វិទ្យាស្ថានបើកទូលាយ៖ សិក្ខាសាលា eNGO ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នៅឯសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាមួយនឹងអង្គការដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាដែលមានឈ្មោះថា Digital Empowerment Foundation (DEF) ព្រមជាមួយនឹងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះថា Public Interest Registry (.ORG)
។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីអប់រំអង្គការក្រៅរដ្ឋាភិបាលអំពីគោលគំនិតនៃ eNGO និងសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់ការអភិវឌ្ឍ បណ្ដុះបណ្ដាលអង្គការក្រៅរដ្ឋាភិបាលឲ្យចេះប្រើប្រាស់ ICT និងបង្ហាញដល់ពួកគេអំពីផលប្រយោជន៍នៃការប្រើប្រាស់ ICT សម្រាប់អង្គការរបស់ពួកគេ និងការបង្កើតតំបន់បណ្ដាញសម្រាប់អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអប់រំពួកគេអំពីរបៀបប្រើប្រាស់តំបន់បណ្ដាញរបស់ពួកគេឲ្យមានប្រសិទ្ធភាពបំផុត ក៏ដូចជាសារសំខាន់នៃតំបន់បណ្ដាញក្នុងការពង្រីកសក្ដានុពលរបស់ខ្លួន ។ អ្នកចូលរួមអញ្ជើញមកពីភ្នំពេញ និងតាមបណ្ដាខេត្ត ។ សិក្ខាសាលានេះបានផ្ដល់ការបណ្ដុះបណ្ដាលដល់អង្គការក្រៅរដ្ឋាភិបាលដែលមិនទាន់ចាប់ផ្ដើមប្រើបច្ចេកវិទ្យាឌីជីថល និង ICT សម្រាប់ការងាររបស់ពួកគេ ឬអង្គការដែលមិនទាន់មានតំបន់បណ្ដាញ ឬអង្គការដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីសារសំខាន់នៃឧបករណ៍បច្ចេកវិទ្យា ICT ដើម្បីអាចប្រើប្រាស់វាបានឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។ ការស្វែងយល់អំពីរបៀបប្រើប្រាស់ឧបករណ៍ ICT បានផ្ដល់ឲ្យអង្គការដែលចូលរួមនូវលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមមនុស្សជាច្រើន រៀបចំព័ត៌មានរបស់ពួកគេ និងផ្ដល់ព័ត៌មានដល់សាធារណៈជនអំពីការងាររបស់ពួកគេឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។ ជាចុងក្រោយ សិក្ខាសាលានេះបានធ្វើការដើម្បីជួយអង្គការក្រៅរដ្ឋាភិបាលបង្កើតអត្តសញ្ញាណរបស់ខ្លួននៅលើអ៊ីនធឺណិតកាន់តែខ្លាំងក្លា ដើម្បីឲ្យពួកគេអាចពុះពារបាននូវឧបសគ្គបច្ចេកវិទ្យា និងបញ្ហាជាច្រើនផ្សេងៗទៀតរបស់ពួកគេបានដោយប្រសិទ្ធភាពខ្ពស់ ។ សិក្ខាសាលាបានផ្ដល់នូវការបង្កើតតំបន់បណ្ដាញដោយឥតគិតថ្លៃដល់អង្គការក្រៅរដ្ឋាភិបាលនីមួយៗដែលមិនទាន់មានតំបន់បណ្ដាញ និងផ្ដល់ឲ្យអង្គការក្រៅរដ្ឋាភិបាលនីមួយៗនូវដែន និងសេវាកម្មបង្ហោះដោយឥតគិតថ្ងៃសម្រាប់រយៈពេលមួយឆ្នាំ ។
នៅក្នុងសន្ទរកថារបស់លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានថ្លែងអំណរគុណដល់អង្គការវិទ្យាស្ថានបើកទូលាយដែលបានរៀបចំព្រឹត្តិការណ៍នេះ និងលោកជំទាវបានសម្ដែងពីសេចក្ដីសោមនស្សរីករាយដែលបានចូលរួមពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍នេះ ដែលលោកជំទាវគិតថា វាជាការជួយបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) និងជួយដល់សមភាពយេនឌ័រ ។ លោកជំទាវ ឡុង សុផល្លី បានមានប្រសាសន៍អំពីស្ថានភាពនៃសិទ្ធិស្ត្រីនៅក្នុងប្រទេសកម្ពុជា និងបានផ្ដល់មតិយោបល់អំពីទិដ្ឋភាពទូទៅនៃបញ្ហាជាច្រើនដែលស្ត្រីជួបប្រទះនៅក្នុងសង្គមកម្ពុជា ។ លោកជំទាវក៏បានប្រាប់អ្នកចូលរួមអំពីគោលបំណងរបស់ក្រសួងកិច្ចការនារីក៏ដូចជាការងារសំខាន់ៗដែលក្រសួងបានកំពុងធ្វើដើម្បីធ្វើឲ្យប្រសើរនូវសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការងារជាមួយព្រឹត្តិបត្រព័ត៌មានសង្គម ដើម្បីលើកកម្ពស់សិទ្ធិស្ត្រី ការស្ថាបនាទីក្រុងបៃតងសម្រាប់ស្ត្រីក្នុងការធ្វើឲ្យប្រសើរនូវការប្រែប្រួលអាកាសធាតុ និងការងារដើម្បីធ្វើឲ្យប្រសើរនូវគោលនយោបាយក្នុងការបង្កើនចំនួនស្ត្រីធ្វើការងារនៅក្នុងរឿងនយោបាយ។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិនៃអង្គការវិទ្យាស្ថានបើកទូលាយ បានសម្ដែងការស្វាគមន៍អ្នកចូលរួមទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ និងបានអធិប្បាយពីសារសំខាន់នៃ ICT សម្រាប់ជួយដល់ការងាររបស់អង្គការក្រៅរដ្ឋាភិបាល និងនៅក្នុងសង្គមកម្ពុជា ។ លោកស្រីក៏បានបន្តទៀតដោយមានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃបច្ចេកវិទ្យាបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ដែលជាមូលដ្ឋានដើម្បីទទួលបានការយល់ដឹង និងអាចប្រើប្រាស់ធនធាននានា ។ មានអង្គការក្រៅរដ្ឋាភិបាលចំនួនជាង ៣០០០ អង្គការនៅក្នុងប្រទេសកម្ពុជា តែទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃអង្គការទាំងនេះមិនទាន់ចេះប្រើ ICT និងខ្លះមិនទាន់មានតំបន់បណ្ដាញនោះទេ ។ ឧទាហរណ៍ ក្នុងចំណោម ៩០ អង្គការដែលជាសមាជិកនៃគណៈកម្មការអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាដែលធ្វើការស្ដីពីសន្ធិសញ្ញាលុបបំបាត់រាល់ទម្រង់រើសអើងលើស្ត្រី (NGO-CEDAW) គឺមានតែ ៤៣ អង្គការប៉ុណ្ណោះ ដែលមានតំបន់បណ្ដាញផ្ទាល់ខ្លួន ។ អង្គការក្រៅរដ្ឋាភិបាលដែលនៅសល់កំពុងមានវត្តមាននៅលើអ៊ីនធឺណិតពេញលេញ ។ វាជាការលំបាកណាស់សម្រាប់អង្គការក្រៅរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មានដល់ក្រុមមនុស្សដែលមានសក្ដានុពល លទ្ធភាពចូលទៅប្រើប្រាស់ព័ត៌មាន រៀបចំព័ត៌មាន និងផ្ដល់ព័ត៌មានដល់សាធារណៈជនបានពេញលេញ អំពីការងាររបស់ពួកគេនឹងមានដែនកំណត់ ប្រសិនបើមិនមានឧបករណ៍ដ៏សំខាន់ទាំងនេះទេ (ឧបករណ៍ ICT) ។ អង្គការក្រៅរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេសកម្ពុជាមានភារកិច្ចសំខាន់ក្នុងការអភិវឌ្ឍសង្គមរបស់ខ្លួន ហើយនៅក្នុងកិច្ចចាប់ផ្ដើមដំបូងនេះ យើងសង្ឃឹមថាអាចជួយអង្គការក្រៅរដ្ឋាភិបាលទាំងនេះបង្កើតវត្តមានរបស់ខ្លួននៅលើអ៊ីនធឺណិតកាន់តែខ្លាំងឡើង ដើម្បីឲ្យពួកគេអាចដោះស្រាយបាននូវឧបសគ្គបច្ចេកទេស និងបញ្ហាជាច្រើនផ្សេងៗរបស់ពួកគេបានដោយប្រសិទ្ធភាពខ្ពស់ ។ លោកស្រី ម៉ាណាវី បានមានប្រសាសន៍អំពីព្រឹត្តិការណ៍កន្លងមករបស់អង្គការវិទ្យាស្ថានបើកទូលាយ និងបានសង្កត់ធ្ងន់ពីតួនាទីដ៏មានសារសំខាន់នៃ ICT ដែលអាចបង្កើនសមត្ថភាពរបស់ពួកគេក្នុងការធ្វើឲ្យមានការផ្លាស់ប្ដូរ ។ លោកស្រី ម៉ាណាវី ក៏បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ដែលបានចូលរួម ព្រមទាំងបានសម្ដែងពីការដឹងគុណដល់មូលនិធិ DEF និង .NGO សម្រាប់ចិត្តសប្បុរសរបស់ពួកគេ ។
ជាបន្ទាប់ទៀត លោក Devendra Singh ប្រធានគម្រោង - ICT for Masses Asia & Africa និងតំណាងមកពីមូលនិធិ Digital Empowerment Foundation (DEF) បានមានប្រសាសន៍អំពី ICT នៅកម្រិតថ្នាក់អន្តរជាតិ និងបានពន្យល់ពីវិធីសាស្ត្រក្នុងការធ្វើឲ្យប្រសើរ ICT សម្រាប់ការអភិវឌ្ឍរបស់អង្គការក្រៅរដ្ឋាភិបាល ដែលបានធ្វើដោយជោគជ័យរួចមកហើយនៅក្នុងប្រទេសដូចជា បង់ក្លាដេស នេប៉ាល់ ប៊ូតាន់ ស្រីលង្កា និងឥណ្ឌា ហើយកម្ពុជាជាប្រទេសទី ៦ ដែលបានចូលរួមនៅក្នុងកិច្ចការនេះ ។ លោក Devendra Singh បានគ្រោងរបៀបវារៈសម្រាប់ថ្ងៃសិក្ខាសាលានេះ និងបានផ្ដល់ព័ត៌មានអំពីវិធីសាស្ត្រដែលអង្គការក្រៅរដ្ឋាភិបាលគួរបង្កើតតំបន់បណ្ដាញរបស់ពួកគេ និងមុខងារជាច្រើននៃតំបន់បណ្ដាញដែលអាចជួយបម្រើការងារ ជាពិសេស លោកបានពន្យល់ពីអត្ថប្រយោជន៍ទាំង ១០ នៃការប្រើប្រាស់តំបន់បណ្ដាញ ដែលមានការកសាងតម្លាភាព ការស្នើសុំថវិកា ការកាត់បន្ថយការចំណាយ និងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ ក្រោយមកទៀតនៅក្នុងសិក្ខាសាលានេះ លោក Singh បានប្រមូលព័ត៌មានអំពីកម្រិត ICT ពីគ្រង់អង្គការក្រៅរដ្ឋាភិបាល និងបង្រៀនពួកគេអំពីរបៀបបង្កើតតំបន់បណ្ដាញរបស់ពួកគេដោយផ្ដល់ឲ្យពួកគេនូវសេចក្ដីណែនាំមួយជំហានម្ដងយ៉ាងមានទេពកោសល្យ ។ លោកក៏បានពន្យល់ទៀតថា សិក្ខាសាលានេះនឹងផ្ដល់ឲ្យអ្នកចូលរួមនូវសេវាកម្មជាច្រើនដូចជា ឈ្មោះដែនសម្រាប់តំបន់បណ្ដាញរបស់ពួកគេ សេវាកម្មបង្ហោះតំបន់បណ្ដាញ ការរចនាតំបន់បណ្ដាញ ការផ្ទុកមាតិកាព័ត៌មាន ប្រព័ន្ធបណ្ដាញ eNGO សម្រាប់ស្ថាប័នជាដៃគូ ជំនួយតាមអ៊ីមែល ២៤ ម៉ោង និងកម្មវិធីបណ្ដុះបណ្ដាល ICT ។ ល។ លោកក៏បានបើកឲ្យមានសំណួរជាច្រើនពីអង្គការក្រៅរដ្ឋាភិបាល និងបានផ្ដល់ព័ត៌មានដែលទាក់ទងយ៉ាងសំខាន់ដល់អង្គការអំពីរបៀបដែលពួកគេអាចប្រើប្រាស់តំបន់បណ្ដាញថ្មីរបស់ពួកគេដោយប្រសិទ្ធភាព ។
