ប្រព័ន្ធ ផ្សព្វផ្សាយ និង ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម ចូលរួម បញ្ឈប់ អំពើ ហិង្សា​ទាក់ទង នឹង​យេនឌ័រ

លោកជំទាវ​ស៊ី​ ដេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ នារី​ មាន​មតិ​បើក​វេទិកា ភ្នំពេញ​ ៣០ ឧសភា ២០១៣ រូបភាព​៖​ អង្គការ​វិទ្យាស្ថាន បើកទូលាយវេទិកា​ ស្ដីពី"ប្រព័ន្ធ ផ្សព្វផ្សាយ និង ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម ចូលរួម បញ្ឈប់ អំពើ ហិង្សា​ទាក់ទង នឹង​យេនឌ័រ" ​ត្រូវ បាន រៀប​ចំ​ឡើង​ នៅ ភ្នំពេញ​ ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​ឧសភា ឆ្នាំ ២០១៣ ដោយ​អង្គការ​ វិទ្យា ស្ថាន​បើក​ទូលាយ​ សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី សម្ពន្ធភាព ឃុំ សង្កាត់ ព្រមទាំង​អង្គការ​ជាតិ​និង​អន្តរជាតិចំនួន៨ទៀត។ អញ្ជើញ​ចូល​រួម​​ជា​ប្រធាន​គណ​អធិបតី​ក្នុង​វេទិកា​ពិភាក្សា​មាន លោក​ជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ។
 
លោកស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ ​លើក​ឡើង​ពី​គោលបំណង​នៃ​វេទិកា​ពិភាក្សា​គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​មាន​ ការពិភាក្សា​ អំពី​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់​ទង​​នឹង​ យេនឌ័រ។ វេទិកា​នេះ​ក៏​មានការ​ពិភាក្សា​ទៅ​លើ​ការ​តាមដាន​ត្រួតពិនិត្យ​ គម្រោង​​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​រ​របស់​អង្គការ វិទ្យាស្ថាន​បើកទូលាយ​ផង​ដែរ ។ ​លោកស្រី​បាន​បន្ថែម​ថា វេទិកា​នេះ​នឹង​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​លុប​បំបាត់​ឬ​ បញ្ឈប់​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ដែល​កំពុងតែ​កើត​មាន​ឡើង​នៅ​​ក្នុង​ សង្គម​កម្ពុជា តាម​រយៈ​ការ​ជំរុញ​​ការ​ចូលរួម​របស់ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​សង្គម​ដែល​​នឹង​ត្រូវ​ ចែក​ចាយ​ព័ត៌មាន​យ៉ាង​ទូលំ​ទូលាយ​នា​ពេលនេះ ។
 
លោក ប៉ែន សាមិទ្ធី ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ មាន​ប្រសាសន៍​ថា​ វេទិកា​ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​នៅ​ថ្ងៃ​នេះ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ ខ្លាំង​ណាស់ ហើយ​ក៏​ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ដែល​អញ្ជើញ​មក​ពី​ស្ថាប័ន​ផ្សេង​គ្នា​ ទី​កន្លែង​ផ្សេង​គ្នា​ ​ចែក​រំលែក​នូវ​បទពិសោធន៍ ក៏​ដូច​ជា​ចំណេះ​ដឹង​អំពី​ថា​តើ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ បាន​​ដើរ​តួ​នាទី​យ៉ាង​ដូចម្ដេច​ក្នុង​ការ​ឃ្លាំ​មើល​ និង​​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ ។ ​លោក​បាន​ លើក​ទឹក​ចិត្ត​អ្នក​ចូលរួម​គ្រប់​គ្នា​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ ផ្សព្វផ្សាយ​សង្គម ក្នុង​ភាព​ឆ្លាតវៃ​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​ដើម្បី​បញ្ឈប់​បញ្ហា​ដ៏​ក្ដៅ​ ​គគុក​នេះ​ក្នុង​សង្គម​ជាតិ​កម្ពុជា ។ ទន្ទឹម​និង​នោះ​ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​​នូវ​ក្ដី​បារម្ភ អំពី​សមត្ថភាព និង ក្រមសីលធម៌​របស់​អ្នក​សារព័ត៌មាន និង​អ្នក​សរសេរ​គេហទំព័រ (bloggers) ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។ លោក​បាន​​​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​​គោលការណ៍​ណែនាំ​ត្រឹមត្រូវ​មួយ​ក្នុង​ ការ​ផ្សព្វផ្សាយ​បញ្ហា​​ទាក់ទង​នឹង​អំពើ​ហិង្សា​ទាក់ទង​នឹង​​យេនឌ័រ ដើម្បី​ធ្វើ​ឲ្យ​អត្ថបទ​អំពី​​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​មាន​ភាព​ ទាក់ទាញ​ការ​​អារម្មណ៍​ពី​សំណាក់​​អ្នកអាន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ បញ្ហា​នេះ ។
 
លោក ជំ ទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍ ​បើក​កម្មវិធី​វេទិកា​ ពិភាក្សា ដោយ​បាន​​ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​ នេះ​ ព្រម​ទាំង​លើក​សរសើរ​ដល់​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ ។ ​លោក​ជំទាវ​បាន​មានប្រសាសន៍ថា​ ក្នុង​នាម​លោក​ជំទាវ​​តំណាង​ឲ្យ​ក្រសួង​​​​​កិច្ចការ​នារី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោក​ជំទាវ​សូម​កោត​សរសើរ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​វេទិកា​ដ៏​មាន ប្រយោជន៍​ចំពោះ​អ្នក​ចូលរួម​ទាំងអស់​ ពី​ព្រោះ​ថា​វេទិកា​នេះ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​រួម​ចំណែក​បញ្ឈប់​ អំពើ​ហិង្សា​ទាក់ទង​ នឹង​យេនឌ័រ ​។ លោក​ជំទាវ​បាន​បញ្ជាក់​ថា" នេះ គឺ ជា ប្រធានបទ​ ដំបូង​ និង​ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​មិន​ទាន់​បាន​ធ្វើ​​ទ្បើង​ពី​មុន​មក​ទេ" ​។ លោកជំទាវ​ក៏​បន្ត​ទៀត​ផង​ដែរ​ ថា​ ដើម្បី​បញ្ឈប់​ អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​នេះ​ បាន​ វា​ទាមទារ​ឲ្យ មាន​ការ​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ពី​សំណាក់​រាជរដ្ឋាភិបាល​ និង​ ក្រសួង​កិច្ចការ​នារី​ ដើម្បី​បំពេញ​ទៅ​លើ​ច្បាប់​ នីតិ​វិធី​ និង​គោលនយោបាយ​ដែល​មាន​ស្រាប់​ ក្នុង​ការ​ជំរុញ​លើក​​កម្ពស់​ សមភាព​យេនឌ័រ​ និង​បញ្ឈប់​រាល់​ទំ​រង់​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​​។ លោកជំទាវ​បន្ត​ទៀត​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ក្រសួង​ កិច្ចការ​នារី​ ជា​អ្នក​អនុវត្ត​ទៅ​លើ​បញ្ហា​នេះ​ក្នុង​ការ​បង្កើត​​គោល​នយោបាយ​ជា​អាទិភាព​ និង​នីតិវិធី​​ ច្បាប់​ស្ដីពី​​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​កិច្ច​ការពារ​ជន​រងគ្រោះ​ ការ​រៀប​ចំ​និង​អនុវត្ត​​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​បញ្ឈប់​អំពើ​ ហិង្សា​លើ​ស្ត្រី​។ល។​
 
