- Cambodian
- English
សេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្រុមហ៊ុន Google ចេញផ្សាយទូរស័ព្ទភាសាខ្មែរដោយដាក់បញ្ចូលការបកប្រែដែលបានផ្ដល់ដោយអង្គការវិទ្យាស្ថានបើកទូលាយ
កម្មវិធី SPICE ដែលអនុវត្តដោយអង្គការវិទ្យាស្ថានបើកទូលាយ ដោយមានផ្ដល់ថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ អន្តរជាតិ (USAID) បានសហការជាមួយក្រុមហ៊ុនហ្គូហ្កល(Google) ក្នុងឆ្នាំ ២០១៣ ដើម្បីបញ្ចប់ការបកប្រែប្រព័ន្ធប្រតិបត្តិការ ទូរស័ព្ទអេនដ្រយ(Android) ជាភាសាខ្មែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានសម្រេចគោលដៅរបស់ខ្លួននៅពេលដែល មានការចេញផ្សាយកំណែ ៤.៤ (មានឈ្មោះថា KitKat) នៅចុងខែតុលា។ ក្រុមហ៊ុនហ្គូហ្កល បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក្នុងព្រឹត្តិការណ៍ Google DevFest នៅទីក្រុងភ្នំពេញ ថាកំណែដែលទើបនឹងចេញថ្មីនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទអេនដ្រយ មានភាសាខ្មែរមកជាមួយស្រាប់។
ការបកប្រែទូរស័ព្ទត្រូវបានធ្វើឡើងដោយក្រុមបកប្រែរបស់កម្មវិធី SPICE ដែលមានបទពិសោធន៍ក្នុងការបកប្រែកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទជាង ៨ ឆ្នាំមកហើយ។ នៅក្នុងឆ្នាំ ២០០៥ ក្រុមនេះបានបកប្រែទូរស័ព្ទណូគា(Nokia) លើកដំបូងជាភាសាខ្មែរ។
កំណែថ្មីនេះនឹងដាក់ឲ្យអាចទាញយកមកប្រើពី Google Play Storeសម្រាប់គ្រប់ទូរស័ព្ទម៉ាក Nexus ក៏ដូចជាម៉ាក Samsung Galaxy S 4។ មានការពឹងថាផលិតករសំខាន់ៗទាំងអស់នឹងដាក់បញ្ចូលកំណែប្រព័ន្ធ ប្រតិបត្តិការអេនដ្រយថ្មីនេះទៅក្នុងឧបករណ៍ទូរស័ព្ទដៃថ្មីៗ ព្រមទាំងធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូរស័ព្ទដៃដែលមានស្រាប់ ដែលជាលទ្ធផលអនុញ្ញាតិឲ្យការប្រើប្រាស់ភាសាខ្មែរក្នុងទូរស័ព្ទធ្វើ ទៅបាន ។
ការគាំទ្រភាសាខ្មែរដោយប្រព័ន្ធប្រតិបត្តិការអេនដ្រយ បានដាក់បញ្ចូលកំណែពុម្ពអក្សរចុងក្រោយបំផុតឈ្មោះថាណូកូរ៉ា (Nokora) ដែលបានបង្កើតឡើងដោយលោក ដាញ់ ហុង អ្នកជំនាញធ្វើពុម្ពអក្សរជនជាតិខ្មែរដែលបានអភិវឌ្ឍពុម្ពអក្សរ សំខាន់ៗបំផុតសម្រាប់ភាសាខ្មែរ រួមមានពុម្ពអក្សរស៊េរី ខ្មែរអូអែស(KhmerOS) ដែលបានឧបត្ថម្ភថវិកាដោយអង្គការវិទ្យាស្ថានបើកទូលាយ ដែលការណ៍នេះបានបានជំរុញឲ្យមានការប្រើប្រាស់ភាសាខ្មែរជាទូទៅ និងធ្វើឲ្យមានជាស្តង់ដារក្នុងប្រើប្រាស់ភាសាខ្មែរក្នុងកុំព្យូទ័រ នាទសវត្សចុងក្រោយនេះ។ ពុម្ពអក្សរណូកូរ៉ា ត្រូវបានរចនាឡើងជាពិសេសសម្រាប់បង្ហាញភាសាខ្មែរក្នុងទូរស័ព្ទ ចល័ត។