លោកស្រី ញ៉ែម សុជាតា ជំនួយការនាយកប្រចាំប្រទេសនៃអង្គការ Heifer International បានសម្ដែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរៀបចំសិក្ខាសាលានេះ ។ លោកស្រីបានមានប្រសាសន៍ថា សិក្ខាសាលានេះបានផ្ដល់សារប្រយោជន៍ជាច្រើនទាំងអង្គការជាតិ និងអន្តរជាតិ ដែលអាចជួយពួកគេយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យាដែលរួមមាន ការសរសេរសារជាអត្ថបទ ការចូលទៅកាន់ព័ត៌មានយ៉ាងងាយស្រួល ។ ជាពិសេស អង្គការក្រៅរដ្ឋាភិបាលដែលមិនទាន់មានតំបន់បណ្ដាញអាចមានឱកាសបង្កើតតំបន់បណ្ដាញរបស់ខ្លួនដោយមិនចំណាយសម្រាប់ដែន និងសេវាកម្មបង្ហោះសម្រាប់រយៈពេល១ឆ្នាំកន្លះ និងពួកគេអាចបង្កើនចំណេះដឹងរបស់ពួកគេទាក់ទងនឹងការប្រើប្រាស់ ICT ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានបើកទូលាយ និងមូលនិធិ Digital Empowerment Foundation នឹងនាំយកបច្ចេកវិទ្យាថ្មីៗ និងសិក្ខាសាលាដែលទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិតផ្ដល់ជូនដល់អង្គការរបស់លោកស្រី និងអង្គការផ្សេងៗទៀតផងដែរ ។ លោកស្រីក៏បានថ្លែងអំណរគុណដល់អង្គការវិទ្យាស្ថានបើកទូលាយ និងដៃគូដែលពាក់ព័ន្ធក្នុងការរៀបចំសិក្ខាសាលានេះឡើង ។
នៅអំឡុងពេលសិក្ខាសាលាអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានសួរសំណួរអំពីតំបន់បណ្ដាញ ជាពិសេសទាក់ទងនឹងផែនការចំណាយ និងរបៀបក្នុងការបន្តដំណើរការតំបន់បណ្ដាញបន្ទាប់ពីដែនដែលបានផ្ដល់ដោយ DEF ផុតកំណត់ ។ អ្នកចូលរួមមួយចំនួនក៏បានសួរសំណួរទាក់ទងនឹងធ្វើយ៉ាងណាដើម្បីបន្តរក្សាទំនាក់ទំនងនៅក្នុងសហគមន៍ eNGO បន្ទាប់ពីបញ្ចប់សិក្ខាសាលា និងសំណួរជាបន្តបន្ទាប់អំពីតំបន់បណ្ដាញថ្មីរបស់ពួកគេ ។ នៅក្នុងអំឡុងពេលនេះ លោកស្រី ម៉ាណាវី និងលោក Singh បានផ្ដល់ដល់អ្នកចូលរួមនូវព័ត៌មានជាក់លាក់បន្ថែមទៀតដែលទាក់ទងនឹងតម្លៃ និងរបៀបបន្តដំណើរការតំបន់បណ្ដាញរបស់ពួកគេ ។
លោកបណ្ឌិត Raymond Leos ជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការវិទ្យាស្ថានបើកទូលាយ បានធ្វើសេចក្ដីសង្ខេបពីសិក្ខាសាលាដោយថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ និងធ្វើការសង្កត់ធ្ងន់ជាថ្មីម្ដងទៀតនៃការកើនឡើងយ៉ាងលឿនក្នុងការអភិវឌ្ឍឌីជីថលនៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោក ព្រមទាំងសារសំខាន់នៃសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលបន្តរក្សានិន្នាការនេះ ។ លោកបណ្ឌិត Leos បានពន្យល់ទៀតថា យុវជន គឺជាគន្លឹះនៃការអភិវឌ្ឍនៅថ្ងៃអនាគត ហើយបច្ចេកវិទ្យា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយដល់ពួកគេ ។រ