វេទិកា​បាន​លើក​ឡើង​នូវ​ការពិភាក្សា​សំខាន់ៗចំនួន២។ ការពិភាក្សាទី១ ស្ដីពី​ "​ពី​ច្បាប់​ ​គោលនយោបាយ​ ប្រព័ន្ធ​ផ្សព្វ ផ្សាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​ទាក់​ទង​នឹង​ យេនឌ័រ។ ការ​ពិភាក្សា​បាន​​ផ្ដោត​​សំខាន់​លើ​ភាព​ខ្លាំង​និង​ចំណុច​ដែល​គួរ​កែ​លម្អ​ ​នៃ​ច្បាប់​ និង​គោលនយោបាយ​ នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ អំពើ​ ហិង្សា​គ្រប់​រូបភាព​ទាក់ទង​នឹង​យេនឌ័រ​។​ ការ​ពិភាក្សា​ក៏​បាន​​ផ្ដោត​ លើ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សង្គម​ក្នុង​ការ​ចូល​រួម​បញ្ឈប់​អំពើ​ ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ អំពី​តួនាទី ICT ក្នុង​ការ​ចែករំលែក​ ព័ត៌មាន និង​ទិន្នន័យ​ទាក់ទង​អំពើ​ហិង្សា​ទាក់ទង​ នឹង​យេនឌ័រ​ និង​ផល​ប៉ះពាល់​នៃ​ការ​ចែក​រំលែក​ព័ត៌មាន​ដ៏​ ទូលំ​ទូលាយ​អំពី​បញ្ហា​ទាំងនេះ ​តួនាទី​របស់ ICT​ ក្នុង​ការ​ ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី​តាម​រយៈ​ផ្ដល់​ចំណេះដឹង​ និង​ការ​ផ្លាស់ប្ដូរ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម​ និង​យុទ្ធសាស្ត្រ​ នានា​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​​ដោយ​ប្រើ​ ICT​ និង​តាម​រយៈ​វិធីសាស្ត្រ​ផ្សេងៗ។ ដោយឡែក ការពិភាក្សាទី២ គឺ​ផ្ដោត​សំខាន់​លើ​ការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​គម្រោង​អំពើ​ហិង្សា​ទាក់ទង ​នឹង​យេនឌ័រ​នៃ​អង្គការ​ វិទ្យាស្ថាន​បើកទូលាយ។
 
ដើម្បី​ធ្វើ​ឲ្យ​វេទិកា​នេះ​កាន់​តែ​មាន​ភាព​ទាក់ទាញ​និង​មាន​ប្រយោជន៍​ បន្ថែម​លើ​កិច្ចពិភាក្សា​ទាំងពីរ​ខាងលើ​ វេទិកា​បាន​អញ្ជើញ​វាគ្មិន​កិត្តិយស ​​មក​ពី​ស្ថាប័ន​ផ្សេងៗ ​ ដើម្បី​ធ្វើ​បទ បង្ហាញ​ ដូចជា​លោកស្រី សុក សុគ​ន្ធា​​បាន​បង្ហាញ​ពី គម្រោង​​ទប់ស្កាត់​​អំពើ​​ហិង្សា​​ទាក់​ទង​​នឹង​យេនឌ័រ ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ដែល​បាន​ផ្ដល់​ជា​ការ​បំប៉ន​សមត្ថភាព​ក្នុង​ ចំណោម​អង្គការ​ដែល​ធ្វើ​ការទាក់ទង​នឹង​សិទ្ធិ​ស្ត្រី អ្នក​ផ្ដល់​សេវា​​ទាក់​ទង​នឹង​បញ្ហា​នេះ ក៏​ដូច​ជា​ការ​ផ្ដល់​នូវ​ចំណេះដឹង​​​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​វិធីសាស្ត្រ​នៃ​ការសិក្សា​ស្រាវជ្រាវ​ផ្ដល់​ជូន សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ មក​ពី​​​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ​ព្រម​ទាំង​រាជធានី​ភ្នំពេញ ។ លោកស្រី កេត ម៉ារឌី ប្រធាន​នាយកដ្ឋាន​កិច្ច​ការពារ​ផ្លូវ​ច្បាប់ ក្រសួង​កិច្ចការ​នារី បាន​បង្ហាញ​អំពី​ កិច្ចការពារ ផ្លូវច្បាប់ និង​គោល​នយោបាយ​ជាតិ​ក្នុង​ការបញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​។ ដោយ​លោកស្រី ចក់ សុភាព នាយក​កម្មវិធី​ នៃ​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)​ បាន​បង្ហាញ​អំពី​ ប្រព័ន្ធ ផ្សព្វផ្សាយ​សង្គម និង​ការ​រួម​ចំណែក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុង​ការចូលរួម​បញ្ឈប់​អំពើ​ហិង្សា ទាក់ទង​នឹង​យេនឌ័រ។ រី​ឯ កញ្ញា កែវ គូនីឡា​ ​អ្នក​បង្កើត​ប្លុក​ឯករាជ្យ បាន​បង្ហាញ​អំពី​​​យុវជន និង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការ​ចូល​រួម​បញ្ឈប់​​ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។
 
