- Cambodian
- English
សកម្មភាពរបស់សិក្ខាកាម ក្នុងឱកាសបើកកម្មវិធីពិព័រណ៍កម្មវិធីបារខែមអង្គរ។ សៀមរាបថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ រូបភាព៖ ពីBarCamp Page Facebookសៀមរាប៖ ការពីថ្ងៃទី២៣ ២៤ ខែកុម្ភៈ ឆ្នាំ២០១៣ កម្មវិធីបារខែមអង្គរបានសហការជាមួយសាកលវិទ្យាល័យSouth East Asia និងដៃគូសហគមន៍ មានដូចជាអង្គការវិទ្យាស្ថានបើកទូលាយ(OI) សមាគម យុវជនខ្មែរ(KYA) និងអង្គការក្រុមព្រឹក្សាយុវជនកម្ពុជា(YCC) បានរៀបចំកម្មវិធីពិព័រណ៍ ចែករំលែកចំណេះដឹងលើផ្នែកបច្ចេកវិទ្យាសារគមនាគមន៍ និងព័ត៌មានវិទ្យា(ICT) ក្រោមការឧបត្ថម្ភថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈកម្មវីធី(SPICE)របស់ អង្គការវិទ្យាស្ថានបើកទូលាយ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Online ក្រុមហ៊ុនសប្បាយ ក្រុមហ៊ុនIone ក្រុមហ៊ុនទស្សនាវដ្ដីទូរស័ព្ទ ក្រុមហ៊ុនទស្សនាវដ្ដីអេឡិចត្រូនិក ក្រុមហ៊ុនIdses Media ក្រុមហ៊ុនTITB វិទ្យាស្ថានInSTEDD សមាគមភាសាខ្មែរ និងបច្ចេកវិទ្យា និងក្រុមហ៊ុនKASPERSKY។ សិក្ខាកាមដែលបានចូលរួមក្នុងកម្មវិធីនេះមានចំនួនប្រមាណ៧០០នាក់ ដែលសិក្ខាកាមចំនួន២៥០នាក់មកពីក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ហើយចំនួន៤៥០នាក់មកពីខេត្តសៀមរាប។ កម្មវិធីនេះបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ South East Asia ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមបើកកម្មវិធី ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ វុឌ្ឍី ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
លោក បេ ចន្ត្រា ប្រធានគណៈកម្មការរៀបចំកម្មវិធីពិព័រណ៍កម្មវិធីបារខែម២០១៣ បានឡើងបង្ហាញរបាយការណ៍អំពីបារខែមអង្គរ ថាកម្មវិធីនេះជាព្រឹត្តិការណ៍ជួបជុំគ្នាចែករំលែកចំណេះដឹងជុំវិញ បច្ចេកវិទ្យាដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញតាមបណ្ដាល ស្ថាប័ន ក្រុមហ៊ុន និងសិស្ស និស្សិត សាស្ត្រាចារ្យ ដែលមកពីបណ្ដាលប្រទេសផ្សេងក្នុងតំបន់អាស៊ាន រាជធានីភ្នំពេញ សៀមរាប និងតាមបណ្ដាខេត្តក្រុងផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ជាក់បន្ថែមថាកម្មវិធីបារខែមអង្គរនេះ គឺជាការរៀបចំជាលើទី២នៅក្នុងទីរួមខេត្តសៀមរាប ដែលលើកទី១បានរៀបចំឡើងនៅសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០១២ មានអ្នកចូលរួមចំនួន៣០០នាក់ ហើយសម្រាប់លើទី២នេះ មានអ្នកចុះឈ្មោះចូលរួមប្រមាណ៧០០នាក់។
មានចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះដែរ កញ្ញា ហេង ចាន់ថេង ប្រធានកម្មវិធីSPICE នៃអង្គការវិទ្យាស្ថានបើកទូលាយបានមានប្រសាសន៍ថា "អង្គការវិទ្យាស្ថានបើកទូលាយ ជាអង្គការដែលបានលើកកម្ពស់ដល់ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចដែលកន្លងមកអង្គការវិទ្យាស្ថានបើកទូលាយតែងតែធ្វើ ការគាំទ្រដល់កម្មវិធីបារខែមនេះមកពីយើងមានជំនឿលើកម្លាំងនៃការ ស្ម័គ្រចិត្ត និងការចែករំលែកដែលជាបច្ច័យយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ អង្គការវិទ្យាស្ថានបើកទូលាយយល់ឃើញថា ព្រឹត្តិការបារខែមនេះបង្កើតជាវេទិកាដែលជួយគាំទ្រ ត្រៀមរៀបចំ និងផ្សារភ្ជាប់យុវជនក្នុងការ សម្រេចវាសនារបស់គេ និងសហគមន៍របស់ពួកគេ។..." ។ កញ្ញាបានបន្តទៀថា"យោងតាមជំនឿនេះ យើងមានមោទនភាពណាស់ដែលបាននាំយកម្ចាស់ជំនួយរបស់យើង គឺUSAID មកធ្វើជាដៃគូរដ៏សំខាន់មួយសម្រាប់ព្រឹត្តិការទាំងនេះ តាមរយៈកម្មវិធីSPICE ដោយពង្រីកការបង្កើតកម្មវិធីនេះឲ្យបាន៥ដងក្នុងមួយឆ្នាំនៅតាម បណ្ដាខេត្តផ្សេងៗ និងឧបត្ថម្ភដល់សិក្ខាកាមដែលមកពីបណ្ដាលខេត្ត ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា..." ។ កញ្ញាបានបញ្ជាក់បន្ថែមថា«កម្មវិធីSPICEមានគោលបំណងផ្សព្វផ្សាយ បច្ចេកវិទ្យាសម្រាប់អត្ថប្រយោជន៍ជួយដល់សង្គម ជាតិយើង និងអ្នកចូលរួមទាំងអស់។ ការគាំទ្រកម្មវិធីនេះ កម្មវិធីSPICE ក៏មានគោលបំណងលើកកម្ពស់ គំនិតបែបច្នៃប្រឌិត ដល់យុវជនដែលជាសហគ្រិន អ្នកជំនួញ អ្នកវិនិយោគ អ្នកច្នៃប្រឌិត និងសិស្ស និស្សិត ដើម្បីទាញអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ..."។
ឯកឧត្ដម ម៉ៅ វុឌ្ឍី ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងឱកាសបើកកម្មវិធីពិព័រណ៍កម្មវិធីបារខែមអង្គរ។ សៀមរាបថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ រូបភាព៖ ពីBarCamp Page Facebookក្នុងឱកាសបើកកម្មវិធី ឯកឧត្ដមម៉ៅ វុឌ្ឍី បានមានប្រសាសន៍ថា"ជាការពិតហើយបើយើងចងក៏សាង អភិវឌ្ឍន៍ប្រទេសជាតិយើងចាំបាច់ត្រូវមានធនធានមនុស្ស និងបែបផែនផលិតកម្មមួយ ដែលទំនើបតាមទាន់កាលៈទេសៈ និងការរីកចំរើននៃពិភពលោក ដូច្នេះហើយការងារអប់រំគឺជាកត្តាគន្លឹះមួយយ៉ាងសំខាន់បំផុតក្នុង ការកសាងនូវធនធានមនុស្សដែលសង្គមទាំងមូលត្រូវតែចូលរួមវិនិយោគ ឲ្យបានយ៉ាងខ្លាំងក្លា..."។ ឯកឧត្ដមបានបន្តថា"ជាក់ស្ដែងថ្ងៃនេះសាកលវិទ្យាល័យSouth East Asia បានសហការជាមួយបារខែមខេមបូឌា បានរៀបចំនូវកម្មវិធីពិព័រណ៍ចែករំលែកចំណេះដឹងបច្ចេកវិទ្យា បារខែមអង្គរឆ្នាំ២០១៣ ដើម្បីផ្ដល់នូវចំណេះដឹង ផ្ដល់នូវគំនិតថ្មីៗ ក្នុងការអភិវឌ្ឍន៍ និងការច្នៃប្រឌិត លើវេបសាយ និងទូរស័ព្ទ ទទួលបាននូវបច្ចេកទេស និងតិចនិកសម្រាប់ការអនុវត្តលើបច្ចេកវិទ្យា ជួបជាមួយអ្នកនិយមបច្ចេកវិទ្យា អ្នកប្រើប្រាស់អ៊ីនធឺណិត អ្នកអភិវឌ្ឍន៍កម្មវិធី អ្នកទីផ្សារនិងម្ចាស់អាជីវកម្មដែលជាឱកាសមួយសម្រាប់ភ្ជាប់ ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកដែលចូលរួមមកពីបណ្ដាខេត្តក្រុងក្នុងប្រទេសកម្ពុជា និងបណ្ដាលប្រទេសអាស៊ាន សម្រាប់អាជីវកម្ម និងឱកាសការងារនានា..."។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ថា"ដូច្នេះហើយខ្ញុំជឿជាក់ថាកម្មវិធី នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសឲ្យគ្រប់អ្នកពាក់ ព័ន្ធ ទាំងអស់បានមកចូលរួមជួបជុំគ្នាក្នុងការចែករំលែកចំណេះដឹង បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍនូវសមត្ថភាព និងជំនាញផ្នែកបច្ចេកទេស បច្ចេកវិទ្យាដល់យុវជនកម្ពុជាយើងឲ្យបានរីចំរើនដូចបណ្ដាលប្រទេស នានានៅលើពិភពលោក ..."។
គួរបញ្ជាក់ផងដែលថាកម្មវិធីបាខែម នៅក្នុងប្រទេសកម្ពុជាបានរៀបចំឡើងលើកដំបូងក្នុងឆ្នាំ២០០៨ មានឈ្មោះថាកម្មវិធីបាខែមភ្នំពេញ ហើយកម្មវិធីនេះបានរៀបចំដំបូងឡើងដោយមានក្រុមស្ម័គ្រចិត្តមួយ ក្រុមមានចំណង់ចំណូលចិត្តដូចគ្នាសម្រាប់ការងារសង្គម និងការការចែករំលែកចំណេះដឹងផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម។