យុវជន​​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍

វិទ្យាស្ថានបើកទូលាយ៖បារខែម​ខ្នាត​តូច​ស្ដីពី​​យុវជន​ក្នុង​ការ​ ប្រើប្រាស់​​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​សម្រាប់​ទំនាក់ទំនង​សង្គម​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​​ កាលពី​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៣ នៅ​សាកលវិទ្យាល័យ​បៀលប្រាយ (BBU) សាខា​ខេត្ត​បន្ទាយ​មានជ័យ ។ គោលបំណង​នៃ​កម្មវិធី​បារខែម​នេះ​ គឺ​ដើម្បី​បង្កើន​​ចំណេះដឹង​របស់​យុវជន​ស្ដីពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT)

ដើម្បី ​អាច​ប្រើប្រាស់​​បណ្ដាញ​សង្គមបាន ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម ។ សិក្ខាសាលា​នេះ​មាន​អ្នក​ចូលរួម​​ចំនួន ៤៤៤ នាក់​ដែល​មក​ពី​សាកលវិទ្យាល័យ​ វិទ្យាល័យ និង​​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុង​នោះ​មាន​វាគ្មិន​ចំនួន ១១ នាក់​មក​ពី​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (OI) អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម (KYSD) សមាគម​អភិវឌ្ឍ​សុខភាព​ប្រជាជន (PHD) និង​អង្គការ​កម្ពុជា​ដើម្បី​​ជួយ​ស្ត្រី​មាន​វិបត្តិ (CWCC) ។
សិក្ខាសាលា​នេះ​មាន​រយៈពេល​មួយ​ថ្ងៃ​ពេញ ។ កម្មវិធី​​សិក្ខាសាលា​បារខែម​បាន​បែងចែក​ជា​ពីរ​វគ្គ ។ ​នៅ​ពេល​ព្រឹក​ គឺ​ជា​កម្មវិធី​បើក​សិក្ខាសាលា និង​​ណែនាំ ចំណែក​ឯ​នៅ​ពេល​រសៀល​វិញ​ សិក្ខាកាម​អាច​ចូលរួម​វគ្គ​ណា​មួយ​ទៅ​តាម​ប្រធានបទ​ដែល​ពួកគេ​ចូលចិត្ត​ ។ នៅ​ក្នុង​នោះ​ដែរ មាន​ប្រធានបទ​ចំនួន ១១ ដែល​បាន​យក​មក​បង្ហាញ​នៅ​អំឡុង​ពេល​កម្មវិធី​បារខែម​ដូចជា៖ របៀប​ប្រើ​បណ្ដាញ​សង្គម (Facebook) របៀប​ចូលរួម​ក្នុង​ការ​ពិភាក្សា​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​តាម​​បណ្ដាញ Facebook (D&D Facebook), បណ្ដាញ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា (ICT4D Cambodia Network), វិធីសាស្ត្រ​ដែល​យុវជន​អាច​ចូលរួម​តាមរយៈ​​បច្ចេកវិទ្យា, ការ​បង្កើត​វីដេអូ និង​​ការ​ថតរូប (កញ្ចក់​ថត, តួ​កាមេរ៉ា, ពណ៌, មុខងារ​ថត​នៃ​ការ​ថត​រូប និង​ការ​ថត​រូប​បែប​ទេសភាព), សារប្រយោជន៍​នៃ​ការ​ប្រើ​កម្មវិធី​ស្វែងរក​របស់ Google, របៀប​ដំឡើង​ខ្មែរ​យូនីកូដ​នៅ​ក្នុង​ទូរស័ព្ទ​ទំនើប​ប្រើ​ប្រព័ន្ធ​អេនដ្រយ​ ដោយ​មិន​ចាំបាច់​រូត, របៀប​វាយ​យូនីកូដ​ខ្មែរ និង​ប្រើ​កម្មវិធី​ផ្ទុក​ឯកសារ​​នៅ​លើ​អ៊ីនធឺណិត, របៀប​រៀបចំ​ប្រវត្តិរូប​សង្ខេប និង​ឯកសារ​អម​សម្រាប់​ការងារ និង​​ស្វែងរក​ការងារ​ត្រឹមត្រូវ, របៀប​ស្វែងរក​ព័ត៌មាន និង​ទម្រង់​បែបបទ​ពេញលេញ​ដើម្បី​ទទួល​បាន​អាហារូបករណ៍, ការ​វិវឌ្ឍ​ខ្លួន​ឯង, របៀប​ស្វែងរក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព, របៀប​ក្លាយ​ជា​អ្នក​ទំនាក់ទំនង​​ដ៏​ប៉ិនប្រសព្វ​ និង​​ភាព​ជា​អ្នក​ដឹកនាំ ។
នៅ​ក្នុង​សន្ទរកថា​ស្វាគមន៍ លោក អ៊ុច វាន់នីន មន្ត្រី​គម្រោង​នៃ​​​សមាគម​អភិវឌ្ឍ​សុខភាព​ប្រជាជន (PHD) បាន​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​អង្គការ​ វិទ្យាស្ថាន​បើក​ទូលាយ​ជាមួយ​នឹង​សមាគម​អភិវឌ្ឍ​សុខភាព​ប្រជាជន (PHD) និង​សាកលវិទ្យាល័យ​បៀលប្រាយ ។ លោក​ក៏​បាន​ធ្វើ​ការ​ពន្យល់​ដោយ​សង្ខេប​អំពី​ប្រវត្តិ​នៃ​កម្មវិធី​បារខែម និង​​ការ​ប្រារព្ធ​កម្មវិធី​បារខែម​នេះ​ដែល​មាន​ទាំង​នៅ​បរទេស និង​នៅ​ប្រទេស​កម្ពុជា​យើង​រហូត​មក​ដល់​សព្វថ្ងៃ ។
នៅ​ក្នុង​សន្ទរកថា​​ចាប់អារម្មណ៍ និង​ស្វាគមន៍ លោកស្រី សុក សុគន្ធា ប្រធាន​​គម្រោង​នៃ​កម្មវិធី​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ អភិវឌ្ឍ​តាមរយៈ​ការ​ប្រើប្រាស់​ ICT នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​សម្ដែង​​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ស្រី​​ទាក់ទង​នឹង​ការ​ចូលរួម​របស់ ​យុវជន​​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​កម្មវិធី​បារខែម​នេះ ។លោក​ស្រី​ក៏​បាន​ បន្ត​ទៀត​ថា​ បារខែម គឺ​ជា​​ព្រឹត្តិការ​មួយ​​ដែល​ធ្វើ​ឡើង​ដើម្បី​​បង្កើន​ចំណេះដឹង និង​​បំណិន​ថ្មី​ៗ​ដល់​យុវជន ។ បច្ចេកវិទ្យា​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ ។ លោកស្រី​ក៏​បាន​បន្ត​ទៀត​ថា សិក្ខាសាលា​នេះ​មាន​ប្រធានបទ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ដែល​នឹង​ត្រូវ​ លើក​យក​មក​បង្ហាញ​ដោយ​វាគ្មិន​​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់ ។ លោក​ស្រី​សង្ឃឹម​ថា​​អ្នក​ចូលរួម​នឹង​មាន​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង និង​​ចូលរួម​យ៉ាង​សកម្ម​បំផុត​​ដើម្បី​ទទួល​បាន​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង ​ ICT ភាព​ជា​អ្នក​ដឹកនាំ ការ​អភិវឌ្ឍ​ខ្លួន​ឯង​ជា​ដើម ដែល​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ជីវិត​រស់នៅ​របស់​ពួកគេ ។
នៅ​ក្នុង​សន្ទរកថា​ស្វាគមន៍ លោក ឃុត វីរៈ នាយក​​សាខា​សាកលវិទ្យាល័យ​ខេត្ត​បន្ទាយមានជ័យ បាន​សម្ដែង​ពី​ចំណាប់​អារម្មណ៍​របស់​លោក​នៅ​ក្នុង​សិក្ខាសាលា​បារខែម​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា ពិភពលោក​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​យ៉ាង​ឆាប់រហ័ស និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ។ សព្វថ្ងៃ បច្ចេកវិទ្យា​​បាន​ធ្វើ​ឲ្យ​​ប្រជាជន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ ទំនាក់ទំនង និង​ស្វែងរក​ព័ត៌មាន ចំណេះដឹង​ថ្មីៗ​ ។ល។ ប៉ុន្តែ​បច្ចេកវិទ្យា​ក៏​​​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ផង​ដែរ ប្រសិនបើ​ពួកគេ​ប្រើ​វា​នៅ​ក្នុង​ផ្លូវ​ខុស​ឆ្គង​ណា​មួយ ។ លោក​បាន​ស្នើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ ប្រើប្រាស់​​បច្ចេកវិទ្យា​ថ្មី និង​គួរ​ប្រើ​វា​នៅ​ក្នុង​ផ្លូវ​ត្រឹមត្រូវ​មួយ ។