អេនដ្រយ ៤.៤ (KitKat) រួមបញ្ចូលក្ដារចុចខ្មែរ។ អ្នកប្រើប្រាស់ដែលពេញចិត្តគ្រាប់ចុចធំក្នុងក្ដារចុចរបស់ពួកគេអាច ទាញយកក្ដារចុចណាមួយក្នុងចំណោមក្ដារចុចដែលបានបង្កើតឡើងដោយ អង្គការវិទ្យាស្ថានបើកទូលាយ (មាននៅក្នុង Google Play)។
ក្រុមហ៊ុន LG និង Samsung បានផ្ដល់ការបកប្រែសម្រាប់ទូរស័ព្ទអេនដ្រយ មួយចំនួនរួចហើយដែលទូរស័ព្ទទាំងនេះមានលក់លើទីផ្សារក្នុងប្រទេស កម្ពុជា។ ការបកប្រែស្តង់ដារដែលបានផ្ដល់តាមរយៈក្រុមហ៊ុនហ្គូហ្កលនឹង សម្របសម្រួលក្នុងការប្រើប្រាស់ភាសាខ្មែរក្នុងទូរស័ព្ទអេនដ្រយ ជាលក្ខណៈស្តង់ដារនាពេលអនាគត។
ការសិក្សាស្រាវជ្រាវថ្មីៗនេះដែលបានធ្វើឡើងដោយអង្គការ វិទ្យាស្ថានបើកទូលាយបង្ហាញថា ទូរស័ព្ទមួយក្នុងចំណោមទូរស័ព្ទចំនួនបីក្នុងប្រទេសកម្ពុជាអាច ផ្ញើ និងទទួលសារដោយប្រើអក្សរខ្មែរ ហើយក៏បង្ហាញផងដែរថា ២២% នៃអ្នកប្រើប្រាស់ទូរស័ព្ទមានទូរស័ព្ទទំនើប។ ការសិក្សាស្រាវជ្រាវនោះក៏បានបង្ហាញផងដែរថាជាង ៧០% នៃទូរស័ព្ទទំនើបទាំងនោះបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ។
មានតែកំណែអេនដ្រយ ខ្ពស់ជាង ៤.០ ប៉ុណ្ណោះ ដែលអាចប្រើប្រាស់ភាសាខ្មែរមានស្រាប់ក្នុងទូរស័ព្ទ ។ យ៉ាងណាក៏ដោយ អង្គការវិទ្យាស្ថានបើកទូលាយបានអភិវឌ្ឍកម្មវិធីជាច្រើនដែលធ្វើឲ្យ ទូរស័ព្ទដំណើរការដោយអេនដ្រយ (គ្រប់កំណែ) អាចផ្ញើ និងទទួលសារខ្លីៗជាភាសាខ្មែរ ព្រមទាំងចូលមើលតំបន់បណ្ដាញ ឬពិគ្រោះពាក្យក្នុងវចនានុក្រមជាភាសាខ្មែរ។ កម្មវិធីទាំងនេះអាចទាញយកមកប្រើពីឃ្លាំង Google Play ។
ការដាក់បញ្ចូលភាសាខ្មែរក្នុងទូរស័ព្ទអេនដ្រយ គឺជាការបោះជំហានទៅមុខដ៏សំខាន់ចំពោះគោលបំណងរបស់អង្គការ វិទ្យាស្ថានបើកទូលាយដែលត្រូវប្រាកដថា ៩០% នៃទូរស័ព្ទក្នុងប្រទេសកម្ពុជាអាចផ្ញើ ឬទទួលសារសារខ្លី ជាភាសាខ្មែរមុនដំណាច់ឆ្នាំ ២០១៥ ។ សមត្ថភាពនេះគឺជាគន្លឹះមួយសម្រាប់ប្រជាជនកម្ពុជាអាចប្រើប្រាស់ បច្ចេកវិទ្យានេះដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាដោយលុបបំបាត់ ការសរសេរភាសាខ្មែរដោយប្រើអក្សរឡាតាំងដែលជាទម្រង់សរសេរដែលមាន កម្រិត និងមិនអាចយល់ដោយប្រជាជនកម្ពុជាភាគច្រើន ។