ថ្លែង​សុន្ទរកថា​បិទ​អង្គ​វេទិកា​ពិភាក្សា លោក ប៉ែន សាមិទ្ធី ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ របស់​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​បូក​សរុប​លទ្ធផល​នៃ​ការ​ពិភាក្សា​ និង​បាន​ផ្កាំ​​​ផ្ញើ​ប្រកប​ដោយ​អត្ថន័យ​ថា​ ការប្រើប្រាស់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​រួម ចំណែក​លើក​កម្ពស់​សុខុមាលភាព ស្ត្រី និង​កុមារ ហើយ​ជាពិសេស​គឺ​ជា​ផ្នែក​​សំខាន់​ក្នុង​ការ​រួម​ចំណែក​ អភិវឌ្ឍ​ សង្គម​ជាតិ​តាម​រយៈ​ការ​ប្រើប្រាស់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​ប្រកប​ដោយ​​ គុណធម៌​ សច្ចធម៌​ និង​ភាព​ត្រឹមត្រូវ​។ ​លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ គម្រោង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៃ​អង្គការ វិទ្យាស្ថាន​បើកទូលាយ​ ដែល​ គម្រោង​នេះ​ គឺ​ពិត​ជា​មាន​សារ សំខាន់​ក្នុង​ការបញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​។​ លោក ​បាន​ស្នើ​ឲ្យ​បណ្ដា​អង្គការ​ ដែល​មាន​បំណង​ចង់​ប្រើ​ប្រាស់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម្រាប់​រាយ​ការណ៍​អំពី​ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ​សូមឲ្យ​មាន​កិច្ច​សហការ​ជិតស្និទ្ធ​ជា​មួយ​គ្រប់​មជ្ឈដ្ឋាន ទាំង​អស់​ក្នុង​ការ​ងារ​នេះ ពីព្រោះ​ការ​ប្រើ​ប្រាស់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ជា​ឧបករណ៍​មាន​ប្រយោជន៍​និង​​​ពិត​ជា​មាន​ ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការចែក​ចាយ​ព័ត៌មាន ហើយ​​ប្រសិន​បើ​ការងារ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​នោះ​ការងារ​​បញ្ឈប់​​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​នឹង​ប្រកប​ដោយ​ផ្លែ​ ផ្កា​ល្អ។​ លោក​បាន​សង្កត់​ធ្ងន់​ថា "ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ការ​សែត​ម្នាក់ ខ្ញុំ​មាន​សេចក្ដី​រីករាយ​​រង់ចាំ​កិច្ច​សហការ​ល្អ​ក្នុង​ការ​​​បញ្ឈប់​​ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​តាម រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម"។
 
វេទិកា​ដ៏​មាន​ប្រយោជន៍​នេះ​មាន​ការ​សហការ​រៀប​ចំ​ដោយ​អង្គការ​ហេហ្វឺ​ អន្តរជាតិ​កម្ពុជា អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា(LAC) សមាគម​អភិវឌ្ឍ​សុខភាព​ប្រជាជន(PHD) អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម (KYSD) ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា(CDP) អង្គការ​អ៊ិកផាត​កម្ពុជា គណៈកម្មាធិការ នៃ អង្គការ មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ ​រើស​អើង​លើ​ស្ត្រី​ភេទ (NGO-CEDAW) សមាគម​កាយ​រិទ្ធិ នារី​កម្ពុជា។ សូម​បញ្ជាក់​ថា នេះ​ជា​វេទិកា​លើក​ទី២​ដែល​ត្រូវ បានរៀបចំដោយ គម្រោង អំពើ​ហិង្សា​ទាក់ទង​ នឹង​យេនឌ័រ(GBV Project)​ នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ វេទិកាលើកទី១ អំពី​"​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​សម្រាប់​​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ"​ ត្រូវ​បាន​រៀបចំ​​ទ្បើង នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា​ ឆ្នាំ ២០១៣​ នៅ​សណ្ឋាគារ សាន់វេ​ ដោយ​​មាន​អ្នក​ចូល​រួម​សរុប​​៥៧​រូប (ស្រ្តី​៣១ បុរស​២៦)​គឺ​ ។ វេទិកា​លើក​ទី​២​នេះ​គឺ​លើក​ឡើង​អំពី " ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ផ្សព្វផ្សាយ​សង្គម​​ចូល​រួម​បញ្ឈប់ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​" ប្រព្រឹត្ត​ទៅ​​នៅ​សណ្ឋាគារ កាំ​បូឌី​យា​ណា មាន​អ្នក​ចូល​​រួម​សរុប​ចំនួន​ ៨៩ រូប (ប្រុស ៣៥នាក់ និង៥៤នាក់ជាស្រ្តី) ដែល​​អញ្ជើញ​មក​ ពី​ក្រសួង​ អង្គការ​ជាតិ​និង​អន្តរជាតិ​ ស្ថាប័ន​មិនមែន​ រដ្ឋាភិបាល​ សមាជិក​ឃុំ/​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​ជា​គោលដៅ​របស់​គម្រោង​ ។
 