នៅ​ក្នុង​សន្ទរកថា​​បើក​សិក្ខាសាលា លោក វ៉ៃ កេងលី អភិបាល​រង​នៃ​គណអភិបាល​​ក្រុង​សិរីសោភ័ណ បាន​សម្ដែង​ការ​កោតសរសើរ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ និង​ការ​សហការ​ដ៏​ល្អ​ប្រសើរ​រវាង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ជាមួយ​​​អង្គការ PHD និង​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​បារខែម​ខ្នាត​តូច​នេះ​​ក្នុង​គោលបំណង​ដើម្បី​ ចែករំលែក​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ថ្មីៗ ដែល​អាច​កសាង​សមត្ថភាព​របស់​យុវជន​ឲ្យ​ប្រសើរ​ឡើង ។ ប៉ុន្តែ​ លោក​ក៏​បាន​សម្ដែង​ពី​ក្ដី​បារម្ភ​ផង​ដែរ​ចំពោះ​សមាហរណកម្ម​អាស៊ាន​ដែល​ ទីផ្សារ​ការងារ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ខណៈ​ដែល​សព្វថ្ងៃ​ ​យុវជន​កម្ពុជា​មាន​ការ​យល់ដឹង​​អំពី​បច្ចេកវិទ្យា​នូវ​មានកម្រិត និង​​ការ​កសាង​សមត្ថភាព​ដែល​ពួកគេ​នឹង​ជួបប្រទះ​ការ​លំបាក​ក្នុង​ការ​ ស្វែងរក​ការងារ​​ឲ្យ​បាន​ល្អ​នៅ​ពេល​អនាគត ។ លោក​សង្ឃឹម​ថា​អ្នក​ចូលរួម​ទាំងអស់​​​មាន​ការ​យកចិត្តទុកដាក់​​​​ទទួលយក​ ចំណេះដឹង​តាមរយៈ​មេរៀន​នីមួយៗ​ពី​វាគ្មិន​ដ៏​មាន​ជំនាញ និង​បទ​ពិសោធន៍​ខ្ពស់ ព្រមទាំង​អាច​​ប្រើប្រាស់​ចំណេះដឹង​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​មាន​អត្ថប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​ខ្លួន​ឯង និង​សង្គម​ផង​ដែរ ។ ក្នុង​នាម​ជា​​អ្នក​តំណាង​ក្រុង​សិរី​សោភ័ណ លោក​​​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ចូលរួម​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា ​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​នេះ ហើយ​លោក​ក៏​បាន​ប្រសិទ្ធពរ​ដល់​អ្នក​ចូលរួម​ទាំងអស់​ឲ្យ​មាន​​អាយុ វណ្ណៈ​ សុខៈ ពលៈ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ ។
លោក​ អ៊ុន សំអាត មន្ត្រី​ចំណាក​ស្រុក​សុវត្ថិភាព​នៃ​អង្គការ​កម្ពុជា​ដើម្បី​​ជួយ​ស្ត្រី​មាន ​វិបត្តិ (CWCC) បាន​ចែករំលែក​ដល់​អ្នក​ចូលរួម​អំពី​របៀប​ស្វែងរក​ព័ត៌មាន​ដ៏​មាន​ សារប្រយោជន៍​​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​របស់​កម្មករ​ដោយ​សុវត្ថិភាព និង​ការ​ធ្វើ​ចំណាក​ស្រុក​តាម​ផ្លូវ​ច្បាប់ ។ កម្មករ​​ដែល​ធ្វើ​ចំណាកស្រុក​គួរ​យល់ដឹង​អំពី​ព័ត៌មាន​ដែល​​ទាក់ទង​នឹង​ការ​ ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ដូចជា តាម​រយៈ​​​​ស្ថាប័ន​​ស្រប​ច្បាប់ ឯកសារ​ជំនួយ ការ​ធានា លេខ​ទូរស័ព្ទ​អ្នក​ទំនាក់ទំនង ដូចជា ស្ថានទូត ឬ​សមាជិក​គ្រួសារ​ ក្នុង​ករណី​មាន​ការ​រំលោភ​ណា​មួយ​​បាន​កើត​ឡើង ។
កម្មវិធី​បារខែម​បាន​ទាក់ទាញ​​យុវជន​ជា​ច្រើន​ឲ្យ​ចូលរួម ជាពិសេស​ពួកគេ​ជា​និស្សិត​​នៃ​សាកល​វិទ្យាល័យ ។ កញ្ញា ស៊ុន សុនីតា ជា​សិស្ស​នៃ​វិទ្យាល័យ​សម្ដេច​ឪ បាន​និយាយ​ថា នាង​​ពិត​ជា​មានការ​សប្បាយ​រីករាយ និង​ចាប់អារម្មណ៍​​យ៉ាង​ខ្លាំង​ចំពោះ​​ព្រឹត្តិការណ៍​បារខែម​នេះ ។ នាង​ក៏​បាន​សម្ដែង​ពី​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ប្រធានបទ​មួយ​ចំនួន ​ផង​ដែរ ។ ប្រធានបទ​ដែល​នាង​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ គឺ​​ការ​ប្រើប្រាស់​កម្មវិធី​​អ៊ីនធឺណិត​របស់ Google (ការ​ស្វែងរក​តាមរយៈ Google និង​ឯកសារ Google) និង​ការ​បង្កើត​ឯកសារ​ជា​វីដេអូ និង​របៀប​ថត​រូប (កញ្ចក់​កាមេរ៉ា, តួ​កាមេរ៉ា, ពណ៌, មុខងារ​នៃ​ការ​ថត​រូប) ។ បន្ទាប់​ពី​នាង​ទទួល​បាន​ចំណេះដឹង​ពី​សិក្ខាសាលា​នេះ នាង​នឹង​ចែករំលែក​ដល់​មិត្តភ័ក្ដិ​ ក្រុម​គ្រួសារ​និង​ប្រជាពលរដ្ឋ​ផ្សេងៗ ។ កញ្ញា​បាន​ធ្វើការ​ស្នើ​សុំ​យ៉ាង​ទទូច​ឲ្យ​មាន​ការ​រៀបចំ​កម្មវិធី​បារខែម​​ នេះ​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ក៏​ដូចជា​​ដើម្បី​​ចែករំលែក​ចំណេះដឹង​អំពី ICT នេះ និង​កសាង​សមត្ថភាព​របស់​យុវជន​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ។
លោក វ៉ាន់ រតនៈ និស្សិត​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នេះ​ពិត​ជា​មាន​សារសំខាន់​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​​ទៅ​ ដល់​យុវជន ។ ប្រធានបទ​ដែល​លោក​ចាប់អារម្មណ៍​មាន​ដូចជា៖ សារសំខាន់​នៃ​ការ​ប្រើប្រាស់​កម្មវិធី​អ៊ីនធឺណិត​របស់ Google (ការ​ស្វែងរក និង​ Google ឯកសារ), របៀប​រៀបចំ​ប្រវត្តិរូប​សង្ខេប និង​ឯកសារ​អម​​ដែល​គួរ​ឲ្យ​ទាក់ទាញ, ការ​បង្កើត​ឯកសារ​ជា​វីដេអូ និង​របៀប​ថតរូប (ការ​ប្រើ​កញ្ចក់, តួ​កាមេរ៉ា, ពណ៌, មុខងារ​នៃ​ការ​ថតរូប) ។ លោក​ជឿជាក់​ថា លោក​អាច​អនុវត្ត​ចំណេះដឹង​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​នេះ​ដើម្បី​​​ធ្វើ​ ឲ្យ​ប្រសើរ​នូវ​សមត្ថភាព​របស់​ខ្លួន និង​ចែករំលែក​​ទៅ​ដល់​មិត្តភ័ក្ដិ​របស់​លោក​ផង​ដែរ ។ ប៉ុន្តែ គាត់​មាន​អារម្មណ៍​​ថា សិក្ខាសាលា​នេះ​មាន​រយៈពេល​ខ្លី​ពេក ។ លោក​សង្ឃឹម​ថា​កម្មវិធី​បារខែម​នឹង​បន្ត​នាំ​យក​ប្រធានបទ និង​ចំណេះដឹង​ថ្មីៗ​មក​​ចែករំលែក​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ម្ដង​ទៀត ។ លោក​​បាន​ថ្លែង​អំណរគុណ​ដោយ​ស្មោះ​ចំពោះ​អ្នក​រៀបចំ​កម្មវិធី និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ សម្រាប់​យុវជន​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ។
កម្មវិធី​បារខែម​ខ្នាត​តូច​នេះ​​ទទួល​បាន​ភាព​ជោគជ័យ និង​ផ្លែផ្កា​យ៉ាង​ខ្លាំង ។ សិក្ខាកាម​បាន​ចូលរួម​​កម្មវិធី​បារខែម​នេះ​លើស​ពី​ការ​គ្រោង​ទុក ហើយ​ពួកគេ​ភាគច្រើន​​​ចូលរួម​យ៉ាង​សកម្ម​ ។ ពួកគេ​ពិត​ជា​អាច​ទទួល​បាន​ការ​យល់ដឹង​ច្រើន​ពី​វាគ្មិន​ដែល​មាន​ជំនាញ​ ទាំងអស់ ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហការ​រវាង​វិទ្យាស្ថាន​បើក​ ទូលាយ សមាគម​អភិវឌ្ឍ​សុខភាព​ប្រជាជន (PHD) ជាមួយ​នឹង​សាកលវិទ្យាល័យ​បៀលប្រាយ​សាខា​ខេត្ត​បន្ទាយមានជ័យ ។ ព្រឹត្តិការណ៍​នេះ​ជា​សកម្មភាព​មួយ​​ក្នុង​ចំណោម​សកម្មភាព​ផ្សេងៗ​នៃ​គម្រោង "លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​តាមរយៈ​ការ​ប្រើប្រាស់ ​ ICT” ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​ The Swedish Program for ICT in Developing Regions-SPIDER នៃ​​ប្រទេស​សុយអ៊ែត​ ។ ព្រឹត្តិការណ៍​នេះ​ក៏​​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​​កម្មវិធី​ស្ថាបនា​ភាព​ ជា​ដៃគូ​ដើម្បី​បរិយាកាស​ទំនាក់ទំនង​បែប​ច្នៃប្រឌិត​ហៅ​កាត់​ថា SPICE នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​ក្រោម​ជំនួយ​ថវិកា​ពី USAID ។