សរុបសេចក្ដីមក សិក្ខាសាលានេះបានប្រព្រឹត្តិទៅទទួលបានភាពជោគជ័យយ៉ាងក្រៃលែងក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ។ សិក្ខាសាលានេះដំណើរការទៅដោយរលូន ហើយវាគ្មិននីមួយៗក៏បានជួយយ៉ាងយកចិត្តទុកដាក់ក្នុងការផ្ដល់បទពិសោធន៍ ក៏ដូចជាព័ត៌មានសំខាន់ៗអំពីតំបន់បណ្ដាញ និងបច្ចេកវិទ្យាព័ត៌មានដល់សិក្ខាកាមទាំងអស់ ។ អង្គការក្រៅរដ្ឋាភិបាលនីមួយៗបានយល់ដឹងជាច្រើនតាមរយៈវគ្គបណ្ដុះបណ្ដាលរបស់ពួកគេ និងហាក់ដូចជាអាចបង្កើនកម្រិតនៃភាពជោគជ័យរបស់ខ្លួននៅថ្ងៃអនាគតតាមរយៈការប្រើប្រាស់តំបន់បណ្ដាញរបស់ពួកគេ ព្រមទាំងបំណិនដែលទទួលបានថ្មីៗពីសិក្ខាសាលានេះ ។
អ្នកចូលរួមបានអញ្ជើញមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដូចជាមកពីអង្គការអនាគតកុមាររុងរឿង (CBF) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) វិទ្យាស្ថានមេគង្គ សិក្សាស្រាវជ្រាវបរិស្ថាន និងសង្គម (MESRI) មជ្ឈមណ្ឌលយុវជនដើម្បីការអភិវឌ្ឍ (YCD) ទូរទស្សន៍ហង្សមាស Mekong Social Environment Farmer Development Association (KFDA), សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), សមាគមឥន្ទ្រទេវី (IDA), សមាគមយុវជនខ្មែរ (KYA), យុវជនដើម្បីការអភិវឌ្ឍ (YFD), សមាគមកម្ពុជាដើម្បីការអភិវឌ្ឍប្រជាជនក្រីក្រ (CADPP), ដៃគូយុវជនក្នុងការអភិវឌ្ឍ និងសន្តិភាព (YPDP), ទូរទស្សន៍ CNC, គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន - ក្រសួងមហាផ្ទៃ, អង្គការស្ត្រីខ្មែរ (SKO), អង្គការអភិរក្ស និងអភិវឌ្ឍកម្ពុជា (CDCam), គណៈកម្មាធិការស្ត្រីកម្ពុជា (Cambow), អង្គការកម្ពុជាអប់រំ និងថែទាំជំងឺអេដស៍ (CHEC), សមាគមស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ច (DARE) , អង្គការអរុណរៈ (AR), Economic Development Community Organization (EDCO), Cambodia Domestic Worker Network (CDWN), មូលនិធិកុមារពិការ (KPF), មជ្ឈមណ្ឌលស្ត្រីកម្ពុជា (WMC), CARAM, ទស្សនាវដ្ដីនគរធំ, ក្រសួងកិច្ចការនារី, សមាគមកាយឫទ្ធិនារីកម្ពុជា (GGAC), Hagar, Increase Health for Poor People (IHPPO), Heifer International-Cambodia, Help Age Cambodia (HAC), សមាគមបច្ចេកវិទ្យាព័ត៌មានកម្ពុជា (CITA), មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM/VoD), សភាយុវជនបៃតង (GYA of KYSD), អង្គការអភិវឌ្ឍន៍សហគមន៍ (CODO), Family Caricature Development Community (FADC), វិទ្យុអាស៊ីអាគ្នេយ៍ FM 106 MHz, One World UK, សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA), មជ្ឈមណ្ឌលសំឡេងស្ត្រីខ្មែរ (KWVC), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), Digital Empowerment Foundation (DEF) និងវិទ្យាស្ថានបើកទូលាយ ។ និងអ្នកចូលរួមមកពីតាមបណ្ដាខេត្តដូចជា បាត់ដំបង ក្រចេះ បន្ទាយមានជ័យ កោះកុង កណ្ដាល តាកែវ និងកំពុងស្ពឺ ។
សម្រាប់ព័ត៌មានបន្ថែមជាភាសាអង់គ្លេស សូមចុចទីនេះ
|
|
|