សម្រាប់​អត្ថបទ​ជា​ភាសា​អង់គ្លេស សូម​ចុច​ត្រង់​នេះ សូម​មើល​ឯកសារ​ភ្ជាប់​នៅ​ខាង​ក្រោម​អត្ថបទ រូបភាព​នៃ​វេទិកា
 

ការ ​បើក​វេទិកា​ពិភាក្សា​អំពី ប្រព័ន្ធ​ផ្សព្វ ផ្សាយ​និង​ប្រព័ន្ធ ​ផ្សព្វ​ផ្សាយ​សង្គម​ចូលរួម បញ្ឈប់​អំពើ​​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ គណៈអធិបតី ១. លោកជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការ ក្រសួង​កិច្ចការ​នារី ២.លោក ប៉ែន សាមិទ្ធី ប្រធាន​ក្លឹប​អ្នក កាសែត​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិ បាល​របស់ អង្គការ​វិទ្យាស្ថាន​បើកទូលាយ ៣.លោកស្រី ជឹម ម៉ាណាវី​នាយិកា​ប្រតិបត្តិ អង្គការ វិទ្យាស្ថាន​បើកទូលាយ ​ភ្នំពេញ ថ្ងៃទី៣០ខែ​ឧសភា ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រូបថត​ដោយ៖អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​

ទិដ្ឋភាព ​ទាំង​ស្រុង​នៃ​វេទិកា​ស្អី​ពី "ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ប្រព័ន្ធ ផ្សព្វ​ផ្សាយ​សង្គម​ចូលរួម បញ្ឈប់ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ"​ ភ្នំពេញ ថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រូបថត​ដោយ៖ អង្គការ​វិទ្យាស្ថាន បើកទូលាយ

លោកស្រី សុក សុគន្ធា ប្រធាន គម្រោង GBV ធ្វើ​បទ​បង្ហាញ​អំពី គម្រោង ការអនុវត្ត​គម្រោង និង លទ្ធផល​នៃ​ការ​អនុវត្ត គម្រោង ភ្នំពេញថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រូបថត​ដោយ៖អង្គការ​ វិទ្យាស្ថាន​បើក​ទូលាយ

​ លោក​ស្រី​ ចក់​ សុភាព នាយក​កម្មវិធី​នៃ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​បទ​បង្ហាញ​អំពី អ្វី​ទៅ​ជា ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម? តើ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម​បាន ចូល​រួម​ក្នុង​ការ​បញ្ឈប់ អំពើ​ហិង្សា​​ទាក់​ទង​នឹង​យេនឌ័រ​យ៉ាង​ដូច​ម្តេច? ភ្នំពេញ ថ្ងៃទី៣០ ខែ​ឧសភា​ឆ្នាំ២០១៣ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា រូបថត​ដោយ៖ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កញ្ញា យិត សោភ័ណ​អ្នក​សម្រប​សម្រួល​អង្គការ​Jass Sea សួរ សំណួរ​ចំពោះ​បទ​បង្ហាញ​របស់ លោក ស្រី​ កេត ម៉ារឌី ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​ក្រសួង​កិច្ចការ​នារី ថា​តើ​ត្រូវ​ដាក់​បញ្ចូល ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ ​យ៉ាងដូចម្ដេច​ទៅ​ក្នុង​ផែនការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់ VAW. ភ្នំពេញថ្ងៃទី៣០ខែ​ឧសភា ២០១៣ នៅ​សណ្ឋាគារ​កាំបូឌី យ៉ាណា រូបថត​ដោយ៖ អង្គការ​វិទ្យាស្ថាន បើកទូលាយ​​

ការ ​ពិភាក្សា​ជា​ក្រុម​ក្នុង​​វេទិកា​ពិភាក្សា​អំពី​ ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​និង​ប្រព័ន្ធ ​ផ្សព្វ​ផ្សាយ​សង្គម​ចូលរួម បញ្ឈប់​អំពើ​​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ ភ្នំពេញថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រូបថត​ដោយ៖ អង្គការ​វិទ្យាស្ថាន បើកទូលាយ

 

កម្ពុជា