រូបថត​​សកម្មភាព​នៃ​កម្មវិធី​បាខែម​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ

សម្រាប់​ព័ត៌មាន​​បន្ថែម​ជា​ភាសា​អង់គ្លេស សូម​ចុចទីនេះ


លោក វ៉ៃកេងលី អភិបាល​រង​នៃ​គណ​អភិបាល​ក្រុង​សិរី​សោភ័ណ​​ផ្ដល់​សន្ទរកថា​បើក​សិក្ខាសាលា​ នៅ​ក្នុង​កម្មវិធី​បារខែម​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

កាលបរិច្ឆេទ៖ ២០ ធ្នូ ២០១៣
រូបថត​ដោយ៖ វិទ្យាស្ថាន​បើក​ទូលាយ
លោក ឃុត វីរៈ នាយក​សាខា​សាកលវិទ្យាល័យ​បៀលប្រាយ​ខេត្ត​បន្ទាយ​មានជ័យ​ផ្ដល់​សន្ទរកថា​ ស្វាគមន៍​នៅ​ក្នុង​កម្មវិធី​បារខែម​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ។

កាលបរិច្ឆេទ៖ ២០ ធ្នូ ២០១៣
រូបថត​ដោយ៖ វិទ្យាស្ថាន​បើក​ទូលាយ

លោកស្រី សុក សុគន្ធា ប្រធាន​គម្រោង​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ផ្ដល់​​​អាវយឺត​ដល់​លោក អ៊ុច វ៉ាននីន មន្ត្រី​គម្រោង​នៃ PHD នៅ​ក្នុង​កម្មវិធី​បារខែម​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ។
កាលបរិច្ឆេទ៖ ២០ ធ្នូ ២០១៣
រូបថត​ដោយ៖ វិទ្យាស្ថាន​បើក​ទូលាយ
ទិដ្ឋភាព​ទាំងមូល​នៃ​កម្មវិធី​បើក​សិក្ខាសាលា​បារខែម​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ
កាលបរិច្ឆេទ៖ ២០ ធ្នូ ២០១៣
រូបថត​ដោយ៖ វិទ្យាស្ថាន​បើក​ទូលាយ

អ្នក​ចូលរួម​កំពុង​មើល និង​ជ្រើស​ប្រធានបទ​ដែល​ពួកគេ​ចូលចិត្ត​ដើម្បី​ចូលរួម​នៅ​ក្នុង​កម្មវិធី​ បារខែម​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ។
កាលបរិច្ឆេទ៖ ២០ ធ្នូ ២០១៣
រូបថត​ដោយ៖ វិទ្យាស្ថាន​បើក​ទូលាយ
សិក្ខាកាម ​បាន​ចូលរួម​ក្នុង​វគ្គ​​បទ​បង្ហាញ​​របស់​វាគ្មិន​ស្ដីពី​ការ​ប្រើប្រាស់​ យូនីកូដ​ខ្មែរ និង​​​ឃ្លាំង​ផ្ទុក​​​លើ​ពពក​នៅ​ក្នុង​កម្មវិធី​បារខែម​ក្នុង​ខេត្ត​បន្ទាយ​ មាន​ជ័យ ។
កាលបរិច្ឆេទ៖ ២០ ធ្នូ ២០១៣
រូបថត​ដោយ៖ វិទ្យាស្ថាន​បើក​ទូលាយ

កម្ពុជា