នមួយ ការសរសេរលិខិតជូនដំណឹងដល់អ្នកសារព័ត៌មាន ច្បាប់និងក្រមសីលធម៌សម្រាប់អត្ថបទនិងរូបភាពដើម្បីជៀសវាងបណ្ដឹង តុលាការ និងការតវ៉ាពីប្រជាពលរដ្ឋ ការប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរ និងការស្វែងរកព័ត៌មានតាមអ៊ីនធឺណិតជាដើម។ ចំណេះដឹងទាំងអស់នេះបានប្រែក្លាយ ការយល់ដឹងរបស់ក្រុមប្រឹក្សាសង្កាត់ដែលពីមុនមកមិនដែលបានទទួល ចំណេះដឹងទាំងអស់នេះទាក់ទងនឹងបច្ចេកវិទ្យា សិទ្ធិទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន។
គណៈអធិបតីក្នុងសិក្ខាសាលាស្ដី « លទ្ធផលវេទិកាពិភាក្សាអំពីស្ត្រី និងការចូលទៅកាន់ព័ត៌មាន» ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ រូបថត៖ វិទ្យាស្ថានបើកទូលាយ
អ្នកចូលរួមក្នុងសិក្ខាសាលាស្គីពី « លទ្ធផលវេទិកាពិភាក្សាអំពីស្ត្រី និងការចូលទៅកាន់ព័ត៌មាន» ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ រូបថត៖វិទ្យាស្ថានបើកទូលាយ
លោកស្រី សូ យ៉ាន សមាជិកក្រុមប្រឹក្សាសង្កាត់កន្ទោកបង្ហាញពីចំណាប់អារម្មណ៍ឆ្លុះ បញ្ចាំងពីវគ្គបណ្ដុះបណ្ដាលពីរលើករបស់សិក្ខាកាម ក្នុងសិក្ខាសាលាស្ដីពី « លទ្ធផលវេទិកាពិភាក្សាអំពីស្ត្រី និងការចូលទៅកាន់ព័ត៌មាន» ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ រូបថត៖វិទ្យាស្ថានបើកទូលាយ
លោក ភាព សុភា តំណាងគម្រោងអភិបាលកិច្ចមូលដ្ឋាននៃក្រសួងមហាផ្ទៃធ្វើបទបង្ហាញពី « ការពង្រឹងយន្តការភាពជាដៃគូក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន» ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ រូបថត៖វិទ្យាស្ថានបើកទូលាយ